កូនប្រុស​លោក​តា សង់ ស៊ីស ប្រកាស​លក់​ផ្ទះ ដើម្បី​ជួយ​ឪពុក និង​ប្អូនប្រុស

  • 2018-03-07 07:21:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អ្នក​កំប្លែង នាយ សង់ សេត បាន​ប្រកាស​លក់​ផ្ទះ​ជា​បន្ទាន់ ដើម្បី​យក​ទៅ​ព្យាបាល​ជំងឺ​ឪពុក គឺ​លោកតា សង់ ស៊ីស និង​ប្អូន​ប្រុស​ឈ្មោះ ស៊ុន ស៊ឺត។

នាយ សង់ សេត និង​លោកតា សង់ ស៊ីស
នាយ សង់ សេត ប្រាប់​ថា ប្អូន​ប្រុស​ទី៧ របស់​លោក​ដែល​មាន​ជំងឺ​មេរោគ​ក្នុង​ខ្លួន​ជាង​១០​ឆ្នាំ​មក​ហើយ​នោះ បាន​ចំណាយ​លើ​ការ​ព្យាបាល​អស់​ប្រាក់​ច្រើន​ណាស់ ទាំង​ការ​ព្យាបាល​នៅ​​ក្រៅ​និង​ក្នុង​ប្រទេស។ ថ្មីៗ​នេះ​ប្អូនលោក ត្រូវ​បាន​យក​ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ ហើយ​គ្រូពេទ្យ​នៅ​ទីនោះ​បាន​ប្រាប់​ថា ជំងឺ​នេះ​អាច​ព្យាបាល​ជា ប៉ុន្តែ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន រហូត​ដល់​ទៅ​១៥ម៉ឺន​ដុល្លារ ដោយ​គ្រូពេទ្យ​សន្យា​ថា និង​ព្យាបាល​ឲ្យ​ជា​សះស្បើយ​តែ​ម្ដង។

លោក​ថា បច្ចុប្បន្ន​ប្អូន​ប្រុស​របស់​លោក​កំពុងតែ​សម្រាក​នៅ​មន្ទីរពេទ្យ​ក្នុង​ប្រទេស​ថៃ​ស្រាប់ ហើយ​ជា​ធម្មតា ក្នុង​ពេល ១០ថ្ងៃ​ជាង ​គឺត្រូវ​ទៅ​បញ្ចូល​ឈាម​ម្ដង។ ​កន្លង​មក​​ប្អូនប្រុស​របស់លោក​ក៏ធ្លាប់​ព្យាបាល​នៅ​ប្រទេស​វៀតណាម និង​មន្ទីរពេទ្យ​កាល់​ម៉ែត្រ​ផងដែរ។

នាយ សង់ សេត

ទន្ទឹម​នឹង​នេះ​ ក្រុម​គ្រួសារ​លោក​ក៏មាន​​បំណង​យក​លោកតា សង់ ស៊ីស ទៅ​ព្យាបាល​នៅ​ប្រទេស​ថៃ​ផង​ដែរ ដោយ​លោកតា​បាន​កើត​ជំងឺ​លើស​ឈាម ជាង​៣ឆ្នាំ​មក​ហើយ។

តាំង​ពី​​ធ្លាក់​ខ្លួន​ឈឺ​មក លោក​តា សង់ ស៊ីស មិន​អាច​សម្ដែង​សិល្បៈ​សោះ​តែ​ម្ដង ដោយ​កូន​ចៅ​ទាំង​អស់ គឺ​ជា​អ្នក​រក​ប្រាក់​ជួយ​ផ្គត់​ផ្គង់​គ្រួសារ ទាំង​ការ​ចាយ​វាយ​ប្រចាំ​ថ្ងៃ​ក៏​ដូច​ជា​បង់​ថ្លៃ​ព្យាបាល។ នេះ​បើតាម​ការ​លើកឡើង​របស់​នាយ សង់ សេត។

សូម​ជម្រាប​ថា នាយ សង់ សេត មាន​ប្អូន​បង្កើត​ទាំង​អស់​៨នាក់ ប្រុស​៣ ស្រី​៥។ ផ្ទះ​​ដែល​ដាក់​លក់​ខាង​លើ​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ សុពណ៌ សង្កាត់ គោករកា ខណ្ឌ ព្រែកព្នៅ រាជធានី ភ្នំពេញ ដោយ​លោក​បាន​ដាក់​លក់​ក្នុង​តម្លៃ ២០ម៉ឺន​ដុល្លារ អាច​ចរចា​បាន។

បង​ប្រុស កញ្ញា ស៊ុន ស្រីពេជ្រ រូប​នេះ បាន​ថ្លែង​ជា​ចុងក្រោយ​ថា ប្រសិន​បើ​ផ្ទះ​នោះ​លក់​ដាច់​ភ្លាមៗ​​ ក្រុម​គ្រួសារ​មិន​បង្អង់​យូរ​ឡើយ ពោល​គឺ​នឹង​នាំ​លោកតា សង់ ស៊ីស ទៅ​ព្យាបាល​នៅ​​ប្រទេស​ថៃ​តែ​ម្ដង៕

អត្ថបទ៖ ស៊ុនហួត

អត្ថបទថ្មី
;