មេដឹកនាំ​អាស៊ាន-ឥណ្ឌា ប្តេជ្ញា​រក្សា​សន្តិសុខ​លំហ​សមុទ្រ និង​សេរីភាព​នៃការ​ធ្វើ​នាវាចរណ៍

  • 2018-01-26 03:17:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មេដឹកនាំ​អាស៊ាន-ឥណ្ឌា  បាន​បញ្ជាក់​សារ​ជាថ្មី​ក្នុងការ​ថែរក្សា​ និង​លើក​កម្ពស់​សន្តិភាព ស្ថិរភាព សុវត្តិភាព​ និង​សន្តិសុខ​លំហ​សមុទ្រ សេរីភាព​នៃការ​ធ្វើ​នាវាចរណ៍ និងការ​ហោះហើរ​នៅក្នុង​តំបន់ និង​ការ​ប្រើប្រាស់​ដែនសមុទ្រ​ស្របច្បាប់​ដទៃ​ទៀត ព្រម​ទាំង​ការ​ធ្វើ​ពាណិជ្ជកម្ម​ក្នុង​លំហ​សមុទ្រ​ដោយ​មិន​មានការ​រារាំង។ ការ​ប្តេជ្ញា​នេះ ធ្វើឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​២៥ឆ្នាំ អាស៊ាន-ឥណ្ឌា កាលពី​ថ្ងៃទី​២៥ ខែ​មករា​ម្សិលមិញ នៅទី​ក្រុង​ញ៊ូវដេលី ប្រទេស​ឥណ្ឌា។

កិច្ចប្រជុំ​កំពូល​នេះ ធ្វើឡើង​ក្រោម​ប្រធាន​បទ «កិច្ច​សហ​ប្រតិបត្តិការ​លំហ​សមុទ្រ និង​សន្តិសុខ»។ មេដឹកនាំ​អាស៊ាន-ឥណ្ឌា បាន​ប្តេជ្ញា​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង និង​សហការ​អនុវត្ត​ផែនការ​សកម្មភាព ដើម្បី​សន្តិភាព វឌ្ឍនភាព និង​វិបុលភាព​រួម (២០១៦-២០២០) ឲ្យបាន​ពេញ​លេញ មាន​ប្រសិទ្ធភាព និងទាន់​ពេល​វេលា។

មេដឹកនាំ​ទាំងអស់ បាន​ជំរុញ​លើក​កម្ពស់​ការ​ដោះស្រាយ​ដោយ​សន្តិវិធី​នៃ​ជម្លោះ​នានា​ស្របតាម​គោលការណ៍​នៃ​ច្បាប់​អន្តរជាតិ រួមទាំង​អនុសញ្ញា​អង្គការ​សហ​ប្រជាជាតិ ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS) និង​ស្តង់ដារ​ពាក់ព័ន្ធ​នឹងការ​អនុវត្ត​ដោយ​អង្គការ​អាកាសចរណ៍​ស៊ីវិល​អន្តរជាតិ (ICAO) និង​អង្គការ​លំហ​សមុទ្រ​អន្តរជាតិ(IMO)។

ក្នុង​កិច្ច​ប្រជុំ​នោះ​ដែរ សម្តេច​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែង​ថា កម្ពុជា​គាំទ្រ និង​បន្ត​ចូលរួម​ក្នុង​សកម្មភាព​នានា និង​តាម​រយៈ​យន្តការ​នានា​ដែល​មាន​ស្រាប់​នាំមុខ​ដោយ​អាស៊ាន ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​រួម​ក្នុង​បញ្ហា​លំហ​សមុទ្រ បង្កើន​ទំនុកចិត្ត និង​លើក​កម្ពស់​កិច្ចសន្ទនា​ក្នុង​ចំណោម​ភាគី​ពាក់ព័ន្ធ ស្តីពី​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ​តាម​សមុទ្រ​ក្នុងការ​ជួយ​សង្រ្គោះ ការ​រុករក ការ​ស្រាវជ្រាវ​វិទ្យាសាស្រ្ត និងការ​ប្រយុទ្ធ​ប្រឆាំង​ និង​ចោរកម្ម​នៅក្នុង​លំហ​សមុទ្រ។

ជាមួយគ្នា​នេះ កម្ពុជា​ស្វាគមន៍​ទស្សនទាន​សេដ្ឋកិច្ច​ពណ៌ខៀវ (Blue Economy) ដើម្បី​បង្កើត​កិច្ច​សហប្រតិបត្តិការ​លំហ​សមុទ្រ​រវាង​ប្រទេស​សមាជិក​អាស៊ាន និង​ដៃគូ​សន្ទនា ដើម្បី​បង្កើន​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​កំណើន​សេដ្ឋកិច្ច​តំបន់​តាម​រយៈ​ការ​លើកស្ទួយ​សកម្មភាព​រួម និង​គម្រោង​អភិវឌ្ឍន៍​រួម ដែល​ជួយ​ដល់ការ​លើក​កម្ពស់​ការ​ទុកចិត្ត​គ្នា​ទៅវិញ​ទៅមក។

សូម​បញ្ជាក់​ថា មេដឹកនាំ​អាស៊ាន-ឥណ្ឌា បាន​សម្រេច​ចេញនូវ​សេចក្តី​ថ្លែងការណ៍​ញ៊ូដេលី នៃ​កិច្ចប្រជុំ​កំពូល​រំលឹក​ខួប​អនុស្សាវរីយ៍​អាស៊ាន-ឥណ្ឌា ដើម្បី​អបអរសាទរ​ខួប ២៥​ឆ្នាំ នៃ​ទំនាក់ទំនង​ក្នុងភាព​ជា​ដៃគូ​សន្ទនា​អាស៊ាន-ឥណ្ឌា៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;