រឿង​រន្ធត់​ទាំង​១០ ដែល​នឹង​កក្រើក​ក្នុង​ឆ្នាំ​២០១៨​នេះ

  • 2018-01-07 08:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចំពោះ​អ្នក​ចូលចិត្ត​ភាព​យន្ត​បែប​​រន្ធត់​ ក្នុង​ឆ្នាំ​២០១៨​នេះ ​នឹង​មិន​ខក​ចិត្ត​ទេ​។ សាច់​រឿង​បែប​​រន្ធត់​ថ្មីៗ​ និង​សែស្រឡាយ​ភាពយន្ត​ល្បីៗ​ដូច​ជា​ "The Nun” និង "The Purge” សុទ្ធ​តែ​មាន​វត្តមាន​នៅ​ឆ្នាំ​នេះ​ទាំង​អស់។ ​សាច់​រឿង​ដែល​ទាក់​ទង​នឹង​ការ​សម្លាប់​ លង​បន្លាច​ និង​រឿង​អាថ៌កំបាំង​ជា​ច្រើន​នឹង​​ត្រូវ​បង្ហាញ​ក្នុង​ភាពយន្ត​អស់​ទាំង​នេះ។

នេះ​ជា​បណ្ដា​រឿង​រន្ធត់​ទាំង​១០​ដែល​នឹង​កក្រើក​ក្នុង​ឆ្នាំ ២០១៨៖

១. “Truth or Dare” បញ្ចាំង​ខែ​ឧសភា​

តារា​សម្ដែង​ល្បីៗ​ដូច​ជា Tyler Posey ពី​រឿង​ភាគ​ "Teen Wolf” និង Lucy Hale ពី​ក្នុង​រឿង​ភាគ "Pretty Little Liars” នឹង​មក​ជួប​គ្នា​ក្នុង​សាច់​រឿង​នេះ​ ដែល​និយាយ​អំពី​វិញ្ញាណ​ដ៏​កាច​សាហាវ​មួយ​បង្ហាញ​ខ្លួន​ក្រោយ​ពួក​គេ​លេង​ល្បែង​ Truth or Dare។

២. “The Nun” បញ្ចាំង​ខែ​កក្កដា​

យាយ​ Valak ដែល​ល្បី​ខ្លាំង​នៅ​ក្នុង​រឿង​ "The Conjuring 2” នឹង​ត្រូវ​គេ​លាត​ត្រដាង​ពី​សាច់​រឿង​លំអិត​នៅ​ក្នុង​ភាពយន្ត​នេះ​។

៣. “Purge: The Island” បញ្ចាំង​​ខែ​កក្កដា​

ភាពយន្ត​នេះ​នឹង​លាត​ត្រដាង​នូវ​ហេតុការណ៍​ផ្សេងៗ​កើត​ឡើង ដែល​បណ្ដាល​ឲ្យ​មាន​ការ​ប្រារព្ធ​កម្មវិធី​ "Purge” កាល​ពី​លើក​ដំបូង។

៤. “Slender Man” បញ្ចាំង​ខែ​ឧសភា​

ជា​រឿង​និយាយ​អំពី​រឿង​ព្រេង​និទាន​មួយ​អំពី​បិសាច​ "Slender Man” ដែល​មាន​រូបរាង​ខ្ពស់​និង​ដៃ​វែងៗ​ គ្មាន​មុខ​មាត់​។ បិសាច​នេះ​បាន​ធ្វើ​ឲ្យ​ក្មេង​តូចៗ​ និង​ជំទង់​ជាច្រើន​បាត់​បង់​ខ្លួន​ជា​បន្តបន្ទាប់។

៥. “A Quiet Place” បញ្ចាំង​​ខែ​មេសា​

ចូល​រួម​សម្ដែង​ដោយ​តារា​​ប្ដី​ប្រពន្ធ​ លោក​ John Krasinski និង Emily Blunt ភាពយន្ត​នេះ​ និយាយ​ពី​ហេតុការណ៍​មួយ​ តម្រូវ​ឲ្យ​ពួក​គេ​នៅ​ស្ងៀម​ស្ងាត់ ដើម្បី​គេច​ចេញ​ពី​គ្រោះ​ថ្នាក់​ដ៏​អាថ៌កំបាំង​មួយ​តាម​ធ្វើបាប​ពួក​គេ​ប្រសិន​ជា​បញ្ចេញ​សំឡេង។

៦. “Halloween” បញ្ចាំង​​ខែ​តុលា​

ភាពយន្ត​នេះ​ជា​ភាពយន្ត​ដែល​បង្កើត​ម្ដង​ទៀត​ពី​សែស្រឡាយ​រឿង "Halloween” ដែល​បាន​ដាក់​បញ្ចាំង​តាំង​ពី​ឆ្នាំ​ ១៩៧៨។ តួអង្គ​ Laurie សម្ដែង​ដោយ​ Jamie Lee Curtis នឹង​ត្រូវ​មក​ត​ទល់​ជាមួយ​នឹង​ Michael Myers ឃាតករ​ពាក់​ស្រោម​មុខ​ ដែល​នាង​ធ្លាប់​ជួប​ប្រទះ​កាល​ពី​បួន​ទសវត្ស​កន្លង​មក។

៧. “Day of the Dead: Bloodline” បញ្ចាំង​ខែ​មករា​

និយាយ​អំពី​ក្រុម​ទាហាន​មួយ​ក្រុម​ ​ខិត​ខំ​រក​មធ្យោបាយ​ ក៏​ដូច​ជា​ថ្នាំ​ព្យាបាល​មនុស្ស​ទូទាំង​ពិភពលោក​ ដែល​កំពុង​លុកលុយ​ដោយ​ខ្មោច Zombie។

៨. “The Strangers: Prey at Night” បញ្ចាំង​​ខែ​មិនា​

ដក​ស្រង់​ពី​ហេតុការណ៍​ពិត​ ភាពយន្ត​នេះ​និយាយ​ពី​ក្រុម​គ្រួសារ​មួយ​ ដែល​ត្រូវ​មនុស្ស​កាច​សាហាវ (Psychopaths) ចំនួន​៣​នាក់​ តាម​យាយី​តាំង​ពី​ដើម​រហូត​ដល់​ចប់។

៩. “Winchester” បញ្ចាំង​ខែ​កុម្ភៈ​

ជា​សាច់​រឿង​ដក​ស្រង់​ពី​ហេតុការណ៍​ពិត​នៃ​វិមាន​របស់​គ្រួសារ "Winchester” ដែល​បង្កប់​ទៅ​ដោយ​ព្រលឹង​ខ្មោច​បិសាច​ និង​ការ​លង​បន្លាច​យ៉ាង​សាហាវ​ឃោរឃៅ។

១០. “Insidious: The Last Key” បញ្ចាំង​ខែ​មករា​

អ្នក​ជំនាញ​ខាង​ព្រលឹង​ខ្មោច​ឫ​ក៏​គេ​ហៅ​ថា Parapsychologist គឺ​ Dr. Elise Rainier ដែល​យើង​ស្គាល់​ពី​បណ្ដា​រឿង​ "Insidous” វគ្គ​មុន​ៗ​នោះ​បាន​ត្រលប់​មក​វិញ​ជាមួយ​នឹង​រឿង​រ៉ាវ​គួរ​ឲ្យ​ខ្លាច​តម្រូវ​ឲ្យ​នាង​ដោះ​ស្រាយ​ នៅ​ក្នុង​ផ្ទះ​គ្រួសារ​នាង​ផ្ទាល់​តែ​ម្ដង៕

អត្ថបទ៖ ធារ៉ូ

អត្ថបទថ្មី
;