ដំរី​១ក្បាល​ឆ្លង​ដែន​ពី​ថៃ ជាន់​ស្ត្រី​ខ្មែរ​ម្នាក់​របួស​ធ្ងន់​នៅ​បាត់ដំបង

  • 2018-01-18 10:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ត្រី​ម្នាក់​ដែល​ជា​កម្មករ​ស៊ី​ឈ្នួល​ដក​ដំឡូង បាន​រង​របួស​យ៉ាង​ធ្ងន់ធ្ងរ​រហូត​ដល់​បាក់​ឆ្អឹងជំនី​ខាង​ឆ្វេង​ចំនួន ១០​ក្រាស់ បន្ទាប់​ពី​មាន​សត្វ​ដំរី​ព្រៃ​មួយ​ក្បាល​រត់​មក​ជាន់​ពី​លើ​ទាំង​កម្រោល ខណៈ​កំពុង​សម្រាក​លង់លក់​នៅ​ក្នុង​រោង​កណ្ដាល​ចម្ការ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សារ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ។

រូបភាព​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ
ហេតុការណ៍​នេះ បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ២​និង​៣០​នាទី រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១៨ ខែ​មករា ឆ្នាំ​២០១៧ ត្រង់​ចំណុច​ភ្នំ​ណាំសាប ស្ថិត​នៅ​ក្នុង​ភូមិ​ដំណាក់ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង។
រូបភាព​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ

អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា ដំរី​ដែល​បង្ក​ហេតុ​ជា​ដំរី​ចុះ​ប្រេង ដោយ​វា​បាន​រត់​ចេញ​ពី​ខេត្ត​ឆៈឈើងសៅ ប្រទេស​ថៃ ចូល​មក​ទឹក​ដី​កម្ពុជា កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។ ស្ត្រី​ជា​ជន​រងគ្រោះ មាន​ឈ្មោះ ចក់ គឹមហៃ អាយុ​៣២​ឆ្នាំ ស្នាក់នៅ​និង​ស៊ី​ឈ្នួល​កាប់​ដំឡូង នៅ​ត្រង់​ចំណុច​កើ​ហេតុ។

រូបភាព​ពី​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ

ទាក់ទង​នឹង​បញ្ហា​នេះ លោក សារ៉េត វិសេដ្ឋ អធិការ​រង​នគរបាល​ស្រុក​ភ្នំ​ព្រឹក បាន​លើក​ឡើង​ថា លោក​បាន​រាយការណ៍​ទៅ​អង្គភាព​ជំនាញ​ហើយ ដើម្បី​ចុះ​ពិនិត្យ ឬ​ក៏​ចាត់​វិធានការ​ដោយ​ប្រើប្រាស់​កាំភ្លើង​សម្រាប់​បាញ់​ឲ្យ​សន្លប់។ បច្ចុប្បន្ន ដំរី​មួយ​ក្បាល​នេះ​មិន​ទាន់​ចាក​ចេញ​ពី​កម្ពុជា​វិញ​ទេ គឺ​កំពុង​ស្ថិត​នៅ​ចម្រុះ​ភ្នំ​ណាំសាប នៅ​ឡើយ៕

អត្ថបទ៖ ឈាង.

អត្ថបទថ្មី
;