អាជ្ញាធរ ហាម​​បក្ស​ប្រឆាំង​មិន​ឲ្យ​ចូលរួម​ថ្លែងសារ ក្នុង​ពិធី​គោរព​វិញ្ញាណកក្ខន្ធ​លោក ជា វិជ្ជា ឡើយ

  • 2018-01-18 04:23:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សាលា​រាជធានី​ភ្នំពេញ បាន​ហាម​សហជីព​សេរី​កម្មករ​កុំ​ឲ្យ​តំណាងរាស្ត្រ ​និង​មន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប ចូលរួម​ថ្លែង​សារ​នយោបាយ​ក្នុង​ពិធី​ដាក់​កម្រង​ផ្កា​គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២ មករា ខាង​មុខ​នេះ។

ពិធី​ដាក់​កម្រង​ផ្កា​រំឭក​ខួប ១៣​ឆ្នាំ វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា នៅ​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០១៧។
អនុប្រធាន​សហជីព​សេរី​កម្មករ​ លោក ម៉ាន់ សេងហាក់ ថ្លែង​ថា ​ការ​ហាម​ប្រាម​បែប​នេះ ​គឺ​ជា​ការ​រឹតត្បិត​សេរីភាព​ការ​បញ្ចេញ​មតិ។ ប៉ុន្តែ​លោក​ថា សហជីព​ក៏​ពុំ​មាន​គម្រោង​អញ្ជើញ​អ្នក​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ថ្លែង​សារ​នយោបាយ​នោះ​ដែរ។

អភិបាលរង​រាជធានី លោក មាន ចាន់យ៉ាដា កាល​ពី​ល្ងាច​ថ្ងៃ​ពុធ ទី​១៧ ខែ​មករា បាន​ហៅ​សហជីព​សេរី​កម្មករ​ប្រជុំ​អំពី​ការ​ជូន​ដំណឹង​ធ្វើ​ពិធី​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា។ ក្រៅ​អំពី​ការ​ហាម​ប្រាម​មិន​ឲ្យ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ១១៨​រូប ចូលរួម​ថ្លែង​សារ​នយោបាយ​ក្នុង​ពិធី​នេះ សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​ហែ​ក្បួន​ឡើយ ដោយ​លើកហេតុ​ថា ខ្លាច​កក​ស្ទះ​ចរាចរណ៍។

សហជីព​សេរី​កម្មករ គ្រោង​រៀបចំ​ពិធី​ជួបជុំ​ដាក់​កម្រង​ផ្កា គោរព​វិញ្ញាណក្ខន្ធ​លោក ជា វិជ្ជា អតីត​ប្រធាន​សហជីព គម្រប់​ខួប ១៤​ឆ្នាំ នៅ​នៅ​ថ្ងៃ​ច័ន្ទ ទី​២២ មករា ដោយ​មាន​អ្នក​ចូលរួម​ប្រមាណ ១៥០​នាក់ គឺ​ជា​ក្រុម​គ្រួសារ សាច់ញាតិ មិត្តភ័ក្ដិ ថ្នាក់​ដឹកនាំ​សមាជិក​សហជីព​សេរី​កម្មករ នៅ​ទី​តម្កល់​រូប​សំណាក​លោក ជា វិជ្ជា ខាង​មុខ​វត្ត​លង្កា។

លោក ជា វិជ្ជា ជា​អតីត​ប្រធាន​សហជីព​សេរី​កម្មករ ដែល​ល្បី​ឈ្មោះ​ខាង​ទាមទារ​ផល​ប្រយោជន៍​ជូន​កម្មករ ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​នៅ​តូប​លក់​កាសែត​ជិត​វត្ត​លង្កា ក្រុង​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៤៕

ប្រភព៖ Radio Free Asia ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី
;