​អង់គ្លេស និង​អ៊ីតាលី ២​ក្រុម​ទៀត​បាន​ឡើង​ទៅ​វគ្គ​៨ក្រុម UCL

  • 2018-03-08 01:11:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលពី​យប់មិញ មាន​ការ​ប្រកួត ២គូ នៅ​វគ្គ ១៦ក្រុម​ចុងក្រោយ ជើងទី​២ ពាន​រង្វាន់ UEFA Champions League ។ ក្រោយ​បញ្ចប់​ការ​ប្រកួត ​ក្រុម Manchester City និង Juventus គឺ​ជា​ក្រុម​ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ ៨​ក្រុម​ចុង​ក្រោយ​បន្ត​ទៀត។

​Juventus បាន​យក​ឈ្នះ​ក្រុម​ម្ចាស់ផ្ទះ Tottenham Hotspur ដោយ​លទ្ធផល ១-២ នៅ​ជើង​ទី​ពីរ បន្ទាប់ពី​ស្មើ​គ្នា ២-២ កាល​ពី​ជើង​ទី​មួយ។ ក្នុង​ការ​ប្រកួត​នេះ ម្ចាស់ផ្ទះ​បាន​ធ្វើការ​នាំ​មុខ​ដោយ​កីឡាករ Son Heung-Min នៅ​នា​ទី៣៩ ប៉ុន្តែ​ក្រុម​ភ្ញៀវ​បាន​វាយ​បក​យក​ពីរ​គ្រាប់ ក្នុង​រយៈ​ពេល​ត្រឹមតែ ៣នាទី​ប៉ុណ្ណោះ ដោយ Higuain នៅ​នាទី៦៤ និង Dybala នៅ​នាទី​៦៧។

ដោយ​ឡែក ក្រុម Manchester City បាន​ទទួល​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Basel ដោយ​លទ្ធផល ១-២ ក្នុង​ផ្ទះ​របស់​ខ្លួន។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​មេឃខៀវ នៅ​តែ​អាច​កក់​កៅអី​វគ្គ​៨ក្រុម​បាន​ដដែល ដោយសារ​លទ្ធផល​ជើង​មួយ Man City បាន​យក​ឈ្នះ​នៅ​ដី​របស់ Basel ដោយ​លទ្ធផល ០-៤ ។

សូម​បញ្ជាក់​ថា ក្រុម​ពីរ​ដែល​បាន​ឡើង​ទៅ​វគ្គ ៨​ក្រុម​មុន​គេ កាលពី​ម្សិលមិញ គឺ Real Madrid និង Liverpool ​៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;