ការ​ប្រកាស​សាល​ដីកា​ លើ​សំណុំ​រឿង​លោក ជេមស៍ រីក​ឃិត​សាន់ ត្រូវ​ពន្យារ

  • 2018-01-17 08:37:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តុលា​ការ​កំពូល​នៅ​ព្រឹក​ថ្ងៃទី ១៧ មករា​នេះ បាន​សម្រេច​ពន្យារ​ការ​ប្រកាស​សាល​ដីកា ​លើ​បណ្តឹង​សុំ​នៅ​ក្រៅ​ឃុំ របស់​ជន​ជាតិ​អូស្ត្រាលី លោក​ជេមស៍ រីក​ឃិត​សាន់ ទៅ​ថ្ងៃ​ទី ៣១ មករា ឆ្នាំ ២០១៨ វិញ ដោយ​ហេតុ​ថា លោក​មក​កាន់​បន្ទប់​សវនាការ មិន​ទាន់​ពេល​វេលា​។

ក្រឡា​បញ្ជី លោក សុង ម៉ៅ បាន​ប្រាប់​សារព័ត៌​មាន​អូស្ត្រាលី​ ABC ​ថា៖ " យើង​ណាត់​ជួប​គាត់​នៅ​ម៉ោង ៨ ព្រឹក តែ​ម៉ោង​៩ ទៅ​ហើយ​ គាត់​នៅ​តែ​មិន​ទាន់​មក​ដល់​បន្ទប់​សវនា​ការ​ទៀត ដូច្នេះ​ ចៅក្រម ក៏​សម្រេច​ពន្យារ​ការ​ប្រកាស​សាល​ដីកា​តែ​ម្តង​ទៅ​"។

ប៉ុន្តែ ​លោកស្រី ពឹង​ យុ​ហៀប មេធាវី​ការ​ពារ​ក្តី​ឱ្យ​លោក ជេមស៍ រីក​ឃិត​សាន់ និយាយ​ថា ចៅក្រម​រវល់​នឹង​សំណុំ​រឿង​ផ្សេង​ទៀត​។

លោក​ជេមស៍ រីក​ឃិត​សាន់ នៅ តុលា​ការ​កំពូល​នាព្រឹក​ថ្ងៃទី ១៧ មករា​នេះ

លោក ជេមស៍ រីក​ឃិត​សាន់ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ចោទ​ប្រកាន់ ពី​បទ​ប្រមូលផ្ដុំ​ព័ត៌មាន​ជាអាទិ៍ នាំ​ឲ្យ​អន្ត​រាយ​ដល់​ការ​ការពារ​ជាតិ បន្ទាប់​ពី​លោក​បាន​បង្ហោះ​ដ្រូន ថត​ក្បួន​ហែ​របស់​បក្ស​សង្គ្រោះ​ជាតិ ក្នុង​យុទ្ធនា​ការ​ឃោសនា​ថ្ងៃ​ចុង​ក្រោយ កាល​ពី​ឆ្នាំ ​២០១៧។ សំណុំ​រឿង​របស់​លោក បាន​បន្ត​ពី​តុលាការ​សាលា​ដំបូង រហូត​ដល់​សាលា​ឧទ្ធរណ៍​។

សាលា​ឧទ្ធរណ៍​បាន​ច្រាន​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​នេះ នៅ​បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​ជំនុំជម្រះ​អសា​ធារណៈ​កាល​ពី​ថ្ងៃ​ទី​៤ ខែ​សីហា ឆ្នាំ​២០១៧។ ហើយ​បន្ទាប់​មក ទើប​មេធាវី​របស់​លោក ប្តឹង​បន្ត​ឡើង​មក​តុលាការ​កំពូល​ជា​បន្ត​ទៀត​៕

អត្ថបទ៖ ឃុត សុខឿន​

អត្ថបទថ្មី
;