ផ្លូវឡូរី ដំបូងគេនៅកម្ពុជា ត្រូវបានសម្ពោធ ដាក់ឲ្យដំណើរការ

  • 2018-01-01 01:12:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្លូវឡូរីមួយខ្សែ ដែលនៅ​ជាប់ជើង​ភ្នំបាណន់ ស្ថិតក្នុង​ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបាន​បើកសម្ពោធ​ដាក់ឲ្យដំណើរការ​​ជាផ្លូវការ ជា​លើក​ដំបូងគេ​បង្អស់​នៅក្នុង​ប្រទេស​កម្ពុជា ក្រោម​កិច្ចសហការ​សាងសង់​ឡើងរវាង​អាជ្ញាធរខេត្ត និង​ក្រុមហ៊ុន​ដៃគូ​អភិវឌ្ឍន៍។

ក្នុងពិធី​សម្ពោធ​​ នៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធាន​មន្ទីរទេសចរណ៍​​ខេត្តបាត់ដំបង បានឲ្យដឹងថា ផ្លូវឡូរីនេះ​មាន​ប្រវែង​ជាង ៣គីឡូម៉ែត្រ ដែល​សាងសង់​ឡើងក្នុង​គោលបំណង​ឲ្យភ្ញៀវទេសចរ ជិះឡូរី​លេង​កម្សាន្ត និង​ទស្សនា​តំបន់​ទេសចរណ៍សម្បត្តិ​វប្បធម៌ សម្បត្តិ​ធម្មជាតិ និងមើល​តំបន់​កសិទេសចរណ៍ នៅ​ជុំវិញ​ភ្នំបាណន់។

លោកបន្តថា “តម្លៃនៃការ​ជិះឡូរី​នេះ គឺភ្ញៀវខ្មែរ (មនុស្សចាស់) តម្លៃ ១ម៉ឺន​រៀល សម្រាប់​ភ្ញៀវ​អន្តរជាតិ​តម្លៃ ២ម៉ឺន​រៀល ហើយជា​គោលដៅ​បន្ត យើងនឹង​សាងសង់​ផ្លូវនេះ​ឲ្យដល់​ភ្នំសំពៅ ដែលគិតជា​រយៈ​ចម្ងាយ​ ប្រមាណ​ជាង ១៦គីឡូម៉ែត្រ”។

លោក ងួន រតនៈ អភិបាលខេត្ត​ខេត្តបាត់ដំបង បានមានប្រសាសន៍​ថា នេះជារូបភាព​តូច​ដំបូងគេ ដែលក្នុងផែនការ​គោល​របស់​ខេត្តទាំង​មូល សម្រាប់​អភិវឌ្ឍន៍​ជុំវិញភ្នំ​បាណន់ ដើម្បីបម្រើ​សេវា​វិស័យ​ទេសចរណ៍នេះ។

លោកអភិបាលខេត្ត​ បានបន្ត​ទៀតថា “អីចឹងបើ​វិស័យទេសចរណ៍នេះ​វាដំណើរការ​បាន ដែលយើង​រំពឹងទុក គឺថាបាណន់នេះ គឺជាស្រុក​ដែលសំណាង​ជាងគេ ដែលមាន​ទិសដៅ​ទេសចរណ៍​មកច្រើន​ជាងគេ ហើយ​ប្រជាពលរដ្ឋមាន​សំណាង​ ទទួលបានផល ដោយសារការរីក​ចម្រើន​នៃវិស័យ​ទេសចរណ៍​នេះឯង”។

នៅឆ្នាំ២០១៧ មានភ្ញៀវទេសចរណ៍​ជាតិ និងអន្តរជាតិ បានទៅ​កម្សាន្ត​នៅខេត្ត​បាត់ដំបង​មាន​ជាង​ ៦១ម៉ឺន​នាក់ កើនឡើង ១,៣៦ភាគរយ បើធៀប​ទៅនឹង​ឆ្នាំ ២០១៦ ដែល​ក្នុងនោះ ភ្ញៀវបារាំង​ជាប់លេខ១ អាមេរិក​លេខ២ និងថៃ​លេខ៣៕

ប្រភព៖ ដើមអម្ពិល ប្រែ​សម្រួល៖ សុខ សុវត្ថិ

អត្ថបទថ្មី
;