ឡាវ នឹង​មាន​ទីផ្សារ​អគ្គិសនី​នៅ​មីយ៉ាន់ម៉ា ក្រៅ​ពី​កម្ពុជា និង​ថៃ

  • 2018-01-18 08:00:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឡាវ និង​មីយ៉ាន់ម៉ា គ្រោង​នឹង​ចុះ​អនុស្សរណៈ​យោគយល់ (MoU) លើ​ការ​ទិញ​ដូរ​អគ្គិសនី នៅ​​ក្នុង​អំឡុង​សប្ដាហ៍​នេះ។ នេះ​បើ​យោង​តាម​លោក Daovong Phonekeo លេខាធិការ​អចិន្ត្រៃយ៍​នៃ​ក្រសួង​រ៉ែ និង​ថាមពល​ឡាវ ដែល​បាន​ថ្លែង​ប្រាប់​សារព័ត៌មាន​ក្នុង​ស្រុក Vientiane Times។

លោក Daovong Phonekeo បន្ត​ថា មុន​នឹង​ឈាន​ទៅ​ដល់​ការ​ទិញ​លក់ ភាគី​មីយ៉ាន់ម៉ា​នឹង​ចាត់​មន្ត្រី​ឲ្យ​មក​សិក្សា​អំពី​លទ្ធភាព​​ជា​មុន​សិន។ "មីយ៉ាន់ម៉ា​ចង់​ទិញ (អគ្គិសនី) ប្រមាណ​ជា ១០០ ទៅ ២០០​មេហ្គាវ៉ាត់ ប៉ុន្តែ​នេះ​នឹង​ត្រូវ​ផ្អែក​ទៅ​លើ​លទ្ធផល​នៃ​ការ​សិក្សា​របស់​ពួកគេ​ជា​មុន​សិន" លោក​លេខាធិការ​បញ្ជាក់។

គម្រោង​លក់​អគ្គិសនី​ឲ្យ​មីយ៉ាន់ម៉ា អាច​នឹង​ចាប់​ផ្ដើម​នៅ​ចុង​ឆ្នាំ​២០១៨ ឬ​ដើម​ឆ្នាំ​២០១៩​ខាង​មុខ ប្រសិន​បើ​វា​ដំណើរការ​ដោយ​រលូន។ យ៉ាង​ណា​មិញ ឡាវ​មិន​ទាន់​បញ្ជាក់​ពី​តម្លៃ​លក់​នេះ​ទេ។

ឡាវ​មាន​សក្ដានុពល​ខ្ពស់​លើ​ថាមពល​វារីអគ្គិសនី ដែល​អាច​រក​ចំណូល​យ៉ាង​សន្ធឹក​ដើម្បី​ជួយ​ដល់​ប្រទេស។ បច្ចុប្បន្ន ឡាវ​មាន​រោងចក្រ​ថាមពល​អគ្គិសនី​ចំនួន ៤៦ ដែល​មាន​កម្លាំង​ផលិត ៦៧៥៧​មេហ្គាវ៉ាត់ ប្រចាំ​ឆ្នាំ។ ចំនួន​នេះ​អាច​នឹង​កើន​ឡើង​ដល់ ១​ម៉ឺន​មេហ្គាវ៉ាត់ នៅ​ឆ្នាំ​២០២០ និង ២​ម៉ឺន​មេហ្គាវ៉ាត់ នៅ​ឆ្នាំ​២០៣០។

ភាគ​ច្រើន​នៃ​អគ្គិសនី​របស់​ឡាវ ត្រូវ​បាន​លក់​ទៅ​ឲ្យ​ប្រទេស​ថៃ។ ចំណែក​ឯ កម្ពុជា​វិញ​ក៏​បាន​ទិញ​អគ្គិសនី​មួយ​ចំនួន​ពី​ឡាវ​ផង​ដែរ។ តួ​យ៉ាង កាល​ពី​ចុង​ឆ្នាំ​២០១៧ កម្ពុជា បាន​ប្រកាស​ទិញ​អគ្គិសនី​ពី​ឡាវ ដើម្បី​បញ្ចុះ​តម្លៃ​ភ្លើង​នៅ​ខេត្ត​ព្រះវិហារ ពី ១១០០​រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង មក​ត្រឹម ៨០០​រៀល​ក្នុង​១​គីឡូវ៉ាត់​ម៉ោង៕

ប្រភព៖ Xinhua ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;