សម្ដេច​ ហ៊ុន​ សែន នឹង​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្ត្រាលី​

  • 2018-03-12 04:34:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្ដេច ​ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញ​ចូល​រួម​កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន-អូស្រ្តាលី​ ពីថ្ងៃទី១៦ ដល់១៨ ខែមីនា តប​តាម​ការ​អញ្ជើញ​របស់​ លោក Malcolm Turnbull នាយករដ្ឋមន្ត្រី​អូស្ត្រាលី។ នេះ​បើ​តាម​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ចុះ​ផ្សាយ​នាថ្ងៃ ១២ មីនា​នេះ។

គណៈ​ប្រតិភូ​ជាន់​ខ្ពស់​ដែល​នឹង​អញ្ជើញ​អម​ដំណើរ​សម្ដេច ហ៊ុន សែន រួមមាន លោក​ ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ការ​បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក​ ឱម​ យ៉ិនទៀង ទេសរដ្ឋមន្ត្រី អនុ​ប្រធាន​លេខាធិការដ្ឋាន​នៃ​គណៈកម្មាធិការ​ជាតិ​ប្រឆាំង​ភេរវកម្ម និង​ជា​ប្រធាន​អង្គភាព​​ប្រឆាំង​អំពើ​ពុក​រលួយ លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ ព្រម​ទាំង​សមាជិក​ដទៃ​ទៀត​នៃ​រាជ​រដ្ឋាភិបាល​កម្ពុជា។

ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចប្រជុំ​កំពូល​ពិសេស​នេះ សម្ដេច ហ៊ុន សែន រួម​ជាមួយ​ថ្នាក់​ដឹក​នាំ​អាស៊ាន និង​នាយករដ្ឋមន្ត្រី​អូស្ត្រាលី នឹង​អញ្ជើញ​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ លើ​អនុស្សរណៈនៃ​ការ​យោគ​យល់​គ្នា​រវាង​អាស៊ាន និង​អូស្ត្រាលី ស្ដី​ពី​កិច្ច​សហប្រតិបត្តិ​ការ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​អន្តរ​ជាតិ។ លើស​ពី​នេះ សម្ដេច ហ៊ុន សែន នឹង​ជួប​ប្រជុំ​ទ្វេភាគី​ជាមួយ​ លោក ម៉ាល់កុម ធឺនប៊ុល នាយករដ្ឋមន្ត្រី​អូស្ត្រាលី​ផង​ដែរ។

សូម​ជម្រាប​ថា កិច្ចប្រជុំ​កំពូល​ពិសេស​អាស៊ាន​អូស្ត្រាលី​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទៅ ១៦ ដល់​ថ្ងៃ​ទី ១៨ ខែ ​​មីនា ឆ្នាំ ២០១៨ ខាង​មុខ​ នា​ទីក្រុង​ស៊ីដនី ប្រទេសអូស្ត្រាលី៕

អត្ថបទ៖ អឹុម ម៉េងស៊ាង

អត្ថបទថ្មី
;