ចម្លាក់​ប្រាក់​ខ្មែរ ល្បីល្បាញ​ខ្លាំង​នៅ​កំពង់ហ្លួង និងមាន​ទីផ្សារ​​នៅ​ក្រៅ​​ប្រទេស

  • 2018-02-18 06:55:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ឃុំ​កំពង់ហ្លួង ស្រុក​ពញាឮ ខេត្ត​កណ្ដាល ជា​តំបន់​ល្បីល្បាញ​ខាង​ធ្វើ​ចម្លាក់​ប្រាក់​ខ្មែរ និង​គ្រឿង​អលង្ការ។ វត្ថុ​សិល្បៈ​កម្ម​ផលិត​ពី​លោហៈធាតុ មាន​ដូចជា ស្ពាន់ ទង់ដែង និង​ប្រាក់ កំពុង​ពេញ​និយម​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក និង​អន្ដរជាតិ ដែល​បាន​ទៅ​កម្សាន្ត​នៅ​តំបន់​នោះ។ សព្វថ្ងៃ មុខរបរ​នេះ កំពុង​មាន​ទីផ្សារ នៅ​អឺរ៉ុប ថៃ និង​ក្នុង​តំបន់។

១. អ្នក​ស្រី ដេន ម៉ាស់ អាយុ​៥៦​ឆ្នាំ ប្រធាន​សមាគម​សិប្បកម្ម​ចម្លាក់​ប្រាក់ ឃុំ​កំពង់​ហ្លួង​និង​ឃុំ​កោះ​ចិន កំពុង​បង្ហាញ​សន្លឹក​ស្ពាន់ ដែល​ជា​វត្ថុ​ធាតុ​ដើម​នៃ​ការ​ធ្វើ​ចម្លាក់​ស្ពាន់​។ អ្នក​ស្រី​ចាប់​ផ្ដើម​រក​ស៊ី​ទិញ​ស្ពាន់ ទិញ​ប្រាក់ ធ្វើ​ចម្លាក់​ខ្មែរ នៅ​ឆ្នាំ​១៩៨១ ដោយ​បន្ត​ការងារ​ពី​ម្ដាយ​។

២. កូន​ជាង​នៅ​ក្នុង​រោង​ជាង​របស់​អ្នក​ស្រី ដេន ម៉ាស់ កំពុង​ដំ​បំណែក​ស្ពាន់ ដើម្បី​ដំឡើង​ទៅ​ជា​ថាស ផ្តិល​ខាត់ ជើង​ពាន និង​វត្ថុ​ផ្សេង​ៗ​ទៀត​តាម​ការ​បញ្ជា​ទិញ​។ ក្នុង​មួយ​ថ្ងៃ ជាង​អាច​​ដំឡើង​ថាស​ស្ពាន់ ផ្ដិល​ខាត់ ជើង​ពាន និង​វត្ថុ​ផ្សេង​ៗ​ទៀត​ដែល​មាន​ទំហំ​ប្រហាក់ប្រហែល​គ្នា និង​ដែល​មិន​ទាន់​មាន​ក្បាច់​រចនា​នេះ បាន​ចំនួន​ពី​៥​ទៅ​៧​។

៣. នៅ​ក្នុង​រោង​ជាង​របស់​អ្នក​ស្រី ដេន ម៉ាស់ កូន​ជាង​កំពុង​ដុត​ចម្លាក់​ល្ពៅ​ធ្វើ​ពី​ស្ពាន់ ដើម្បី​ឲ្យ​វា​កាន់​តែ​រឹង​មាំ​និង​ស្វិត​។ ដើម្បី​ឲ្យ​ចម្លាក់​ស្ពាន់​ឬ​ប្រាក់ កាន់​តែ​រឹង​មាំ​និង​ស្វិត ជាង​ចម្លាក់​ត្រូវ​ដុត​ចម្លាក់​របស់​ខ្លួន​ឲ្យ​បាន​ច្រើន​ដង​។

៤. ក្រោយ​ពេល​ដុត​រួច​ហើយ កូន​ជាង​កំពុង​ត្រួត​ពិនិត្យ​ក្បាច់​ផ្កា​ភ្ញី និង​ទ្រង់​ទ្រាយ​គ្រឿង​ចម្លាក់​របស់​ខ្លួន​ឡើង​វិញ​។ បន្ទាប់​មក កូនជាង​ចាប់​ផ្ដើម​កែ​សម្រួល​ក្បាច់​ផ្កា​ភ្ញី​និង​ទ្រង់​ទ្រាយ​ជា​ថ្មី​ម្ដង​ទៀត ដើម្បី​ឲ្យ​គ្រឿង​ចម្លាក់​កាន់​តែ​លេច​ធ្លោ​ឡើង​ថែម​ទៀត​។

៥. អ្នក​ស្រី ដេន ម៉ាស់ កំពុង​កាន់​បង្ហាញ​ផ្តិល​ខាត់​មាន​ជើង​ធ្វើ​ពី​ស្ពាន់​ក្រូម៉េ ដែល​ជា​ផលិត​ផល​សម្រេច នៅ​ខាងមុខ​ផ្ទះ​របស់​អ្នក​ស្រី នៅ​ខេត្ត​កណ្ដាល​។ រហូត​មក​ទល់​ពេល​នេះ សិប្បកម្ម​ចម្លាក់​ស្ពាន់​របស់​លោក​ស្រី បាន​នាំចេញ​ផលិត​ផល​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ជា​ច្រើន ខណៈ​​ប្រទេស​ថៃ ឡាវ និង​ចិន ជា​ទី​ផ្សារ​ធំ​ជាង​គេ​៕

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី
;