គុយបា អរគុណ​កម្ពុជា ដែល​បោះឆ្នោត​គាំទ្រ​បញ្ចប់​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច

  • 2018-01-18 01:58:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Juan Carlos Marsán Aguilera អនុ​ប្រធាន​ទំនាក់​ទំនង​អន្តរជាតិ នៃ​គណៈ​កម្មាធិការ​មជ្ឈឹមបក្ស​កុម្មុយនីស​គុយបា បាន​ថ្លែង​អំណរគុណ​ដល់​កម្ពុជា ដែលបាន​បោះឆ្នោត​គាំទ្រ​គុយបា លើ​សេចក្តី​សម្រេចចិត្ត​របស់​​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​ការ​បញ្ចប់​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ទៅលើ​ប្រទេស​លោក។ នេះ​បើតាម​លោក ជុំ សុន្ទរី អ្នក​នាំពាក្យ​ក្រសួង​ការបរទេស បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់​ពីជំនួប​រវាង​លោក​ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និងលោក Juan Carlos Marsán Aguilera កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង។

លោក ប្រាក់ សុខុន ក៏​បាន​ថ្លែង​អំណរ​គុណ​ដល់​រដ្ឋាភិបាល​នៃ​ប្រទេស​គុយបា​វិញ​ផងដែរ ដែលបាន​ផ្ដល់​ជំនួយ​ដល់​ប្រជាជន​កម្ពុជា នៅក្នុង​ដំណាក់កាល​ដ៏​លំបាក ជាពិសេស​ក្នុងពេល​កម្ពុជា​ទើប​រំដោះ​ចេញពី​របប​ខ្មែរ​ក្រហម ហើយ​នៅ​ពេលនោះ កម្ពុជា ក៏បាន​ជួប​ប្រទះ​នូវការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​ពី​ខាងក្រៅ​ប្រទេស។

លោក​បាន​បញ្ជាក់​ថា ដោយសារតែ​ការ​ទទួល​រងនូវ​ការ​លំបាក​ដោយការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​នេះ ទើប​ធ្វើឲ្យ​​កម្ពុជា​សម្រេចចិត្ត​គាំទ្រ​ការ​បោះឆ្នោត​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​បញ្ចប់​ការ​ហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​លើ​គុយបា ហើយ​លោក​ប្តេជ្ញា​ថា នឹង​បន្ត​គាំទ្រ​តទៅ​ទៀត។

ក្នុង​កិច្ច​ពិភាក្សា​នេះ លោក Juan Carlos Marsán Aguilera ​ក៏​បញ្ជាក់​ដែរ​ថា រដ្ឋាភិបាល​គុយបា បាន​គោរព​នូវ​សេចក្តី​សម្រេច​ចិត្ត​របស់​កម្ពុជា ក្នុងការ​ទប់ស្កាត់​ការ​ចង់​ផ្លាស់ប្ដូរ​របប​តាមរយៈ​អន្តរាគមន៍​ពី​បរទេស៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;