ប្រភពនាំចេញចង្រិតធំជាងគេនៅកម្ពុជា ផ្ដើមចេញពីខេត្តមួយ
- 2018-02-21 04:42:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រភពនាំចេញចង្រិតធំជាងគេនៅកម្ពុជា ផ្ដើមចេញពីខេត្តមួយ
ចន្លោះមិនឃើញ
ក្រៅពីបង្កងទឹកសាប និង ពងទាកូនឆ្ងាញ់ ខេត្តតាកែវ ក៏ល្បីល្បាញខ្លាំងដែរចំពោះការចិញ្ចឹមចង្រិតដ៏ធំ ដែលនាំចេញទៅស្ទើរគ្រប់ខេត្ត-រាជធានី។ ខាងក្រោមនេះ គឺជាការចែករំលែកបទពិសោធន៍ នៃការចិញ្ចឹមចង្រិត របស់លោក ញឿក ភារម្យ អាយុ២៨ឆ្នាំ ម្ចាស់កសិដ្ឋានចិញ្ចឹមចង្រិត នៅភូមិត្រពាំងឬស្សី ឃុំបារាយណ៍ ស្រុកដូនកែវ ខេត្តតាកែវ៖
១. លោក ញឿក ភារម្យ ចាប់ផ្តើមចិញ្ចឹមចង្រិត នៅឆ្នាំ ២០១១ បន្ទាប់ពីលោកបានសិក្សាស្រាវជ្រាវវិធីសាស្ត្រចិញ្ចឹមសត្វប្រភេទនេះតាមយូធូប និងមើលឃើញពីសក្តានុពលនៃទីផ្សារចង្រិតនៅកម្ពុជា។ នៅក្នុងរូបនេះ លោកភារម្យ កំពុងកាន់ថាសដាក់ចំណីចង្រិត នៅក្នុងរោងចិញ្ចឹមក្បែរផ្ទះ។
២. លោក ញឿក ភារម្យ កំពុងរៀបចំសម្បុកចង្រិត ដាក់ក្នុងអាងចិញ្ចឹម។ អាងស៊ីម៉ង់តិ៍សម្រាប់ចិញ្ចឹមចង្រិតនេះ មានទទឹង២ ម៉ែត្រ បណ្តោយ៧ម៉ែត្រ កម្ពស់៨តឹក។ ឯសម្បុកចង្រិតវិញ គេអាចធ្វើពីស្លឹកប្ញស្សី កាកអំពៅ បាវក្រចៅ ឬ ប្រអប់ពងមាន់ពងទាធ្វើពីក្រដាស។
៣. កូនចង្រិតតូចៗ ដែលទើបនឹងញាស់ចេញពីពង នាំគ្នាតោងសម្បុកដែលធ្វើពីប្រអប់ពងមាន់ពងទា។ ចង្រិតតូចៗនេះ គឺជាកូនពូជ ដែលគេយកទៅចិញ្ចឹមនៅក្នុងអាងដែលបានរៀបចំរួចជាស្រេច តាំងពីពួកវានៅជាពងមកម៉្លេះ។
៤. លោក ញឿក ភារម្យ កំពុងដាក់ចំណីឱ្យចង្រិតស៊ី។ ការដាក់ចំណីនេះ ធ្វើឡើងមួយថ្ងៃ២ដង គឺពេលព្រឹក និង ពេលល្ងាច។ ប៉ុន្តែទឹកសម្រាប់ចង្រិតផឹក ត្រូវមានពេញមួយថ្ងៃ។ គេអាចចាប់ចង្រិតលក់បាន បន្ទាប់ពីចិញ្ចឹមវាអស់រយៈពេល ៤៥ថ្ងៃ។
៥. ក្រៅពីការលក់ចង្រិតរស់ ពងចង្រិតសម្រាប់ធ្វើពូជ លោក ញឿក ភារម្យ មានលក់ចង្រិតបំពង ហើយមានគម្រោងផលិតម្សៅចង្រិត នាំចេញទៅលក់នៅបរទេសផងដែរ៕
អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក