រថយន្ត​នាំ​ចូល​ពី​ថៃ​ទៅ​កាន់​វៀតណាម មិន​ត្រូវ​បាន​យក​ពន្ធ​ជា​លើក​ដំបូង

  • 2018-03-06 04:19:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត​របស់​ក្រុមហ៊ុន​ហុងដា​ជាង ២​ពាន់​គ្រឿង ​ត្រូវ​បាន​នាំ​ចូល​ពី​ប្រទេស​ថៃ ទៅ​កាន់​វៀតណាម ដោយ​មិន​ត្រូវ​បាន​យក​ពន្ធ ​ក្រោម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​របស់​អាស៊ាន (AFTA) កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ។ រថយន្ត​ទាំង​នេះ មាន​ម៉ាក Jazz, Accord, CR-V និង Civic ។

អ្នកនាំពាក្យ​ក្រុមហ៊ុន​ហុងដា​ប្រចាំ​នៅ​ប្រទេស​វៀតណាម បាន​ឲ្យដឹង​ថា ដើម្បី​នាំចូល​យានយន្ត​ទៅ​កាន់​វៀតណាម​បាន​ ក្រុមហ៊ុន​បាន​បំពេញ​លក្ខខណ្ឌ ស្របតាម​ក្រឹត្យ ១១៦ របស់​វៀតណាម ស្ដីពី​ការ​ផលិត ការដំឡើង ការនាំចូល ការ​ផ្ដល់​ការ​ធានា ការ​ថែទាំ​រថយន្ត និង​វិញ្ញាបនបត្រ​យល់ព្រម​នូវ​ប្រភេទ​រថយន្ត​របស់​នាយកដ្ឋាន​ដឹកជញ្ជូន​ផ្លូវ​គោក​របស់​ថៃ។

រថយន្ត​ដែល​នាំចូល​ទៅ​កាន់​វៀតណាម​ជាង ២០០០​គ្រឿង​នោះ នឹង​ត្រូវ​ដាក់​លក់​ក្នុង​ចន្លោះ​ខែ​ឧសភា ដល់​ខែ​មិថុនា ដើម្បី​ទុក​ពេល​ឲ្យ​ក្រុម​ជំនាញ​ធ្វើ​ការ​ត្រួត​ពិនិត្យ​រថយន្ត​ជា​មុន​សិន​។ តម្លៃ​របស់​រថយន្ត​នីមួយៗ​ នឹង​អាច​ធ្លាក់​ចុះ​ជាង ៨៨០០​ដុល្លារ បើ​ធៀប​នឹង​តម្លៃ​ពេល​យក​ពន្ធ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​ប្រឹក្សា​ក្រុមហ៊ុន​ហុងដា​។

សូម​ជម្រាប​ថា ក្រុមហ៊ុន​ពីរ​ទៀត កំពុង​ធ្វើ​ការ​បំពេញ​លក្ខខណ្ឌ ដើម្បី​នាំចូល​រថយន្ត​ទៅ​កាន់​វៀតណាម​ផង​ដែរ។ ក្រុមហ៊ុន​ទាំង​នោះ​គឺ Toyota Motor Vietnam និង Ford Viet Nam ៕

ប្រភព៖ The Jakarta Post ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;