ហុងគ្រី មិន​គាំទ្រ​សេចក្តី​សម្រេច​ដែល​មាន​ចេតនា​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា​​ឡើយ

  • 2018-02-19 12:09:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រទេស​ហុងគ្រី នឹង​គាំទ្រ​ដល់​ប្រទេស​កម្ពុជា ទាំង​ផ្លូវការ និង​ក្រៅ​ផ្លូវការ នៅក្នុង​សហភាព​អឺរ៉ុប សម្រាប់​បញ្ហា​នានា ដែល​ទាក់ទង​នឹង​ការ​ប្តេជ្ញា​ចិត្ត​របស់​សភា​អឺរ៉ុប​លើ​កម្ពុជា នឹង​ផ្តល់​ការ​គាំទ្រ​កម្ពុជា ពិសេស​នឹង​មិន​គាំទ្រ​សេចក្តី​សម្រេច​ណា​ដែល​មាន​ចេតនា​ដាក់​ទណ្ឌកម្ម​លើ​កម្ពុជា នៅក្នុង​សភា​អឺរ៉ុប​ឡើយ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Zsolt Semjén ឧប​នាយក​រដ្ឋមន្ត្រី នៃ​ប្រទេស​ហុងគ្រី នៅក្នុង​ជំនួប​ពិភាក្សា​ជាមួយ​លោក​ឧប​នាយក​រដ្ឋមន្ត្រី ហោ ណាំហុង កាលពី​ថ្ងៃទី​១៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា រដ្ឋធានី​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី។

ការ​លើកឡើង​នេះ គឺ​ឆ្លើយតប​ទៅនឹង​លោក ហោ ណាំហុង ដែលបាន​ស្នើសុំ​ការ​គាំទ្រ​ពី​ហុងគ្រី ដើម្បី​កុំឱ្យ​សហភាព​អឺរ៉ុប​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​កម្ពុជា។

លោក Zsolt Semjén បាន​បញ្ជាក់​ថា ហុងគ្រី​គោរព​របៀប​អនុវត្ត​តាម​លក្ខណៈ​ប្រទេស​រៀងៗ​ខ្លួន។ ប្រទេស​ហុងគ្រី​មាន​ គោល​នយោបាយ​បើក​ចំហរ​ឆ្ពោះ​ទិស​ខាង​កើត គិត​ទាំង​កិច្ច​សហ​ប្រតិបត្តិការ ជាមួយ ចិន រុស្ស៊ី និង​អាស៊ាន ជា​ពិសេស​កម្ពុជា។

លោក​បន្ត​ថា ប្រទេស​ហុងគ្រី គឺជា​ផ្នែក​មួយ​នៃ VISIGRAD (ប៉ូឡូញ ហុងគ្រី ស្លូវ៉ាគី និង​សាធារណរដ្ឋ​ឆេក) ដែល​បច្ចុប្បន្ន​ជា "ក្បាល​ម៉ាស៊ីន" នៃ​សហភាព​អឺរ៉ុប។ ប្រទេស​ទាំង​បួន​មាន​ឥទ្ធិពល​សេដ្ឋកិច្ច​យ៉ាងខ្លាំង​នៅក្នុង​សហភាព​អឺរ៉ុប។

សូម​ជម្រាប​ថា លោក ហោ ណាំហុង បាន​ដឹកនាំ​គណៈ​ប្រតិភូ​កម្ពុជា​មក​ចូលរួម “កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​ប្រតិបត្តិ នៃ​អង្គការ​អ្នក​ប្រជា​ធិបតេយ្យ​និយម​កណ្ដាល” (Executive Committee Meeting of Centrist Democrat International – CDI) នៅ​រដ្ឋធានី​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី ពី​ថ្ងៃទី​១៥-១៧ កុម្ភៈ ២០១៨។ ក្នុង​ឱកាស​នេះ​ដែរ លោក​ក៏បាន​ជួប​ពិភាក្សា​ជាមួយ​លោក Viktor Orbán នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​ហុងគ្រី​ផងដែរ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;