UN ស្ដី​បន្ទោស Facebook ពី​រឿង​ពាក់ព័ន្ធ​នឹង​ជនជាតិ​រ៉ូហ៊ីងយ៉ា

  • 2018-03-13 02:17:51
  • ចំនួនមតិ

ចន្លោះមិនឃើញ

Facebook បាន​ទទួល​រង​នូវ​ការ​រិះគន់​ពី​អង្គការ​សហ​ប្រជាជាតិ (UN) ដែល​ចោទ​ថា បណ្ដាញ​សង្គម​យក្ស​មួយ​នេះ​បាន​ញុះញង់​ឲ្យ​មាន​ភាព​រើសអើង ឬ​ស្អប់​ខ្ពើម​ចំពោះ​ជនជាតិ​ភាគ​តិច​រ៉ូហ៊ីងយ៉ា ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ជន​ភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា

លោក Marzuki Darusman ប្រធាន​ផ្នែក​បេសកកម្ម​ស្វែង​រក​ការពិត​អន្តរជាតិ​របស់ UN បាន​អះអាង​ថា តិច​ឬ​ក៏​ច្រើន Facebook ជា​អ្នក​ចូលរួម​ចំណែក​ធ្វើ​ឲ្យ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទទួល​រង​នូវ​ភាព​រើសអើង និង​ប្រកាន់​ពូជ​សាសន៍​ពី​សាធារណជន ខណៈ​ដែល​ប្រទេស​មីយ៉ាន់ម៉ា​កំពុង​ស្ថិត​នៅ​ក្នុង​ស្ថានភាព​​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ​ខ្លាំង។

ចំណែក​អ្នក​ស្រី Yanghee Lee អ្នក​ស៊ើប​អង្កេត UN ប្រចាំ​មីយ៉ាន់ម៉ា រៀបរាប់​ថា Facebook ពិត​ជា​ដើរ​តួ​នាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ជីវិត​សាធារណៈ ស៊ីវិល និង​ឯកជន នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ហើយ​រដ្ឋាភិបាល​បាន​ប្រើប្រាស់​បណ្ដាញ​សង្គម​នេះ​ក្នុង​ការ​ចែកចាយ​ព័ត៌មាន​ទៅ​ឲ្យ​ប្រជាជន។ អ្នក​ស្រី បន្ត​ថា សរុប​មក គ្រប់​បែប​យ៉ាង​គឺ​ត្រូវ​ឆ្លង​កាត់ Facebook ដោយ​ពេល​ខ្លះ វា​ដើរ​តួ​នាទី​ជា​អ្នក​ជួយ​សង្គម តែ​ពេល​ខ្លះ​ទៀត វា​បាន​បង្ក​ជា​ផល​អវិជ្ជមាន​ទៅ​វិញ ដូច​ជា​ការ​បញ្ឆេះ​ឲ្យ​មាន​ភាព​ស្អប់​ខ្ពើម​​ទៅ​លើ​ជនជាតិ​រ៉ូហ៊ីងយ៉ា ជា​ដើម។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ Facebook មិន​ទាន់​មាន​ការ​ឆ្លើយ​តប​ភ្លាមៗ​នោះ​ឡើយ ចំពោះ​ពាក្យ​រិះគន់​របស់ UN កាល​ពី​ថ្ងៃ​ទី​១២​មីនា។ យ៉ាង​ណា​មិញ កាល​ពី​មុន Facebook ធ្លាប់​និយាយ​ថា ខ្លួន​កំពុង​តែ​ព្យាយាម​លុប​បំបាត់​ចោល​ពាក្យ​ញុះញង់ និង​រាំង​ខ្ទប់​អ្នក​ប្រើប្រាស់​មិន​ឲ្យ​ចែកចាយ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ហើយ។

សូម​បញ្ជាក់​ថា ជន​ជាតិ​រ៉ូហ៊ីងយ៉ា​ច្រើន​ជាង ៦៥​ម៉ឺន​នាក់ បាន​រត់​ភៀស​ខ្លួន​ពី​រដ្ឋ Rakhine ប្រទេស​មីយ៉ាន់ម៉ា ទៅ​កាន់​ប្រទេស​បង់ក្លាដេស គិត​ចាប់​តាំង​ពី​ខែ​សីហា ឆ្នាំ​២០១៧ ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ជា​ច្រើន​ពាន់​នាក់ និង​ករណី​រំលោភ​សម្លាប់​ដោយ​កង​កម្លាំង​មីយ៉ាន់ម៉ា៕

ជន​ជាតិ​រ៉ូហ៊ីងយ៉ា

ប្រភព៖ theguardian ប្រែ​សម្រួល៖ ឈាង.