ផ្លូវដែក​ពី​ក្រុង​បាងកក មក​ដល់​ក្រុង​សិរី​សោភ័ណ​ ត្រូវ​បាន​​តភ្ជាប់​​រួចរាល់​ជា​ស្ថាពរ

  • 2018-02-13 23:56:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​ថា ផ្លូវដែក​កម្ពុជា-ថៃ ដែល​ភ្ជាប់​ពីក្រុង​បាងកក មកដល់ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មានជ័យ ត្រូវបាន​សាងសង់​រួចរាល់​ជា​ស្ថាពរ​ហើយ កាលពី​ថ្ងៃទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៨។

ផ្លូវដែកភ្ជាប់ពីក្រុងបាងកក-ក្រុងសិរីសោភ័ណ (រូបថត៖ ក្រសួងសាធារណការ)
ដើម្បី​ឆ្លើយតប និង​ការ​ចូលរួម​កាត់​បន្ថយ​ចំណាយ​លើការ​ដឹក​ជញ្ជូន និងកាត់​បន្ថយ​គ្រោះថ្នាក់​ព្រមទាំង​ការ​កក​ស្ទះ​ចរាចរណ៍ ក្រសួង​សាធារណការ គ្រោង​ដាក់​ដំណើរការ​សាកល្បង នូវការ​ផ្តល់​សេវា​ដឹក​ជញ្ជូន​តាមផ្លូវ​ដែក​នេះ​នៅ​មុន​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ នាខែមេសា​ខាងមុខនេះ។

ការ​សម្រេច​តភ្ជាប់​ផ្លូវដែក​ពី​បាងកក មកដល់​សិរីសោភ័ណ​នេះ ខណៈ​ពេលដែល​ស្ថានីយ​រថភ្លើង​អន្តរជាតិ​ប៉ោយប៉ែត នឹង​ត្រូវ​បញ្ចប់​ការ​ជួសជុល​ទាំងស្រុង​នៅមុន​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ផងដែរ។

សូម​រម្លឹក​ថា កិច្ច​ព្រមព្រៀង​តភ្ជាប់​ផ្លូវដែក​រវាង​កម្ពុជា និង​ថៃ ត្រូវបាន​ធ្វើឡើង​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង២ កាលពី​ចុងឆ្នាំ​២០១៥។ ការ​តភ្ជាប់​ផ្លូវ​ដែក​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី ដល់ ២០ពាន់​លាន​ដុល្លារ ត្រឹមឆ្នាំ​២០២០។

ផ្លូវដែកភ្ជាប់ពីក្រុងបាងកក-ក្រុងសិរីសោភ័ណ (រូបថត៖ ក្រសួងសាធារណការ)

សូម​ជម្រាប​ថា ដំណាក់កាល​នៃការ​កសាង​ផ្លូវដែក​នេះ គឺ​ចាប់ផ្តើម​ពី​ប៉ោយប៉ែត ទៅ​សិរីសោភ័ណ ពី​សិរីសោភ័ណ ទៅ​បាត់ដំបង ពី​បាត់ដំបង ទៅ​ពោធិ៍សាត់ ហើយនឹង​បន្ត​ភ្ជាប់មក​ដល់​រាជធានី​ភ្នំពេញ។

បើ​តាមការ​បញ្ជាក់​របស់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ខេត្ត​បន្ទាយ​មានជ័យ​លោក គឹម សុវណ្ណ កាល​ពី​ថ្ងៃទី២៤ ខែ​មករា ឆ្នាំ​២០១៨​ថា ក្រសួង​សាធារណការ គ្រោង​បញ្ចប់​ការ​សាងសង់​ផ្លូវ​រថភ្លើង ពី​រាជធានី​ភ្នំពេញ ទៅ​ក្រុង​ប៉ោយប៉ែត​ដែល​មាន​ប្រវែង​ជាង​៣០០​គីឡូម៉ែត្រ ​យ៉ាង​យូរ​ត្រឹម​ខែ​កក្កដា ឆ្នាំ​២០១៨​ខាងមុខ។ ចំណែក​ឯ​ការ​បើក​ដំណើរការ​ផ្លូវ​រថភ្លើង​ឆ្លងកាត់​កម្ពុជា​-​ថៃ នៅ​មិនទាន់​បាន​កំណត់​ជាក់លាក់​នៅឡើយ។ ប៉ុន្តែ​ក្នុង​ជំនួប​រវាង សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​នាយក​រដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូចា នៅ​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ មករា ឆ្នាំ​២០១៨ បាន​បញ្ជាក់​ថា ផ្លូវ​រថ​ភ្លើង​ពី​បាងកក​មក​ភ្នំពេញ​ នឹង​បើក​ដំណើរការ​នៅ​ឆ្នាំ​២០២០៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;