ហេតុផល​ធំ​មួយ ធ្វើ​ឲ្យ​អ្នក​លក់​ដើម​អង្គាសីល​ឆ្នាំ​នេះ ខាត​ឡុងចុង

  • 2018-02-09 04:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​គិត​មក​ត្រឹម​ថ្ងៃសុក្រ​​នេះ​ គឺ​នៅ​សល់​​តែ​សប្តាហ៍​ទៀតទេ បុណ្យ​ចូលឆ្នាំ​ប្រពៃ​ណី​ចិន ​នឹង​ចូល​មក​ដល់។ ដើម​ផ្កា​អង្គាសីល​ជា​ច្រើន​ដើម​ច្រូងច្រាង​ កំពុង​ដាក់​តម្រៀប​តាំង​លក់​ជា​ជួរ​នៅ​ត្រើយ​ខាង​ជើង​ស្ពាន​ជ្រោយចង្វា​ ស្ថិត​នៅ​ជាប់​ផ្លូវ​ជាតិ​លេខ​៦អា​។

អ្នក​លក់​ដើម​ផ្កា​អង្គាសីល​នៅ​ទី​នោះ​ បាន​លើក​ឡើង​សឹង​តែ​ដូច​គ្នា​ថា "ចប់​ហើយ​ឆ្នាំ​នេះ លក់​មិន​ដាច់​ទេ​​"។ មូលហេតុ​​ធំមួយ ​ដែល​ធ្វើ​អ្នក​លក់​ដើម​ផ្កា​អង្គាសីល​​មិនសូវ​ដាច់ គឺដោយសារ​ ​ថ្ងៃ​ចូល​ឆ្នាំចិន​ឆ្នាំ​នេះ​ ប៉ះ​ចំ​ពាក់​កណ្ដាល​ខែ​ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្កា​រីក​ជ្រុះ​អស់​ មុន​ដល់​ថ្ងៃ​ចូល​ឆ្នាំ​។

​លោក​ ស្រស់​ ស៊ី​ណា​ ដែល​ចាប់​របរ​លក់​ផ្កា​​នេះ​ រយៈពេល ៣​ឆ្នាំ​មកហើយ​នោះ​ បាន​លើក​ឡើង​ថា​ "ឆ្នាំ​នេះ​លក់​អត់​ដាច់​ទេ​ តាំង​ពី​លក់​មក​ លក់​បាន​តែ​២-៣​ដើម​ទេ​។ ​​ផ្កា​ឆ្នាំ​នេះ​អត់​សូវ​មាន​ល្អ​ផ្កា​ច្រើន​​​​ ណា​មួយ​ចូល​ឆ្នាំ​ចិន ​ឆ្នាំ​នេះ​លើក​មក​ដល់​ពាក់​កណ្ដាល​ខែ​ទៀត​ផ្កា​រីក​ជ្រុះ​អស់​បាត់​ហើយ​"។

ចំណែក អ្នក​រកស៊ី​លក់​ និង​កាប់​ដើម​ផ្កា​អង្គាសីល​ជាង​១០ឆ្នាំ​​ ​​​​លោក​ ហាន សុ​ហេន បាន​លើក​ឡើង​ដូច​គ្នា​ដែរថា​ ឆ្នាំ​នេះ​សង្ឃឹម​រក​សល់​តិច​ណាស់​ ផ្កា​អត់​សូវ​ល្អ​ ហើយ​ចំណាយ​ច្រើន​ក្នុង​ការ​ដឹក​ជញ្ជូន​ទៀត​។ លោកថា​រហូត​មក​ដល់​ថ្ងៃ​នេះ​ លក់​បាន​ទើប​តែ​ប៉ុន្មាន​ដើម​តែ​ទេ​ ផ្កា​មិន​ចេញ​គេ​អត់​ទិញ​ ហើយ​ម្យ៉ាង​ទៀត​គឺ​ចូល​ឆ្នាំ​លើក​ដល់​ពាក់​កណ្តាល​ខែ​ទៀត​។

លោក​ ហាន​ សុ​ហេន​ បញ្ជាក់​ទៀត​ថា៖ "បើ​ចូល​ឆ្នាំ​ចិន​ ប៉ះ​ចំ​ថ្ងៃ​ដើម​ខែ​ថ្ងៃ​៣-៤-៥​ វិញ​ គឺ​គ្រប់​ទឹក​ហើយ​ ព្រោះ​ជា​រៀង​រាល់​ឆ្នាំ​ ផ្កា​នេះ​វា​ចេញ​ផ្កា​ដើម​ខែ​២​ តែ​​ឆ្នាំ​នេះ​លើក​មក​ដល់​ពាក់​កណ្ដាល​ខែ​អីចឹង​គឺ​ផុត​ខែ​ផ្កា​ហើយ​។ ដើម​ផ្កា​អង្គាសីល​នេះ​ តែ​ដល់​ផុត​ថ្ងៃ​ចូល​ឆ្នាំ​ហើយ​គឺ​ ធ្វើ​អុស​ដុត​ហើយ​"។

សូម​បញ្ជាក់​ថា​សម្រាប់​ឆ្នាំ​២០១៨​នេះ​ បុណ្យ​ចូល​ឆ្នាំ​ចិន​ គឺ​ត្រូវ​ចំ​ថ្ងៃ​១៦-១៧-១៨ ខែ​កុម្ភៈ​ ដែល​សប្ដាហ៍​ទី២​នៃ​ខែ​កុម្ភៈ​៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;