អាកាសចរណ៍​វៀតណាម គ្រោង​​បង្កើត​ជើង​ហោះហើរ​ត្រង់​ ទៅកាន់​សហរដ្ឋ​អាមេរិក

  • 2018-01-16 07:11:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​អាកាសចរណ៍ Vietnam Airlines គ្រោង​បង្កើត​ជើងហោះ​ហើរ​ត្រង់ ពី​វៀតណាម ទៅកាន់​សហរដ្ឋ​​អាមេរិក ជា​លើក​ដំបូង នៅ​ឆ្នាំ​២០១៨ នេះ។ នេះ​បើយោង​តាម​ការរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រដ្ឋ​វៀតណាម (VNA)។

យ៉ាងណាក្ដី លោក Vo Huy Cuoung អនុ​ប្រធាន​អាជ្ញាធរ​អាកាសចរណ៍​ស៊ីវិល​​វៀតណាម បាន​បញ្ជាក់ថា គម្រោង​នេះ អាច​នឹង​ជួប​ឧបសគ្គ​ច្រើន ជាពិសេស​គឺ​ការ​ប្រកួត​ប្រជែង​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​កំពុង​ឈរ​ជើង​ក្នុង​ទីផ្សារ​អាមេរិក​រួចជា​ស្រេច។ ក្រុមហ៊ុន​ទាំងនោះ មាន​ជើង​ហោះហើរ វៀតណាម-អាមេរិក ដោយ​ឆ្លងកាត់​ប្រទេស​​មួយ​ផ្សេងទៀត (មិនមែន​ហោះហើរ​ត្រង់) ដូចជា​​ ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ថៃ សិង្ហបុរី ហុងកុង ឬចិន ជាដើម។

លោក Coung និយាយថា៖ "ការប្រកួត​ប្រជែង​គឺ​ពិត​ជា​តែងតឹង​ណាស់ ដូច្នេះផែនការ​ហោះហើរ​ត្រង់​ពី​វៀតណាម​ទៅ​អាមេរិក របស់​ Vietnam Airlines ចាំបាច់​ត្រូវ​ឆ្លងកាត់​ការ​វិភាគ និង​វាយ​តម្លៃ​ស្ថានការណ៍​ឲ្យ​បាន​ល្អិតល្អន់​បំផុត"។

បន្ថែម​លើ​នេះ Vietnam Airlines ចាំបាច់​ត្រូវ​ទទួល​បាន​អាជ្ញាបណ្ឌ​ពី​រដ្ឋបាល​អាកាសចរណ៍​សហរដ្ឋ​អាមេរិក​ ជា​មុន​សិន ទើប​អាច​ហោះ​ទៅកាន់​អាមេរិក​បាន។ ដើម្បី​ទទួល​បាន​អាជ្ញាបណ្ឌ​នោះ ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម ត្រូវ​ធ្វើ​យ៉ាងណា ឲ្យ​ត្រូវ​តាម​គោលការណ៍​ស្ដង់ដា​សុវត្ថិភាព​កម្រិតទី១ (CAT1 ឬ FFA-standard)។

គួរ​បញ្ជាក់ថា បច្ចុប្បន្ន អ្នកដំណើរ​នៅ​វៀតណាម ដែល​ចង់​ហោះ​ទៅ​អាមេរិក ​ចាំ​បាច់​ត្រូវ​ឈប់​នៅ​ប្រទេស​មួយ​យ៉ាងតិច មុន​ហោះ​បន្ត​ទៅកាន់​អាមេរិក ដែល​ធ្វើ​ឲ្យ​រយៈពេល​ធ្វើ​ដំណើរសរុប មិន​ក្រោម ២៤ម៉ោង​នោះឡើយ៕

អត្ថបទ៖ សុខ សុវត្ថិ

អត្ថបទថ្មី
;