គ.ជ.ប បង្ហើប​កាលបរិច្ឆេទ​ប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ

  • 2018-01-17 12:35:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប បាន​ប្រកាស​ពី​ការ​ផ្តល់​សុពលភាព និង​ប្រកាស​ផ្សព្វផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ ឆ្នាំ​២០១៧ នៅ​វេលា​ម៉ោង ១០ ព្រឹក ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០១៨។ ការ​ផ្តល់​សុពលភាព និង​ផ្សព្វផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវការ​នេះ នឹង​ធ្វើឡើង​នៅ​ក្នុង​កិច្ចប្រជុំ នៅ​ទីស្តីការ គ.ជ.ប។

សេចក្តី​ជូនដំណឹង​របស់ គ.ជ.ប ចុះ​ថ្ងៃ​ទី១៧ ខែ​មករា ឆ្នាំ​២០១៨ បង្ហាញ​ថា កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ជា​មួយ​ភាគី​ពាក់ព័ន្ធ ស្តីពី ការ​ផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ​បញ្ជី​បោះឆ្នោត​ផ្លូវ​ការ ឆ្នាំ​២០១៧ នា​ព្រឹក​ថ្ងៃ​ទី២៤​មករា នឹង​មាន​ការ​ចូលរួម​ដោយ​តំណាង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ក្រសួង​ពាក់ព័ន្ធ​នានា តំណាង​គណបក្ស​នយោបាយ តំណាង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាតិ និង​អន្តរជាតិ តំណាង​ស្ថាន​ទូត​ជប៉ុន ជំនាញការ JICA និង​ជំនាញ​ការ​កូរ៉េ ប្រចាំ​នៅ គ.ជ.ប ព្រមទាំង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ​។

សូម​រម្លឹក​ថា លទ្ធផល​បណ្តោះ​អាសន្ន​នៃ​ការ​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​បោះឆ្នោត និង​ការ​ចុះឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០១៧ ចាប់ពី​ថ្ងៃ​ទី១ ខែ​កញ្ញា ដល់​ថ្ងៃ​ទី៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ត្រូវ​បាន​ គ.ជ.ប ប្រកាស​ថា អ្នក​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត​ឆ្នាំ២០១៧ មាន​ចំនួន ៨ ៣៨០ ២៤០ នាក់ ( ស្ត្រី ៤ ៤៧០ ៨៨២ នាក់ ) ស្មើ​នឹង ៨៤,៨០ % នៃ​ចំនួន​អ្នក​ដែល​គ្រប់​អាយុ​បោះឆ្នោត ចាប់​ពី ១៨​ឆ្នាំ​ឡើង​ទៅ​ចំនួន ៩ ៨៨២ ៧៤៦ ​នាក់។

បញ្ជី​ឈ្មោះ​អ្នក​បោះឆ្នោត​ឆ្នាំ២០១៧ ដែល គ.ជ.ប ផ្តល់​សុពលភាព និង​ប្រកាស​ផ្សាយ នា​ព្រឹក​ថ្ងៃ​ទី២៤ ខែ​មករា ឆ្នាំ​២០១៨ នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ អាណត្តិ​ទី៦ នា​ថ្ងៃ​ទី២៩ ខែ​កក្កដា ឆ្នាំ​២០១៨៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;