Huawei ចេញ​វីដេអូ​ថ្មី​មួយ អួត​ពី​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ជាង​មុន​១០​ដង

  • 2018-01-18 02:38:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ទីរ​ពិសោធន៍ Watt Lab របស់ Huawei បាន​បង្កើត​បច្ចេកវិទ្យា​សាក​ថ្ម​ថ្មី​មួយ ដែល​មាន​ល្បឿន​លឿន​ជាង​ការ​សាក​ថ្ម​ធម្មតា​ដល់​ទៅ ១០​ដង​ឯណោះ។

នៅ​ក្នុង​វីដេអូ​ដែល​បង្ហោះ​នៅ​លើ​គណនី YouTube ផ្លូវការ​របស់ Huawei កាល​ពី​ម្សិលមិញ បង្ហាញ​ថា ក្នុង​រយៈពេល​ត្រឹម ៥​នាទី ការ​សាក​ដោយ​ប្រើ​បច្ចេកវិទ្យា​ថ្មី​នេះ​អាច​ឡើង​ថាមពល​ដល់​ទៅ ៤៨%។

យ៉ាង​ណា​មិញ អ្វី​គួរ​ឲ្យ​សោកស្ដាយ​នៅ​ក្នុង​វីដេអូ​នេះ គឺ​គេ​សង្កេត​ឃើញ​ថា ការ​សាក​ថ្ម​នេះ​មិនមែន​សាក​នៅ​លើ​ទូរសព្ទ​ផ្ទាល់​នោះ​ទេ ដោយ​តម្រូវ​ឲ្យ​ដក​ថ្ម​ចេញ​ទៅ​សាក​លើ​ដុំ​ភ្លើង​ផ្សេង​មួយ​ទៀត (មើល​វីដេអូ​ចាប់​ពី​វិនាទី​៥០)។ ជា​ការ​កត់​សម្គាល់ ស្មាតហ្វូន​មួយ​ចំនួន​ធំ​នា​ពេល​បច្ចុប្បន្ន​ត្រូវ​បាន​ផលិត​ឡើង​ដោយ​មិន​អាច​ដក​ថ្ម​ពី​សន្ទះ​ខាង​ក្រោយ​​បាន​ឡើយ (គេ​ហៅ​ថា Non-removable Battery)។

សូម​បញ្ជាក់​ថា វីដេអូ​នេះ​មិន​មែន​ទើប​តែ​បង្ហោះ​នោះ​ទេ គឺ Huawei ធ្លាប់​បង្ហាញ​កាល​ពី​២​ឆ្នាំ​មុន​មក​ម៉្លេះ ដែល​កាល​នោះ​គេ​នៅ​កំពុង​និយម​ផលិត​ស្មាតហ្វូន​ដែល​អាច​ដក​ថ្ម​ចេញ​ពី​សន្ទះ​ខ្នង​ខាង​ក្រោយ​បាន។ មួយ​វិញ​ទៀត ថ្ម​ដែល Huawei យក​មក​សាក​នៅ​ក្នុង​វីដេអូ​មាន​ទំហំ​ត្រឹម 3000mAh ប៉ុណ្ណោះ។

យោង​តាម​សារព័ត៌មាន GSMArena បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា Huawei ប្រហែល​ជា​ចង់​បង្ហាញ​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស​នេះ​នៅ​ក្នុង​ព្រឹត្តិការណ៍ Mobile World Congress ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ក្រោយ​ហើយ ទើប​បញ្ចេញ​វីដេអូ​នេះ​សាជាថ្មី៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;