Roll Royce ​រដ្ឋមន្ត្រី​ម៉ាំ​ល្ហុង ល្បី​ដល់​ថ្នាក់​តារា​ចម្រៀង​ល្បីៗ​ជួល​ថត MV ច្រើន​បទ

  • 2018-03-13 09:03:31
  • ចំនួនមតិ

ចន្លោះមិនឃើញ

រថយន្ត​កែច្នៃ​ Roll Royce ​របស់​លោក បូ​រ៉ា ហៅ​រដ្ឋមន្ត្រី​ម៉ាំ​ល្ហុង បច្ចុប្បន្ន​​នៅ​កំពុងតែ​​មាន​ទីផ្សារ​ខ្លាំង​ឡើងៗ​ហើយ ពោល​គឺ​ក្រៅ​ពី​​ជា​​មធ្យោបាយ​លក់​ម៉ាំ​ល្ហុង យ៉ាង​​មាន​​ភាព​ទាក់​ទាញ​នោះ ​រថយន្ត​កែច្នៃ​មួយ​នេះ​ក៏​ត្រូវ​បាន​​អ្នក​ដឹក​សម្ដែង​ជួល​ទៅ​ថត​MV ឲ្យ​តារា​ចម្រៀង​ល្បី​ៗ​ជា​បន្ត​បន្ទាប់​ផងដែរ។

តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​រថយន្ត​ខាង​លើ យ៉ាង​តិច​មាន​​បទ​ចម្រៀង​៤បទ របស់​តារា​ចម្រៀង​ល្បី​​៤រូប​ផ្សេង​គ្នា បាន​ជួល​រថយន្ត​ ទៅ​សម្ដែង ​​MV។ រដ្ឋមន្ត្រី​ម៉ាំ​ល្ហុង​រូប​នេះ បាន​រៀបរាប់​ឲ្យ​ដឹង​ថា បទ​ចម្រៀង​ដែល​រថយន្ត​Roll Royce របស់​ខ្លួន​ធ្លាប់​បាន​សម្ដែង​មាន ​ទី១​បទ​"ខោរ​ហែក"របស់​តារា​ចម្រៀង Vid Cooler ទី២ បទ"បី​ឆ្កែ​ចូល​រាំ" របស់​ ពេជ្រ សោភា ទី៣ បទ"បុក បឹបៗ " របស់​ DJ ក្ដឹប និង​បទ"កុំ​ជោរ​ប្រយ័ត្ន​ប៉ះ​​កង់" របស់​លោក ព្រាប សុវត្ថិ។

លោក បូរ៉ា បាន​លើក​ឡើង​ថា អ្នក​ដឹក​នាំ​សម្ដែង​ដែល​ជួល​រថយន្ត​ខ្លួន​ទៅ​ថត​នោះ មិនមែន​យក​តែ​រថយន្ត​នោះ​​ទេ គឺ​ថែម​ទាំង​​ជួល​​លោក​ទៅ​សម្ដែង​ផង​ដែរ។ តម្លៃ​ជួល​ថត​Roll Royce ១បទ ស៊ី​ថ្លៃ​៥០ ដុល្លារ ចំណែក​តម្លៃ​ខ្លួន​លោក​វិញ បាន​៥០ ដុល្លារ​ដូច​គ្នា។ «ឡាន​ខ្ញុំ​គាត់​ឲ្យ​៥០ ហើយ​ថ្លៃ​ខ្លួន​ខ្ញុំ​បាន​៥០​ដែរ អីចឹង​ម្ដងៗ​បាន​១០០ ដុល្លារ​ដែរ​ហ្នឹង»។

តាម​ការ​បញ្ជាក់ រថយន្ត​នេះ​ ត្រូវបាន​លោក បូ​រ៉ា ​កែ​ច្នៃ​ពី​ម៉ាស៊ីន​ម៉ូតូ ដោយ​ប្រើ​ដើម​ទុន​ប្រហែល​១០លាន​រៀល​។ លោក​បាន​កែ​ច្នៃ​រថយន្ត​នេះ ជិត​១ឆ្នាំ​មក​ហើយ ដើម្បី​លក់​ម៉ាំ​ល្ហុង​របស់​លោក ឲ្យ​កាន់​តែ​មាន​ភាព​ទាក់​ទាញ​ពី​មហាជន។ លោក​ថា តាំង​ពី​មាន ​Roll Royce នេះ​មក ខ្លួន​​លក់​ម៉ាំ​ល្ហុង ដាច់​ជាង​មុន​ខ្លាំង​គួរសម ហើយ​មហាជន​ក៏​កាន់​តែ​ចាប់​អារម្មណ៍​មកលើ​លោក​កាន់​តែ​ខ្លាំង​ផង​ដែរ៕


អត្ថបទ៖ ស៊ុនហួត