កម្ពុជា នឹង​ប្រែក្លាយ​ពីការ​ទិញ​អគ្គិសនី​ពី​បរទេស ទៅជា​ការ​ធ្វើ​ពាណិជ្ជកម្ម

  • 2018-01-28 07:00:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក ទីន នរិន្ទ ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា បាន​បញ្ជាក់​ថា នាពេល​ខាងមុខ​នេះ កម្ពុជា នឹង​ខិតខំ​អភិវឌ្ឍ​ប្រភព​អគ្គិសនី​ក្នុង​ស្រុក​ដែល​អាច​ទប់ទល់​នឹង​តម្រូវការ ១០០% ហើយ​ប្រែក្លាយ​ពី​ការ​ទិញ​អគ្គិសនី​ដែល​ពឹង​ផ្អែក​លើ​ដង្ហើម​បរទេស ឲ្យទៅ​ជា​ការធ្វើ​ពាណិជ្ជកម្ម​វិញ។ លោក​បាន​ប្រាប់​អ្នក​កាសែត​ដូច្នេះ ក្រោយ​សន្និបាត​បូក​សរុប​ការងារ​បញ្ចប់​ឆ្នាំ​២០១៧ និង​លើក​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០១៨ របស់​អាជ្ញាធរ​អគ្គិសនី​កម្ពុជា កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៨។

លោក ទីន នរិន្ទ ក្នុងសន្និបាតបូកសរុបការងារ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨
លោក​ពន្យល់​ថា ប្រសិន​បើការ​ទិញ​អគ្គិសនី​ពី​បរទេស​ចំណេញ​ជាង​ការ​ផលិត​ក្នុង​ស្រុក នោះនឹង​ទិញ ហើយ​ក៏អាច​បញ្ឈប់​ការទិញ​អគ្គិសនី​នេះ​គ្រប់​ពេល​បើ​យល់ថា​​ខាត ប៉ុន្តែ​មិន​មែន​​​​​ផ្តាច់​ឈប់​ទិញ​ទាំង​ស្រុង​នោះ​​ទេ។ «​***យើង​មិនមែន​ផ្តាច់​ទេ បំណង​របស់​យើង​ចង់​ប្រែ​ក្លាយ​ការ​ពឹងពាក់ ឲ្យ​ក្លាយ​ទៅ​ជា​ពាណិជ្ជកម្ម​សុទ្ធសាធ មាន​ចំណេញ​យើង​ទិញ អត់​ចំណេញ​យើង​ឈប់***»។

លោក ទីន នរិន្ទ បន្ថែម​ថា បច្ចុប្បន្ន​កម្ពុជា នៅតែ​បន្ត​ពឹងពាក់​លើការ​ប្រើ​អគ្គិសនី​របស់​ប្រទេស​ជិតខាង ដែល​ធ្វើឲ្យ​ប្រទេស​ទាំងនោះ​ដំឡើង​ថ្លៃ​ស្រេច​តែ​ចិត្ត។

តាម​របាយការណ៍​បូក​សរុប​របស់​ប្រធាន​អាជ្ញាធរ​អគ្គិសនី​កម្ពុជា ឲ្យដឹង​ថា ក្នុងឆ្នាំ​២០១៧​កន្លង​ទៅ ការ​នាំចូល​អគ្គិសនី​ពី​ប្រទេស​ជិតខាង​បាន​ថយចុះ​ពី ២២% មកត្រឹម​តែ ១៨,៦% ហើយ​ប្រភព​ថាមពល​ដែលបាន​ប្រើប្រាស់ បាន​កើនឡើង​ដល់​ចំនួន ១១%។

តាម​ផែនការរ​បស់​អាជ្ញាធរ​អគ្គិសនី នៅត្រឹម​ចុងឆ្នាំ​២០២០ យ៉ាងហោច​ណាស់ ៩៨% នៃ​ភូមិ​ទាំងអស់ នឹងមាន​អគ្គិសនី​ប្រើប្រាស់​ចេញពី​ប្រភព​អគ្គិសនី​របស់​បណ្តាញ​ជាតិ ដែល​មាន​តម្លៃ​ទាប​សមរម្យ មានការ​អនុ​គ្រោះ​ថ្លៃ មាន​ស្ថិរភាព និង​មាន​គុណភាព។ លោក ទីន នរិន្ទ លើកឡើង​ថា ភូមិ​ជាង ២%​ទៀត គឺ​ស្ថិតនៅ​លើ​កោះ​ក្នុង​សមុទ្រ និង​នៅ​តំបន់​លិចទឹក​នៃ​បឹង​ទន្លេសាប​ជាដើម ដែលមាន​ការ​ពិបាក​ក្នុងការ​ភ្ជាប់​ចរន្ត​អគ្គិសនី៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;