កម្ពុជា មាន​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ប៉ុន្មាន​រូប​ហើយ?

  • 2018-01-18 06:28:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតត្រឹម​ថ្ងៃទី១៨​មករា ឆ្នាំ​២០១៨ កម្ពុជា មាន​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ ចំនួន ១៧​រូប​​ហើយ ដោយ​បូក​បន្ថែម​ទាំង​លោក ឌី វិជ្ជា ដែល​ទើបតែ​ត្រូវបាន​តែងតាំង​ផងដែរ។ ក្នុង​នោះ មាន​នាយ​ឧត្តមសេនីយ៍ ៩​រូប និង​ឧត្តម​សេនីយ៍​ឯក ៨​រូប និង​មាន​ស្ត្រី​ម្នាក់ គឺ​លោកស្រី​ឧត្តម​សេនីយ៍​ឯក យក់ សុខា។

សូម​ជម្រាប​ថា លោកឧត្តម​សេនីយ៍ឯក ឌី វិជ្ជា ត្រូវបាន​តែងតាំង​ពី​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ទៅជា​អគ្គ​ស្នងការ​រង នៃ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ។ នេះ​បើតាម​អនុក្រឹត្យ​ស្តីពី​ការ​តែងតាំង​មុខ​តំណែង​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា ចុះ​ហត្ថលេខា​ដោយ​សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពី​ថ្ងៃទី​១៦ ខែ​មករា ឆ្នាំ​២០១៨។

លោកឧត្តម​សេនីយ៍ឯក ឌី វិជ្ជា
កាលពី​ពេល​ថ្មីៗ​នេះ លោក​នាយ​ឧត្តមសេនីយ៍ នេត សាវឿន អគ្គ​ស្នងការ​នគរបាល​ជាតិ បានចេញ​សេចក្តី​សម្រេច ស្តី​ពី​ការ​ប្រគល់​ភារកិច្ច​ជូន​ថ្នាក់​ដឹកនាំ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ ដោយ​សម្រេច​ប្រគល់​ភារកិច្ច​ជូន​ថ្នាក់​ដឹកនាំ​អគ្គ​ស្នងការ​រង​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​ទាំង ១៦ រូប​។

១-នាយ​ឧត្តម​សេនីយ៍ ខេង សុមេធ អគ្គ​ស្នងការ​រង ជំនួយ​ការ​ដឹកនាំ​ការងារ​ព្រំដែន ទទួល​ទិស​ភូមិភាគ​ទី៤ និង​ភូមិភាគ​ទី៥។

២-នាយ​ឧត្តម​សេនីយ៍ ដាំ វុទ្ធី អគ្គ​ស្នងការ​រង ជំនួយការ​ដឹកនាំ​ការងារ​ព្រំដែន ទទួល​ទិសភូមិ​ភាគី​ទី១, ២ និង​ភូមិភាគ​ទី៣។

៣-នាយ​ឧត្តម​សេនីយ៍ កង សុខន អគ្គ​ស្នងការ​រង ជំនួយការ​ដឹកនាំ​ការងារ​នគរបាល​ព្រហ្មទណ្ឌ ការងារ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ។

៤-នាយ​ឧត្តម​សេនីយ៍ សួស អង្គារ៍ អគ្គស្នងការ​រង ជំនួយការ​ដឹកនាំ​ការងារ​គ្រប់គ្រង​អាវុធ​ជាតិ​ផ្ទុះ ការងារ​បង្ការ​ពន្លត់​អគ្គិភ័យ សង្គ្រោះ និង​នគរបាល​បេតិកភណ្ឌ។

៥-នាយ​ឧត្តម​សេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង និងជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ។

៦-នាយ​ឧត្តម​សេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការ​រង ជំនួយ​ការ​ដឹកនាំ​ការងារ​សេនាធិការ​ដ្ឋាន។

នាយ​ឧត្តម​សេនីយ៍ គៀត ច័ន្ទថារិទ្ធ

៧-នាយ​ឧត្តម​សេនីយ៍ ថោង លីម អគ្គ​ស្នងការ​រង ជំនួយការ​ដឹកនាំ​ការងារ​ចោរកម្ម ក្រុម​ស៊ើប​អង្កេត បទល្មើស​ឆ្លងដែន ការងារ​វិនិយោ​គិន និង​ទេសចរណ៍​បរទេស។

៨-នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គ​ស្នងការ​រង ជំនួយ​ការ​ដឹកនាំ​ការងារ​សន្តិសុខ​ផ្ទៃក្នុង ការងារ​ប្រឆាំង​ភេរវកម្ម និង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ការងារ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា ការងារ​ស៊ើប​ការណ៍​ខាងក្រៅ និង​បច្ចេកទេស​ការងារ​ប្រឆាំង​បទល្មើស​ល្បែង​ពាណិជ្ជកម្ម និង​ការងារ​គ្រប់គ្រង​សន្តិសុខ​ឯកជន។

នាយ​ឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ

៩-ឧត្តមសេនីយ៍​ឯក យក់ សុខា អគ្គ​ស្នងការ​រង ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការងារ​យែនឌ័រ​អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ។

១០-ឧត្តមសេនីយ៍​ឯក ទូច ណារ៉ុថ អគ្គ​ស្នងការ​រង ជំនួយការ​ដឹកនាំ​ការងារ​អង្គរក្ស និង​ការងារ​រៀបចំ​ផែនការ​ការពារ។

១១-ឧត្តម​សេនីយ៍​ឯក ម៉ក់ ជីតូ អគ្គ​ស្នងការ​រង ជំនួយការ​ដឹកនាំ​ការងារ​ប្រឆាំង​គ្រឿងញៀន។

១២-ឧត្តម​សេនីយ៍​ឯក ហ៊ឹម យ៉ាន អគ្គស្នងការ​រង ជំនួយការ​ដឹកនាំ​ការងារ​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ និង​ការងារ​នគរបាល​ទេសចរណ៍។

លោកឧត្តម​សេនីយ៍​ឯក ហ៊ឹម យ៉ាន

១៣-ឧត្តម​សេនីយ៍ឯក ហ៊ូ សាគុណ អគ្គ​ស្នងការ​រង ជំនួយ​ការ​ដឹកនាំ​ទទួល​បន្ទុក​ការងារ​រដ្ឋបាល ក្នុង​ផែន​នគរបាល​ព្រំដែន គ្រប់គ្រង និង​ដឹកនាំ​ការងារ​ជំនាញ​នៃ​នាយកដ្ឋាន​កណ្តាល​នគរបាល​ព្រំដែន និង​ទទួល​ជួយ​ការងារ​ព្រំដែន ទិស​ភូមិភាគ​៤ និង​ភូមិភាគ​៥។

១៤-ឧត្តម​សេនីយ៍ឯក មួន សារ៉ន អគ្គ​ស្នងការ​រង ជំនួយការ​ដឹកនាំ​អង្គភាព​អន្តរាគមន៍ និង​អម​ការងារ​សម្តេច​នាយក​រដ្ឋមន្ត្រី។

១៥-ឧត្តម​សេនីយ៍​ឯក ប៉ែន វិបុល អគ្គ​ស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក ( ដំឡើង​ឋានន្តរស័ក្តិ ជា​នាយ​ឧត្តមសេនីយ៍ កាលពី​ថ្ងៃទី​១៧ ខែ​មករា ឆ្នាំ​២០១៨)។

១៦-ឧត្តមសេនីយ៍ឯក ស ថេត អគ្គ​ស្នងការ​រង ជំនួយការ​ដឹកនាំ​នាយកដ្ឋាន​នគរបាល​ការពារ និង​អង្គភាព​តម្រួត​បទ​បញ្ជា៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;