លោក Duterte ប្រកាសមិន​ចូល​រួម​កិច្ចប្រជុំ​កំពូល​អាស៊ាន-អូស្រ្តាលី

  • 2018-03-05 09:45:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​ Rodrigo Duterte​ ប្រធានាធិបតីហ្វីលីពីន​ បាន​ប្រកាសថា លោក អាចនឹង​មិន​ចូល​រួម​ប្រជុំ​កំពូល​តំបន់​អាស៊ាន នៅទីក្រុង Sydney ​ប្រទេស​អូស្រ្តាលី​ ដែល​ត្រូវ​ប្រារព្ធ ធ្វើ​នៅ​ថ្ងៃ​ ១៧-១៨ ខែមីនា ឆ្នាំ ២០១៨ខាងមុខនេះ ដោយសារហេតុថា "លោកត្រូវ​រក្សាវត្តមាន​នៅក្នុង​ប្រទេស ដោយមិនអាច​អត់បាន" ។ នេះ​បើ​តាម​ការថ្លែង​របស់​លោក Harry Roque អ្នក​នាំ​ពាក្យ​របស់​លោក​ Duterte​។

លោក Roque បាន​បន្តទៀតថា "លោកប្រធានាធិបតី​ ពិតជាមានការ​សោកស្តាយ ដែលលោក​នឹងមិនបាន​ទៅចូលរួមកិច្ច​ប្រជុំកំពូល អាស៊ាន-អូស្ត្រាលី នៅក្នុងខែមីនា​នេះឡើយ។ ស្ថានការណ៍​វិវឌ្ឍន៍នៅ​ក្នុងប្រទេស តម្រូវជាចាំបាច់​ឲ្យលោកប្រធានាធិបតី រក្សាវត្តមាន​នៅក្នុង​ប្រទេស​ហ្វីលីពីន"

លើសពីនេះ លោក Duterte នឹង​បញ្ជូន​លោក Alan Peter Cayetano រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ហ្វីលីពីន ជា​តំណាង​ទៅ​កាន់​អង្គប្រជុំ​កំពូល​នេះ ខណៈដែរ​លោក ប្រធានាធិបតី Duterte នឹង​ចូល​រួម​កម្មវិធី​​ចែក​សញ្ញាបត្រ​ នៅ​សាលា​រាជ​បណ្ឌិត​សភា​កង​ទ័ព​ហ្វីលីពីន។ ហើយលោក ក៏គ្រោង​នឹង​យក​កម្ម​វិធី​នេះ​ ដើម្បីនិយាយ​ទៅកាន់​មន្រ្តី​នរគបាល​វ័យ​ក្មេង អំពី​ការ​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​ "អំពើ​ភេរវកម្ម​នា​សម័យ​ទំនើប"​ ផងដែរ។

គូសបញ្ជាក់ថា ប្រទេស​អូស្រ្តាលី​ គឺស្ថិតក្នុ​ងចំណោម​ប្រទេស​ជាច្រើន ដែល​ធ្វើ​ការ​រិះគន់​លោក Duterte ពាក់ព័ន្ធនឹងការ​សម្លាប់ប្រជាជនហ្វីលីពីនរាប់ពាន់នាក់ក្រៅប្រព័ន្ធច្បាប់ ក្នុង​សង្រ្គាម​ប្រឆាំង​នឹងគ្រឿង​ញៀន​របស់​លោក​ Duterte​ នៅ​អង្គប្រជុំ​គណកម្មកា​រសិទ្ធិ​មនុស្ស​របស់ UN ក្នុង​ទីក្រុងGeneva  ប្រទេស​ស្វីស​ កាល​ពីឆ្នាំមុន។

ប្រភព៖ The Jakarta Post ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;