កសិដ្ឋានចិញ្ចឹមទន្សាយដំបូងគេនៅកម្ពុជា មានទីតាំងនៅភ្នំពេញ
- 2018-02-19 08:15:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កសិដ្ឋានចិញ្ចឹមទន្សាយដំបូងគេនៅកម្ពុជា មានទីតាំងនៅភ្នំពេញ
ចន្លោះមិនឃើញ
ក្រុមការងារផ្លូវទៅស្រុក វគ្គ២ បានមកដល់កន្លែងចិញ្ចឹមសត្វទន្សាយដ៏ធំមួយកន្លែងនៅរាជធានីភ្នំពេញ។ ចង់ដឹងថា កន្លែងចិញ្ចឹមសត្វទន្សាយនេះ នៅម្ដុំណា និងមានដំណើរដើមទងយ៉ាងណានោះ សូមតាមដានបណ្ដុំរូបភាព អមជាមួយការពិព័ណ៌នា ក្រោមរូបភាពនីមួយៗ ដូចខាងក្រោម៖
១. អ្នកស្រី កែវ ម៉ាឡែន វ័យ៣០ឆ្នាំ ជាម្ចាស់កសិដ្ឋានចិញ្ចឹមទន្សាយ Cambofarm ដែលមានទីតាំងស្ថិតនៅសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ។ កសិដ្ឋានមួយនេះ មានសត្វទន្សាយ សម្រាប់លក់ទៅកាន់ទីផ្សារក្នុងស្រុក ស្ទើរគ្រប់ខេត្ត-រាជធានី។
២. អ្នកស្រី កែវ ម៉ាឡែន និងស្វាមី ដាក់កូនទន្សាយឱ្យស៊ីចំណីនៅលើបង់អង្គុយ មុខផ្ទះរបស់ខ្លួន។ ការធ្វើអាជីវកម្មរបស់អ្នកស្រី ម៉ាឡែន ចាប់ផ្តើមឡើងដោយការស្រឡាញ់សត្វចិញ្ចឹម។ កាលនោះ នៅឆ្នាំ ២០១០ អ្នកស្រី និងប្តី ចាប់ផ្តើមចិញ្ចឹមទន្សាយតែពីរ បីក្បាលប៉ុណ្ណោះ។
៣. អ្នកស្រី កែវ ម៉ាឡែន កំពុងប្រមូលអាចម៍ទន្សាយចេញពីក្រោមទ្រុង នាព្រឹកមួយ។ ការចិញ្ចឹមទន្សាយបានក្លាយជាការធ្វើអាជីវកម្មពិតប្រាកដនៅឆ្នាំ ២០១២ បន្ទាប់ពីអ្នកស្រីឈប់ធ្វើការឱ្យក្រុមហ៊ុនឯកជន និង ចង់មានពេលវេលាច្រើនដើម្បីមើលថែទាំគ្រួសារ ព្រមទាំងមើលឃើញពីទីផ្សារសត្វទន្សាយនៅកម្ពុជា។
៤. សម្រាប់ការធ្វើអាជីវកម្ម កសិដ្ឋាន Cambofarm មានចិញ្ចឹមសត្វទន្សាយ និង កណ្តុរបារាំង ដែលមានចំនួនជិត ១ពាន់ក្បាល។ ទន្សាយរបស់ Cambofarm មាន៧ប្រភេទគឺ៖ ទន្សាយក្នុងស្រុក ទន្សាយតូចត្រចៀកខ្លី ទន្សាយស្រម៉ូវ ទន្សាយរោមវែង ទន្សាយរោមកាំម៉្ញី ទន្សាយត្រចៀកធ្លាក់ និងទន្សាយ Newzealand White។
៥. អ្នកស្រី កែវ ម៉ាឡែន កំពុងកាត់ក្រចកជើងឱ្យទន្សាយ។ ក្រៅពីការចិញ្ចឹមទន្សាយលក់ Cambofarm ក៏មានសេវាមើលថែទាំ សម្អាត និង ទទួលចិញ្ចឹមសត្វទន្សាយជូនអតិថិជនផងដែរ។
៦. អ្នកស្រី កែវ ម៉ាឡែន និងក្មួយ កំពុងរៀបទន្សាយសាច់ដាក់ចូលទៅក្នុងទ្រុង ផ្ញើទៅឱ្យអតិថិជន នៅក្រុងព្រះសីហនុ។ Cambofarm មានលក់ទាំងទន្សាយសម្រាប់យកទៅចិញ្ចឹម និង ទន្សាយដែលគេយកទៅធ្វើជាអាហារ៕
អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក