ជំនួប​រវាង​រដ្ឋមន្ត្រី​មហាផ្ទៃ​ជាមួយ​អ្នក​រាយការណ៍​ពិសេស UN ផ្តោតលើ​៥​ចំណុច​សំខាន់

  • 2018-03-13 02:49:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​អ្នក​ស្រី រ៉ូណា ស្មីត អ្នក​រាយ​ការណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ កាលពី​រសៀល​ថ្ងៃទី​១២ ខែ​មីនា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​ក្រសួង​មហា​ផ្ទៃ។ លោក​ឧត្តម​សេនីយ៍​ទោ ផាត សុផានិត ប្រធាន​នាយកដ្ឋាន​ទំនាក់​ទំនង​អន្តរជាតិ បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​បន្ទាប់​ពី​ជំនួប​ចប់​ថា មាន​បញ្ហា​ធំៗ​ចំនួន​៥ ដែល​អ្នក​ស្រី​បាន​លើកឡើង​ក្នុង​ជំនួប​នេះ។

ទី១. ពាក់ព័ន្ធ​នឹង​ការ​រៀបចំ​ច្បាប់៖ អ្នក​ស្រី​ចង់ដឹង​ពី​បច្ចុប្បន្ន​ភាព​នៃ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា។ សម្តេច ស ខេង បាន​ជម្រាប​ជូន​ថា រហូត​មកដល់​ពេល​នេះ ក្រសួង​មហាផ្ទៃ​ មិន​ទាន់​បាន​ធ្វើអ្វី ឲ្យមាន​វឌ្ឍនភាព​អ្វីច្រើន​ទៅលើ​បញ្ហា​ច្បាប់​នេះទេ ដោយសារ​ស្ថិត​នៅក្នុង​ដំណាក់កាល​សិក្សា​នៅ​ឡើយ។

ទី២. អ្នក​ស្រី រ៉ូណា ស្មីត បាន​លើកឡើង​អំពី​តួនាទី​របស់​ក្រសួង​មហាផ្ទៃ ក្នុងការ​អនុវត្ត​ច្បាប់​ដូចជា​ច្បាប់​គណបក្ស​នយោបាយ ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល និង​ច្បាប់​ស្តីពី​ការធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី។ សម្តេច ស ខេង បាន​បញ្ជាក់​ថា ការ​រៀបចំ​ច្បាប់​ទាំងអស់​នេះ គឺ​មិនមែន​ក្នុងន័យ​រិតត្បិត​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នោះទេ។ ចំពោះ​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ សម្តេច ស ខេង បាន​ពន្យល់​ថា ការ​រំលាយ​នេះ គឺជា​សកម្មភាព​របស់​គណបក្ស​ខ្លួនឯង​ទេ ដែលបាន​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់។ ពាក់ព័ន្ធ​នឹង​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​អង្គការ​ដែល​មិន​អនុវត្ត​ស្រប​តាម​លក្ខន្តិកៈ នៃ​ច្បាប់​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល គឺ​នឹង​ត្រូវវ​ទទួល​នូវ​ការ​ពិន័យ​ផ្សេងៗ ដូចជា​ការ​ផ្អាក​សកម្មភាព និង​ការ​បង់​ផាក​ពិន័យ​ផ្សេងៗ។ ពាក់ព័ន្ធ​នឹង​ច្បាប់​ស្តីពី​ការ​ធ្វើ​បាតុកម្ម​ដោយ​សន្តិវិធី គឺ​ធ្វើ​យ៉ាងណា​ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព មិនមាន​គោលបំណង​ក្នុងការ​បិទ​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​នោះទេ។

ទី៣. អ្នក​ស្រី រ៉ូណា ស្មីត បាន​លើកឡើង​អំពី​ភាព​ចង្អៀត​ណែន​នៅក្នុង​ពន្ធនាគារ តាម​រយៈ​ការ​អនុវវត្ត នៃ​យុទ្ធនាការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន ដោយ​អ្នកស្រី​សម្តែង​ក្តី​បារម្ភ​ពី​សុខុមាលភាព​របស់​អ្នក​ជាប់ឃុំ​នៅក្នុង​ពន្ធនាគារ។ សម្តេច ស ខេង បាន​លើកឡើង​ថា រាជ​រដ្ឋាភិបាល​ខិតខំ​ប្រឹងប្រែង​ធ្វើ​យ៉ាងណា​បង្ក្រាប​បទល្មើស​ផង និង​គិត​ដល់​ការ​ស្តារ​នីតិ​សម្បទា​អ្នក​ជាប់ឃុំ​ផងដែរ។

ទី៤. អ្នក​ស្រី រ៉ូណា ស្មីត បាន​លើក​អំពី​ការ​យល់ដឹង​ច្បាប់​របស់​អាជ្ញាធរ​នៅ​មូលដ្ឋាន ដោយមាន​ការ​យល់ឃើញ និង​ការ​អនុវត្ត​ខុសៗ​គ្នា​ទៅលើ​ច្បាប់​នៅក្នុង​ថ្នាក់​មូលដ្ឋាន។ សម្តេច ស ខេង បាន​បញ្ជាក់​ថា ការ​អនុវត្ត​ច្បាប់​នៅ​មូលដ្ឋាន​នេះ សម្តេច​បាន​ណែនាំ​ទៅដល់​អាជ្ញាធរ​ថ្នាក់​មូលដ្ឋាន​ធ្វើ​យ៉ាងណា​អនុវត្ត​ទៅ​តាម​ស្មារតី​នៃ​ច្បាប់ ឬ​ក៏​គោលការណ៍​ណែនាំ​របស់​ក្រសួង។

ទី៥. អ្នក​ស្រី រ៉ូណា ស្មីត បាន​ជម្រាប​សួរ​សម្តេច ស ខេង ថា «មានបាន​ទទួល​ព័ត៌មាន​អ្វី​បន្ថែម​នៅខេត្ត​ក្រចេះ​ទេ?»។ សម្តេច​ ស ខេង បាន​ឆ្លើយតប​ថា រហូត​មកដល់​ពេល​នេះ សម្តេច​បាន​ទទួល​របាយការណ៍​បឋម​មួយ​ចំនួន​ដែរ និង​បានចាត់​ក្រុម​អធិការ​ទៅ​ធ្វើការ​ស្រាវជ្រាវ​បន្ថែម​ហើយ៕

អត្ថបទ៖ សោភា

អត្ថបទថ្មី
;