តារា​ដ៏​ល្បី​ម្នាក់ ត្រូវ YouTube ពិន័យ​មិន​ឲ្យ​រក​លុយ ក្រោយ​បង្ហោះ​វីដេអូ​អត្តឃាត​នៅ​ជប៉ុន

  • 2018-01-11 03:51:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


YouTube បាន​សម្រេច​ដាក់​ការ​ពិន័យ​យ៉ាង​ធ្ងន់ធ្ងរ​ទៅ​លើ​តារា​ល្បី​ម្នាក់​ឈ្មោះ Logan Paul ក្រោយ​ពី​មាន​ពាក្យ​រិះគន់​ជា​ច្រើន​ជុំវិញ​ការ​បង្ហោះ​វីដេអូ​អត្តឃាត​របស់​បុរស​ម្នាក់​នៅ​ក្នុង​ព្រៃ ប្រទេស​ជប៉ុន កាល​ពី​ដើម​ឆ្នាំ​២០១៨។

វីដេអូ​ដែល​បង្ហោះ​នៅ​លើ​គណនី YouTube របស់ Logan Paul នឹង​ត្រូវ​បញ្ឈប់​ការ​បង្ហាញ​ប្រភេទ​ផ្ទាំង​ពាណិជ្ជកម្ម​ពិសេស ដែល​គេ​ហៅ​ថា "Google Preferred"។ បន្ថែម​ពី​នេះ សេវាកម្ម​រក​លុយ​តាម YouTube Red របស់ Logan Paul ក៏​ត្រូវ​ផ្អាក​ជា​ពិសេស​ផង​ដែរ។ យ៉ាង​ណា​មិញ នេះ​មិន​បាន​ន័យ​ថា Logan Paul ឈប់​ទទួល​បាន​លុយ​ពី YouTube ទាំង​ស្រុង​នោះ​ទេ គឺ​លោក​នៅ​តែ​អាច​រក​លុយ​បាន​ធម្មតា​ដូច​គណនី YouTube ដទៃ​ទៀត តែ​មិន​មាន​លក្ខណៈ​ពិសេស និង​អាទិភាព​ដូច​មុន​ទេ។

គួរ​បញ្ជាក់​ថា កាល​ពី​ថ្ងៃ​ទី​០១ ខែ​មករា ឆ្នាំ​២០១៨ Logan Paul បាន​បង្ហោះ​វីដេអូ​មួយ​មាន​ចំណង​ជើង​ថា "We found a dead body in the Japanese suicide forest" ដែល​បង្ហាញ​ពី​បុរស​ជប៉ុន​ម្នាក់​ចង​ក​ស្លាប់​នៅ​ក្នុង​ព្រៃ។ ក្រោយ​ពី​ការ​បង្ហោះ ក៏​មាន​ពាក្យ​រិះគន់​ជា​ច្រើន​ពាសពេញ​ពិភពលោក។ ហេតុ​ដូច្នេះ​ហើយ​ទើប Logan Paul សម្រេច​លុប​ចោល​វីដេអូ​នោះ​វិញ រួច​ចេញ​វីដេអូ​ថ្មី​ធ្វើ​ការ​សុំទោស​ដល់​សាធារណជន។

គណនី YouTube របស់ Logan Paul មាន​អ្នក Subscribe ជាង ១៥​លាន​នាក់ ហើយ​​មាន​ការ​ទស្សនា​វីដេអូ​ (View) ទាំង​អស់​សរុប​ជាង ៣​ពាន់​លាន​ដង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;