ស្ពានកោះប៉ែន នឹងត្រូវបានសម្ពោធជាផ្លូវការនៅពាក់កណ្តាលខែមីនា
- 2018-02-25 08:17:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ពានកោះប៉ែន នឹងត្រូវបានសម្ពោធជាផ្លូវការនៅពាក់កណ្តាលខែមីនា
ចន្លោះមិនឃើញ
ពេលវេលានៃការសម្ពោធស្ពានកោះប៉ែន ក្រោមអធិបតីភាពសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមការគ្រោងទុកនឹងប្រារព្ធធ្វើឡើង ក្នុងអំឡុងសប្តាហ៍ទី២ ខែមីនា ឆ្នាំ២០១៨ ខាងមុខនេះ។ នេះបើតាមតាមការបង្ហើបឱ្យដឹងពីលោកឧត្តមសេនីយ៍ទោ គង់ អៀង នាយករង នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិដែលទទួលបន្ទុកក្នុងការស្ថាបនាស្ពានកោះប៉ែន ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យលទ្ធផលស្ថាបនាបង្ហើយនូវគ្រឿងបំពាក់តួស្ពានដែលបាននឹងកំពុងបន្តសកម្មភាពយ៉ាងមមាញឹក កាលពីចុងសប្តាហ៍កន្លងទៅថ្មីៗនេះ។
ដើម្បីធានាឱ្យបានទាន់ពេលវេលា សម្រាប់ការប្រារព្ធពិធីសម្ពោធស្ពាន ខាងលើនេះ កម្លាំងជំនាញគ្រប់ផ្នែកគ្រប់ថ្នាក់ បានបង្កើនសកម្មភាព ក្នុងការស្ថាបនាបង្កាន់ដៃ និងដាក់សសរដងគោមភ្លើង អមសងខាងស្ពាន និងធ្វើក្បូរក្បាច់រចនាក្បាលស្ពានទាំងសងខាង។ ចំណែកសកម្មភាពចាក់ក្រាលផ្លូវបេតុង នាទិសត្រើយខាងកើតស្ពាន ប្រវែងប្រមាណជាង ៣០០ម៉ែត្រ បាននឹងកំពុងដំណើរការជិតរួចរាល់ផងដែរ។
សូមជម្រាបថា ស្ពានបេតុងនេះ មានបណ្តោយប្រវែង ៧៧៩ម៉ែត្រ ទទឹង ៩,២ម៉ែត្រ និងកម្ពស់ពី ២៣ ទៅ ២៤ម៉ែត្រ សាងសង់ដោយកម្លាំងវិស្វកម្ម នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ដោយចំណាយថវិកាប្រមាណ ១៣លានដុល្លារ។ ស្ពាននេះគឺឆ្លងកាត់ពីភូមិព្រែកដើមចាន់ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ទៅកាន់កោះកំពង់ត្រុំ ក្នុងភូមិសាស្ត្រឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
រាជរដ្ឋាភិបាល បានអនុញ្ញាតឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ស្ពាននេះ ជាបណ្តោះអាសន្ន អស់រយៈកាលជាង ១០ខែកន្លងទៅហើយ៕