សម្ដេច ហ៊ុន សែន ស្វាគមន៍​កិច្ច​សន្ទនា​រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង

  • 2018-03-12 01:37:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​ចំពោះ​សភាពការណ៍​វិវត្តន៍​ថ្មីៗនូវ​ឧបទ្វីប​កូរ៉េ​ពិសេស​ចំពោះ​កិច្ច​សន្ទនា​កាន់តែ​ល្អប្រសើរ​រវាង​ប្រទេស​កូរ៉េខាងជើង និង​កូរ៉េ​ខាងត្បូង​នោះ។ ការ​ថ្លែង​របស់​សម្ដេច​នាយករដ្ឋមន្ត្រី បាន​ធ្វើ​ឡើង​ក្នុង​ពិធី​បើក​ជាផ្លូវការ​បុណ្យ​ទន្លេ​លើកទី៤ ឆ្នាំ២០១៨ នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល កាលពី​ចុង​សប្ដាហ៍​មុន។

សម្ដេច​តេជោ​ថ្លែង​ថា "ក្នុង​ឋានៈ​ជា​រដ្ឋ​អធិបតេយ្យ ជា​សមាជិក​នៃ​អង្គការ​សហប្រជាជាតិ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​ពិតជា​មាន​ការ​រីករាយ ដែល​បាន​ទទួល​នូវ​ដំណឹង​ដ៏​ល្អ ទាក់ទង​ជាមួយ​នឹង​កិច្ច​សន្ទនា​កាន់តែ​ល្អ​ប្រសើរ រវាង​កូរ៉េខាងជើង និង​កូរ៉េខាងត្បូង។ នេះ​ក៏​ជា​បញ្ហាដ៏​សំខាន់​មួយ ដែល​ធ្វើ​ឲ្យ​ការ​ព្រួយបារម្ភ​នៅ​ក្នុង​តំបន់ និង​អន្តរជាតិ កាន់តែ​មាន​ភាព​ធូរស្រាល ដែល​កាត់​បន្ថយ​ពី​ភាព​តានតឹង​មក​កាន់​ភាព​ធូរស្រាល"។

សម្ដេចតេជោ​បន្ថែម​ថា ប៉ុន្តែ​អ្វី​ដែល​សំខាន់​ជាង​នេះ ប្រសិន​បើ​រឿង​នេះ វា​បាន​កើត​មែន​ពិត​ប្រាកដ គឺ​កិច្ច​សន្ទនា​រវាង​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដូណាល់ត្រាំ ជាមួយ​នឹង​មេដឹកនាំ​កូរ៉េខាងជើង គឹម ជុងអ៊ុន គឺ​ជា​សារ​នយោបាយ ដែល​កំពុង​ទាក់ទាញ​នៅ​លើពិភពលោក មិន​គ្រាន់តែ​ប្រទេស​មហា​អំណាច និង​ប្រទេស​ដែល​នៅ​ជិត​ខាង​កូរ៉េ​ប៉ុណ្ណោះ​ទេ ក៏​ប៉ុន្តែ​ទាក់ទាញ​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ឲ្យ​យក​ចិត្ត​ទុក​ដាក់​ទៅ​ដល់​សារៈសំខាន់ នៃ​បញ្ហា​ទំនាក់ទំនង​សន្ទនា​រវាង​សហរដ្ឋអាមេរិក និង​កូរ៉េខាងជើងផងដែរ៕

ប្រភព៖ AKP ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;