ក្រសួង​ព័ត៌មាន នឹង​បញ្ជូន​សេចក្ដី​ព្រាង​ច្បាប់ ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​ទៅ​គណៈ​រដ្ឋមន្ត្រី

  • 2018-02-01 02:42:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន ត្រូវ​បាន​ក្រសួង​ព័ត៌មាន បាន​ប្រកាស​បញ្ចប់​ការ​តាក់តែង​ជា​ផ្លូវការ​ហើយ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៨។ ក្រសួង​គ្រោង​នឹង​បញ្ជូន​សេចក្តី​ព្រាងច្បាប់ ដែល​មាន ៩​ជំពូក និង​៣៨មាត្រា​នេះ ទៅកាន់​ទីស្តីការ​គណៈរដ្ឋមន្ត្រី នា​សប្តាហ៍​ក្រោយ ដើម្បី​ប្រជុំ​អន្តរ​ក្រសួង-ពិនិត្យ ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន នៅក្នុង​កិច្ច​ប្រជុំ១ នៅ​សណ្ឋាគារ​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៣១ ខែ​មករា ឆ្នាំ​២០១៨។

លោក ខៀវ ការញារីទ្ធ ថ្លែងនាពេលកន្លងមក
ក្រសួង​ព័ត៌មាន សហការ​ជាមួយ​អង្គការ​យូណេស្កូ ដោយមាន​ការ​គាំទ្រ​ថវិកា​ពី​រដ្ឋាភិបាល​ស៊ុយអ៊ែត បាន​សម្រប​សម្រួល​ឲ្យមាន​ក្រុម​ការងារ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន ដោយ​ចាប់ផ្តើម​តាក់តែង កាលពី​ឆ្នាំ​២០១៥។

សេចក្តី​ព្រាងច្បាប់​នេះ គឺ​តម្រូវ​ឲ្យ​គ្រប់​ស្ថាប័ន​សាធារណៈ​ត្រូវ​បង្ក​លក្ខណៈ​ងាយស្រួល ព្រមទាំង​បើក​ទូលាយ​ក្នុងការ​ផ្ដល់​ព័ត៌មាន​គ្រប់​ប្រភេទ​ដល់​សាធារណជន​តាមការ​ស្នើ​សុំ ដោយ​គ្មានការ​រើស​អើង​តាម​បែប​បទ​ដែល​ងាយ​យល់​ក្នុង​ពេលវេលា និង​តម្លៃ​សមស្រប លើកលែង​តែ​ព័ត៌មាន​សម្ងាត់ ដែល​ស្ថិតក្នុង​បទប្បញ្ញត្តិ ហាម​ឃាត់។

លោក ខៀវ កាញារីទ្ធ ក៏បាន​បញ្ជាក់​ថា ក្នុង​សេចក្តី​ព្រាងច្បាប់​ចុងក្រោយ​នេះ ក្រុម​ការងារ​បច្ចេកទេស បាន​សម្រេច​លុប​ចោល​មួយ​មាត្រា​ចេញ ដែល​ចម្រូង​ចម្រាស់ គឺ​ត្រង់​មាត្រា ៣០ ដែល​បាន​ចែងថា “អំពើ​ញុះញង់​ដោយផ្ទាល់ ឲ្យ​ប្រព្រឹត្ត​អំពើ​ឆាឆៅ រំខាន រារាំង​ការ​បំពេញ​ការងារ​របស់​ស្ថាប័ន​សាធារណៈ ត្រូវបាន​ផ្តន្ទាទោស​តាម​មាត្រា​៥០៥ នៃ​ក្រម​ព្រហ្មទណ្ឌ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា”៕

អត្ថបទ៖ លីហៀង

អត្ថបទថ្មី
;