Chung Eui-yong បុរស​ម្នាក់ នៅ​ពី​ក្រោយ​ការឯកភាព​ជួប​គ្នា​រវាង ដូណាល់ ត្រាំ និង គឺម ជុងអ៊ុន

  • 2018-03-13 02:29:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដំណឹង​ស្ដី​ពី​ការ​ឯកភាព​ជួប​ពិភាក្សា​គ្នា​រវាង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន បាន​ធ្វើ​ឲ្យ​ឧបទ្វីប​កូរ៉េ និង​ពិភពលោក សម្ដែង​ការ​សាទរ និង​រីករាយ។ ប៉ុន្ដែ​មាន​បុរស​ម្នាក់ ដែល​នាំ​ឲ្យ​មាន​ការ​ឯកភាព​ជួប​ពិភាក្សា​គ្នា​ជា​ប្រវត្តិសាស្រ្ត​រវាង​មេដឹកនាំ​ទាំង​ពីរ​នេះ នោះ​គឺ​លោក Chung Eui-yong។ តើ​លោក Chung Eui-yong ជា​នរណា? តើ​គាត់​បាន​ និង​កំពុង​ធ្វើ​អ្វី​ខ្លះ ទើប​មាន​ការ​ឯកភាព​ជួប​គ្នា​រវាង ដូណាល់ ត្រាំ និង គឺម ជុងអ៊ុន?

លោក Chung Eui-yong (នៅ​កណ្ដាល)
លោក Chung Eui-yong គឺ​ជា​ទីប្រឹក្សា​សន្ដិសុខ​ជាតិ​កូរ៉េខាងត្បូង របស់​ប្រធានាធិបតី Moon Jae-in។ មុន​ឈាន​ដល់​ការ​ឯកភាព​ជួប​ពិភាក្សា​គ្នា​រវាង ដូណាល់ ត្រាំ និង គឺម ជុងអ៊ុន នៅ​ដើម​ខែ​មីនា ២០១៨ លោក Chung Eui-yong បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េខាងជើង ដោយ​បាន​យក​សារលិខិត​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង ទៅ​ប្រគល់​ជូន​លោក គីម ជុងអ៊ុន ព្រម​ទាំង​បាន​ពិភាក្សា​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​ផង​ដែរ។

បន្ទាប់​មក​ទៀត គឺ​នៅ​សប្ដាហ៍​មុន លោក Chung Eui-yong បាន​ធ្វើ​ដំណើរ​ទៅ​ក្រុង​វ៉ាស៊ីនតោន ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី ដូណាល់ ត្រាំ។ ក្រោយ​ជំនួប​ពិភាក្សា​នោះ លោក Chung Eui-yong បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នា​សេតវិមាន​ថា ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ទទួល​ជួប​ពិភាក្សា​គ្នា​ដោយ​ផ្ទាល់​ជាមួយ​មេដឹកនាំ គឺម ជុងអ៊ុន ហើយ។

ចំណែក​នៅ​ថ្ងៃ​ទី១២ ខែ​មីនា ម្សិលមិញ លោក Chung Eui-yong បាន​បន្ដ​ដំណើរ​ទៅ​ក្រុង​ប៉េកាំង​ របស់​ចិន​ទៀត ដោយ​បាន​ជួប​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​ចិន ស៊ី ជីងពីង ស្ដីពី​បញ្ហា​ឧបទ្វីប​កូរ៉េ និង​ជំនួប​រវាង ដូណាល់ ត្រាំ និង គឺម ជុងអ៊ុន។

ពី​ក្រុង​សេអ៊ូល ទៅ​ក្រុង​ព្យុងយ៉ាង ក្រុង​វ៉ាស៊ីនតោន និង​ចុង​ក្រោយ​ក្រុង​ប៉េកាំង លោក Chung Eui-yong បាន​ជួប​ពិភាក្សា​ជាមួយ​កំពូល​មេដឹកនាំ​ពិភពលោក ដើម្បី​ធ្វើ​ឲ្យ​គម្រោង​ជួប​គ្នា​រវាង ដូណាល់ ត្រាំ និង គឺម ជុងអ៊ុន ទៅ​ជា​ការពិត សម្រាប់​សន្ដិភាព និង​ស្ដិរភាព​នៅ​ឧបទ្វីប​កូរ៉េ និង​ពិភពលោក។

សូម​បញ្ជាក់​ថា ជំនួប​រវាង ដូណាល់ ត្រាំ និង គីម ជុងអ៊ុន គ្រោង​ធ្វើ​ឡើង​នៅ​ខែ​ឧសភា ២០១៨ ប៉ុន្ដែ​ពុំ​ទាន់​បញ្ជាក់​ពី​ទីតាំង​នៃ​ជំនួប​នោះ​នៅ​ឡើយ​ទេ៕

ប្រភព៖ CGTN ប្រែ​សម្រួល៖ វាសនា

អត្ថបទថ្មី
;