សម្តេច ហ៊ុន សែន គ្រោង​បង្កើត​មូលនិធិ​គន្ធបុប្ផា

  • 2018-01-18 02:51:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​លើកឡើង​ពី​គម្រោង​បង្កើត​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ដោយ​សម្តេច​នឹង​ធ្វើជា​ប្រធាន​កិត្តិយស ដើម្បី​ធានា​ផ្តល់​ទុន​កាន់តែ​ច្រើន​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា។ ការ​ថ្លែង​នេះ ធ្វើឡើង​ក្នុង​ពិធី​ប្រកាស​ផ្សព្វផ្សាយ​គោល​នយោបាយ​ជាតិ ស្តីពី​មនុស្ស​វ័យ​ចាស់​ឆ្នាំ២០១៧-២០៣០ នាព្រឹក​ថ្ងៃទី​១៨ ខែ​មករា​នេះ នៅ​វិមាន​សន្តិភាព។

ទោះជា​យ៉ាងណា សម្តេច ហ៊ុន សែន បញ្ជាក់​ថា គម្រោង​បង្កើត​មូលនិធិ​នេះ មិនមែន​ជាការ​លុប​បំបាត់​ចោល​នូវ​មូល​និធិ​គន្ធបុប្ផា​របស់​លោក​វេជ្ជបណ្ឌិត Beat Richner នោះ​ទេ ប៉ុន្តែ​នេះ​គឺ​ជាការ​បំពេញ​បន្ថែម​របស់​ភាគី​កម្ពុជា ដើម្បី​ធានា​ថា មន្ទីរពេទ្យ​គន្ធបុប្ផា នៅតែ​បន្ត​ដំណើរការ ដោយគ្មាន​ការ​រអាក់​រអួល។

សូម​ជម្រាប​ថា មន្ទីរពេទ្យ​គន្ធ​បុប្ផា ត្រូវបាន​សម្ពោធ​ដំបូង​នាថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​១៩៩២ ហើយ​មកដល់​ពេលនេះ​មាន​រយៈពេល​ជាង ២៥​ឆ្នាំ​ហើយ ដោយ​មូលនិធិ​គន្ធបុប្ផា បាន​ចំណាយ​ថវិកា អស់​ជាង ៦០០លាន​ដុល្លារ។

កាលពី​ថ្មីៗ​នេះ មូលនិធិ​គន្ធបុប្ផា បាន​ប្រកាស​ពី​តួលេខ​ប្រចាំ​ឆ្នាំ​២០១៧ ឲ្យ​ដឹង​ថា  នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ដោយ​ទាំង​មន្ទីរពេទ្យ​គន្ធ​បុប្ផា​នៅ​ភ្នំពេញ និង​ជ័យវរ្ម័ន​ទី៧ ( គន្ធបុប្ផា​ទី៣ ) បាន​​ផ្តល់​សេវា​សុខភាព​​ឲ្យ​កុមារ​មាន​ជំងឺ​ចំនួន​ជិត ៩១​ម៉ឺន​នាក់ ដោយ​​ចំណាយ​ថវិកា​ប្រមាណ ៣៦​លាន​ដុល្លារ៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;