លោក ប្រាក់ សុខុន នឹង​ទៅ​តួកគី ដើម្បី​ត្រៀម​រៀប​ចំ​ដំណើរទ​ស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន

  • 2018-01-17 02:59:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ទេសរដ្ឋ​មន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសូង​ការបរទេស និង​កិច្ច​សហប្រតិបត្តិការ​អន្តជាតិ គ្រោងនឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ប្រទេស​តួកគី នៅ​ដើមឆ្នាំ​២០១៨​នេះ ដើម្បី​ត្រៀម​រៀបចំ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​ប្រទេស​នោះ នាពេល​ខាងមុខ​នេះ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស បន្ទាប់ពី​ជំនួប​រវាង​លោក​ ប្រាក់ សុខុន ជាមួយ​លោក អ៊ិលហាន កេមាល ទុ(Ilhan Kemal Tug) ឯកអគ្គរដ្ឋទូត​ប្រទេស​តួកគី​ចប់​អាណត្តិ​ប្រចាំ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​ការបរទេស។

អ្នកនាំពាក្យ​បាន​បន្ត​ថា នៅក្នុង​ជំនួប​ពិភាក្សា​នោះ លោក ប្រាក់ សុខុន បាន​លើកឡើង​ឲ្យមាន​ការ​ធ្វើ​ការងារ​រួមគ្នា​រវាង​ភាគី​ទាំងពីរ ក្នុងការ​ត្រៀម​រៀបចំ​ឯកសារ​សម្រាប់​ការ​ចុះ​ហត្ថលេខា ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​ ក៏​ដូចជា​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច ហ៊ុន សែន ទៅកាន់​ប្រទេស​តួកគី។

ភាគី​ទាំង២ ក៏បាន​ពិភាក្សា​ផ្លាស់ប្តូរ​យោបល់​គ្នា​ផងដែរ អំពី​កិច្ច​សហប្រតិបត្តិការ​លើ​បណ្តា​វិស័យ​ផ្សេងៗ​ទៀត ដូចជា ការ​ជំរុញ​ពាណិជ្ជកម្ម និង​ការ​បង្កើត​ជើងហោះហើរត្រង់​ដើម្បី​បង្កើន​ចំនួន​ទេសចរ​ជាដើម៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;