ការ​លក់​ឡាន​នៅ​វៀតណាម​ខែ​មុន ធ្លាក់​ចុះ​ខ្លាំង​ ដោយសារ​រឿង​មិន​យក​ពន្ធ​នាំ​ចូល

  • 2018-03-13 03:40:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការ​លក់​រថយន្ត​នៅ​ប្រទេស​វៀតណាម បាន​ជួប​ប្រទះ​នឹង​ការ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់សម្គាល់ ប្រមាណ ២៩% កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៨ បើ​ធៀប​នឹង​ឆ្នាំ​កន្លង​ទៅ ដោយសារ​រឿង​វៀតណាម​មិន​យក​ពន្ធ​រថយន្ត​នាំចូល​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន។ នេះជា​ការ​បង្ហាញ​របស់​សមាគម​អ្នក​ផលិត​យានយន្ត​វៀតណាម ហៅកាត់ VAMA កាលពី​ពេល​ថ្មីៗ​នេះ។

ប្រភព​ដដែល​បន្ត​ថា ធៀប​នឹង​ខែ​មករា ឆ្នាំ​២០១៨ ការ​លក់​រថយន្ត​នៅ​ខែ​កុម្ភៈ​ ធ្លាក់​ចុះ​ជាង ៥០%​។

អ្នក​លក់​បាន​អះអាង​ថា ពលរដ្ឋ​វៀតណាម​បាន​រង់ចាំ​ឲ្យ​តម្លៃ​រថយន្ត​ធ្លាក់​ចុះ បន្ទាប់ពី​វៀតណាម​បាន​និង​កំពុង ទម្លាក់​ពន្ធ​នាំចូល​ពី ៣០% មក ០% នៅ​ក្នុង​ឆ្នាំ​នេះ​។

ក្រុមហ៊ុន Toyota លក់​ដាច់​ជាងគេ​នៅ​វៀតណាម កាលពី​ខែមុន ដោយ​លក់​បាន​ចំនួន ជាង ២៨០០​គ្រឿង។ ចំណែក ក្រុមហ៊ុន Truong Hai ដែល​នាំ​ចូល​ម៉ាក Kia, Mazda, Peugeot និង Hyundai លក់​បាន​សរុប​ចំនួន​ជិត ៥២០០គ្រឿង។ រីឯ Ford លក់​បាន​ជាង ១០០០គ្រឿង Honda លក់​បាន​ជាង ៥០០​គ្រឿង និង Mitsubishi លក់​បាន​ជាង ៤៦០​គ្រឿង​។

គួរ​រំឭក​ថា កាលពី​ដើម​ខែ​មីនា កន្លងទៅ វៀតណាម បាន​មិន​យក​ពន្ធ​លើ​រថយន្ត​របស់​ Honda នាំចូល​ពី​ប្រទេស​ថៃ ជា​លើក​ដំបូង ប្រមាណ​ជា ២ពាន់​គ្រឿង។ បើ​តាម​អ្នក​នាំ​ពាក្យ Honda បាន​ឲ្យដឹង​ថា ការណ៍​នេះ​បាន​ធ្វើឲ្យ​តម្លៃ​រថយន្ត​ចុះ​ថោក​ប្រហែល ៨៨០០​ដុល្លារ​អាមេរិក ក្នុង​១គ្រឿង​៕

ចុចអាន រថយន្ត​នាំ​ចូល​ពី​ថៃ​ទៅ​កាន់​វៀតណាម មិន​ត្រូវ​បាន​យក​ពន្ធ​ជា​លើក​ដំបូង

ប្រភព៖ tuoitrenews ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;