ឆាយ វីរៈយុទ្ធ ចាត់​ទុក​សាន់ដេ​ ជាទ្រនំ​សុខសាន្ត​បំផុត​

  • 2018-02-13 09:46:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


តារា​ចម្រៀង​ ឆាយ វីរៈយុទ្ធ បានបញ្ជាក់ថា ត្រឹមម៉ោងនេះ​ថ្ងៃនេះ សាន់ដេ គឺជាទ្រនំដ៏សុខសាន្តបំផុតសម្រាប់ខ្លួន ដែលមិនអាចចាកចេញបានទេ។

តារាចម្រៀងល្បីឈ្មោះរូបនេះ បន្តថា ភាពស្រស់ថ្លា និងសប្បាយរីករាយក្នុងទ្រនំសាន់ដេ ធ្វើ​ឲ្យ​​លោកមិនចង់ចាកចេញ ទៅកាន់​ផលិតកម្មណាមួយ​ទៀត​នោះ​ទេ។ ភាពសប្បាយ​រីករាយ ដោយសារ​លោក​កំពុងមាន​បទចម្រៀង​ផ្ទុះជាច្រើន​ក្នុងផលិតកម្ម​មួយនេះ នាចុង​ឆ្នាំ២០១៧ និងដើមឆ្នាំ២០១៨ ហើយលោក​កំពុងពង្រឹង​ខ្លាំងថែម​ទៀត ដើម្បីផ្គាប់ចិត្តអ្នកគាំទ្រ។

ទោះជាយ៉ាងណាក្ដី អតីតតារាចម្រៀង​ប្រចាំ​ផលិតកម្ម​ M រូបនេះ បានបញ្ជាក់ថា អ្វីៗ​អាចនឹងប្រែប្រួលខ្លះៗ ដោយមិន​អាចមើល​ឃើញនោះទេ សម្រាប់​ការផ្លាស់ប្ដូរទ្រនំ នាថ្ងៃអនាគត។ ក៏ប៉ុន្តែសម្រាប់​ពេលនេះ លោកចង់ផ្ដោតតែ​លើផលិតកម្ម សាន់ដេ​ មួយតែប៉ុណ្ណោះ។

លោក ឆាយ វីរៈយុទ្ធ សង្កត់ធ្ងន់ថា ការចាកចេញ​របស់តារា​ចម្រៀងមួយ​ចំនួន ពីសាន់ដេ​ទៅកាន់ផលិតកម្មផ្សេង ក៏ជា​ឱកាស​សម្រាប់ខ្លួន ដើម្បីអាចក្រសោបទីផ្សារចម្រៀង​បានខ្ពស់ថែម​មួយកម្រិត​ទៀត។ ជាក់ស្ដែង​មួយរយៈកន្លងមកនេះ លោកទទួល​ស្គាល់ថា ទីផ្សារចម្រៀង​របស់លោក ពិតជាមានការរីកចម្រើន​ខ្លាំងមែន។

ទន្ទឹមនឹង​នេះ​ដែរ លោក ឆាយ វីរៈយុទ្ធ ក៏មិនភ្លេច ពង្រឹងយុទ្ធសាស្ត្រ​បន្ថែមដែរ ដូចជា​ចង្វាក់រាំ និងចម្រៀងបែបញាក់កន្ត្រាក់​អារម្មណ៍ ដែលកំពុងទទួលការគាំទ្រខ្លាំង​នៅតាមកម្មវីធីប្រគំតន្ត្រីនានា៕

អត្ថបទ៖ ចរិយា

អត្ថបទថ្មី
;