កូរ៉េ ស្នើសុំ​កម្ពុជា ឲ្យ​ជួយ​គាំទ្រ​គោល​នយោបាយ​តំបន់​អាស៊ី​ខាងត្បូង​របស់​ខ្លួន

  • 2018-02-21 07:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក អូ ណាក់យ៉ុង (Oh Nak-Young ) ឯក​អគ្គ​រដ្ឋទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ទើប​តែងតំាងថ្មី​ប្រចំា​នៅ​កម្ពុជា បានស្នើ​សុំ​សម្តេច ហេង សំរិន ប្រធាន​រដ្ឋ​សភា ឲ្យ​ជួយ​គំាទ្រ និង​ជំរុញ​គោលនយោបាយ​ថ្មី​របស់​រដ្ឋាភិបាល​​កូរ៉េ ចំពោះ​តំបន់​អាស៊ី​ខាងត្បូង។ ការ​ស្នើ​នេះ បាន​ធ្វើឡើង​នៅក្នុង​ជំនួប​ពិភាក្សា​គ្នា​១ នៅព្រឹក​ថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅ​វិមាន​រដ្ឋសភា។

លោក អូ ណាក់យ៉ុង បាន​ជម្រាប​ជូន​សម្តេច ហេង សំរិន ថា ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ លោក មូន ចែអ៊ីន បាន​ដាក់​ចេញ​នូវ​គោល​នយោបាយ​កិច្ច​សហប្រតិបត្តិការ​អាស៊ី​ខាងត្បូង ដែល​សំដៅ​ដល់​កិច្ច​សហ​ប្រតិបត្តិការ​រវាង​កូរ៉េ ជាមួយ​បណ្តា​ប្រទេស​អាស៊ី-អាគ្នេយ៍។ កិច្ច​សហ​ប្រតិបត្តិការ​នេះ មិន​សំដៅ​ត្រឹមតែ​ជា​ការ​រឹត​ចំណង​ការទូត​នោះទេ តែ​សំដៅ​ដល់​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រជាជន​ថែមទៀត។

សម្តេច ហេង សំរិន បាន​បញ្ជាក់​ថា សាធារណរដ្ឋ​កូរ៉េ បាន​នឹង​កំពុង​ដើរតួ​យ៉ាង​សំខាន់​ក្នុងការ​ចូលរួម​អភិវឌ្ឍ​ប្រទេស​កម្ពុជា តាមរយៈ​ការ​ផ្តល់​ជំនួយ​ឥត​សំណង កម្ចី​ឥណទាន​សម្បទាន ក្នុង​គម្រោង​នានា​ជាច្រើន។

ក្រៅពី​នេះ សាធារណរដ្ឋ​កូរ៉េ ក៏ជា​ទីផ្សារ​ការងារ​ដ៏​ធំ សម្រាប់​ពលករ​កម្ពុជា។ សម្តេច ហេង សំរិន ក៏បាន​ស្នើឲ្យ​ភាគី​កូរ៉ ទទួលយក​ពលករ​កម្ពុជា​កាន់តែ​ច្រើន​ថែម​ទៀត​ផងដែរ។

លោក អូ ណាក់យ៉ុង បាន​សន្យា​ថា នឹង​ខិតខំ​អនុវត្ត​តាម​សំណើ​របស់​សម្តេច។ លោក​បន្ថែម​ថា អ្វីដែល​សម្តេច​បាន​ស្នើឡើង​គឺ​សុទ្ធសឹង​ស្ថិតនៅ​ក្នុង​ក្របខណ្ឌ​គោល​នយោបាយ​អាស៊ី​ខាងត្បូង​របស់​កូរ៉េ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;