នាយ ចយ ត្រៀម​​ដឹកដៃ​សង្សារ​វ័យ ១៨ឆ្នាំ ចូល​រោងការ​ចុង​ខែ​ក្រោយ

  • 2018-01-12 03:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ភិច សែ ហៅ​នាយ ចយ តារា​កំប្លែង​ក្នុង​ក្រុម​នាយ​ក្រឹម បាន​បង្ហើ​ប​ឲ្យ​ដឹង​នៅ​ព្រឹកថ្ងៃ​សុក្រ​​នេះ​​ថា ខ្លួន​គ្រោង​​ដឹក​ដៃ​សង្សារ​ ​ចូល​រោង​ជ័យ​​នា​ខែ​ក្រោយ​នេះហើយ គឺ​នៅ​ថ្ងៃ​ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨។

អាពាហ៍ពិពាហ៍​របស់​តារា​​កំប្លែង​រូប​នេះ គ្រោង​ធ្វើ​នៅ​មណ្ឌល​អាពាហ៍ពិពាហ៍ ក្នុង​បូរី​ភព​ថ្មី​សែន​​​សុខ ដោយ​លោក​គ្រោង​អញ្ជើញ​ភ្ញៀវ​ប្រហែល​ ២០ ទៅ ៣០តុ។ អនាគត​ភរិយា​របស់​លោក ដែល​មហាជន​តែង​​សរសើរ​ថាមាន​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​តារានោះ​ មាន​ឈ្មោះ​ថា ខ្វាន់ ឌី វ័យ​១៨ឆ្នាំ គឺ​ជា​អ្នក​ខេត្ត​ពោធិ៍សាត់។

នាយ ចយ បាន​ឲ្យ​ដឹង​ថា ​លោក និង​សង្សារ ទើប​តែ​ស្គាល់​គ្នា​ជាង​១ឆ្នាំ​ប៉ុណ្ណោះ តាម​រយៈ​ការ​លេង Facebook។ ដោយសារតែ​និស្ស័យ ធ្វើ​ឲ្យ​ទំនាក់​ទំនង​កាន់​តែ​ជិតស្និទ្ធ​ ហើយ​ឈាន​ដល់​មាន​ទំនាក់​ទំនង​ស្នេហា​ជា​មួយ​គ្នា​តែ​ម្ដង​ទៅ។ តារា​កំប្លែង​រូប​នេះ​ បន្ត​ឲ្យ​ដឹង​ថា អនាគត​ភរិយា​របស់​លោក បច្ចុប្បន្ន​កំពុងតែ​រៀន​​ជំនាញ​ខាងសម្អាង។

តារា​កំប្លែង​វ័យ២៥ឆ្នាំ មកពី​ខេត្ត​ត្បូងឃ្មុំ​រូបនេះ បាន​​ប្រឡូក​ក្នុង​អាជីព​​​ជា​តារា​កំប្លែង តាំង​ពី​ឆ្នាំ២០០៧ ដោយ​ស្ថិត​ក្នុង​ក្រុម​កំប្លែង​នាយ​ក្រឹម​រហូត​មក មិន​ដែល​ប្ដូរ​ក្រុម​នោះទេ៕

អត្ថបទ៖ ស៊ុនហួត

អត្ថបទថ្មី
;