រញ្ជួយដី វាយប្រហារ​ប្រទេស​មីយ៉ាន់ម៉ា​ទាំង​ព្រឹក​ព្រលឹម

  • 2018-01-12 02:50:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រញ្ជួយ​ដី​កម្រិត ៦ រ៉ិចទ័រ បាន​វាយ​ប្រហារ​តំបន់​ដាច់​ស្រយាល​មួយ​ នៅ​ភាគ​កណ្ដាល​ប្រទេស​​មីយ៉ាន់ម៉ា​ នា​ព្រឹក​ព្រលឹមថ្ងៃ​សុក្រ ទី១២​ មករា។ នេះ​បើ​យោង​តាម​ការ​ប្រកាស​របស់​ភ្នាក់​ងារ​ស្ទាប​ស្ទង់​ភូគព្ភសាស្ត្រ​​សហរដ្ឋ​​អាមេរិក​ (USGS)។

USGS បាន​ឲ្យដឹង​ថា រញ្ជួយដី​បាន​កើត​ឡើង​នៅ​ប្រហែល​ ៤០គ.ម ពី​ភាគ​ខាង​លិច​ទី​ក្រុង Pyu។ បន្ទាប់​ពី​រញ្ជួយ​ដី​​នេះ​បាន​បញ្ចប់ ក៏​មាន​ការ​រញ្ជួយ​តិចៗ បាន​កើត​ឡើង​នៅ​ក្នុង​តំបន់​នោះ​ចំនួន​ ៣​លើក​បន្ថែម​ផងដែរ ដែល​​មាន​កម្រិត ៥,៣​រ៉ិចទ័រ។

ចំណុច​រញ្ជួយ​ដី គឺ​នៅចំ​ចំណុច​កណ្ដាល​រវាង​រដ្ឋធានី Nay Pyi Taw និង​ទីក្រុង​ពាណិជ្ជកម្ម Yangon ពោល​គឺ​ចម្ងាយ​ប្រហែល ១៥០គីឡូម៉ែត្រ​ពី​ទីក្រុង​ទាំង២។​

របាយការណ៍​បឋម បាន​បង្ហាញ​ថា​ មិន​មាន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយដី​នេះទេ ចំណែក​ឯ​ទំហំ​នៃ​ការ​ខូចខាត​ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ។

រូបតំណាង (រូបភាព៖ Reuters)

គួរ​បញ្ជាក់​ផង​ដែរ​ថា មីយ៉ាន់ម៉ា តែង​រងគ្រោះ​ដោយសារ​រញ្ជួយដី​ជា​ញយដង។ រញ្ជួយ​ដី​កម្រិត​ខ្លាំង (ពី​ ៧រ៉ិចទ័រ​ឡើងទៅ) បាន​កើត​ឡើង​​ចំនួន ៦លើក នៅ​ចន្លោះ ឆ្នាំ​១៩៣០ និងឆ្នាំ១៩៥៦។ កាល​ពី​ឆ្នាំ​២០១៦ កន្លងទៅ រញ្ជួយដីកម្រិត ៦,៨រ៉ិចទ័រ បាន​វាយប្រហារ​​ទីក្រុង​បុរាណ Bagan ធ្វើ​ឲ្យ​មនុស្ស ៣នាក់​បាន​ស្លាប់ និង​​ប្រាសាទ​បុរាណ​ជាច្រើន បាន​រងការ​ខូចខាត៕

ប្រភព៖ Channelnewsasia ប្រែសម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;