មេធាវីជឿជាក់ថា អ្នក​វាយ​លោក​បណ្ឌិត​ស៊ុយ សារ៉េត នឹង​មិន​រួច​ខ្លួន ព្រោះ​ហេតុផល​ ៥យ៉ាង

  • 2018-03-13 13:10:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក​មេធាវី ឈី សម្បត្តិ បាន​​អះអាង​ថា ក្រុម​អ្នក​​ប្រើ​អំពើ​ហិង្សា​លើលោក​សាស្រ្ដាចារ្យ​បណ្ឌិត ស៊ុយ សារ៉េត​ នឹង​មិន​រួច​ខ្លួន​​ពី​សំណាញ់​ច្បាប់​នោះទេ។ មេធាវី​​​របស់​លោក​ស៊ុយ សារ៉េត រូបនេះ បាន​លើក​ហេតុផល​សំខាន់ៗ​ចំនួន ៥ ដូច​ខាង​ក្រោម​នេះ៖

១. វីដេអូ​ដែល​បង្ហោះ​ចែកចាយ​​លើបណ្ដាញ​សង្គម៖ នៅ​ក្នុង​វីដេអូ​ឃ្លីប​នោះ បាន​បង្ហាញ​ពី​សកម្មភាព​ដ៏​ឃោរឃៅ​ និង​អត្តសញ្ញាណ​របស់​​ក្រុម​អ្នក​ប្រើ​អំពើ​ហិង្សា​ទាំង​នោះ​យ៉ាង​ច្បាស់ ដូច្នេះ​គ្មាន​អ្វី​ជា​ឧបសគ្គ​ក្នុង​ការ​ស្រាវជ្រាវ​រក​​នោះទេ។

២. រូបថត៖ ក្រៅ​ពី​វីដេអូ​សកម្មភាព លោក​មេធាវី ឈី សម្បត្តិ ប្រាប់​ទៀត​ថា ក្នុង​ដៃ​សមត្ថកិច្ច គឺ​មាន​រូប​ថត​​ជន​បង្ក​ទាំង​អស់ ដែល​សុទ្ធ​ជា​អ្នក​ចូលរួម​ក្នុង​ការ​ប្រើ​អំពើ​ហិង្សា​នោះ។

លោក​សាស្រ្ដាចារ្យ​បណ្ឌិត ស៊ុយ សារ៉េត
៣. សមត្ថកិច្ច​កំពុង​ដុតដៃ​ដុត​ជើង​យ៉ាង​ខ្លាំង៖ លោក​មេធាវី​លើក​ឡើង​ទៀត​ថា សមត្ថកិច្ច​គ្រប់​លំដាប់​ថ្នាក់ កំពុង​​សហការ​គ្នា​យ៉ាង​សស្រាក់​សស្រាំ​ក្នុង​ការ​ស្រាវជ្រាវ​រក​មុខ​ជន​បង្ក​ និង​កន្លែង​ស្នាក់​នៅ ដើម្បី​ឈាន​ដល់​ការ​ឃាត់​ខ្លួន។

៤. ជា​បញ្ហា​សង្គម​ត្រូវតែ​ដោះស្រាយ៖ មិន​មែន​ទើប​តែ​កើត​ឡើង​លើ​បណ្ឌិត ស៊ុយ សារ៉េត ឡើយ​ប៉ុន្តែ​កាត់​ទោស​ជំនួស​តុលាការ ដោយ​ការ​ប្រើ​អំពើ​ហិង្សា​នេះ​មិន​មែន​ជា​លើក​ទី​មួយ​ឡើយ។ ដូច្នេះ​បញ្ហា​នេះ​ត្រូវ​តែ​លុប​បំបាត់​ចោល តាម​រយៈ​ការ​ចាប់​​ជន​បង្ក​ទាំង​នោះ ដើម្បី​ទុក​ជា​មេរៀន​ដល់​ពលរដ្ឋ​ផ្សេង​ទៀត។ លោក​មេធាវី ឈី សម្បត្តិ ចាត់​ទុក​ថា ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ គឺ​ជា​អំពើ​ដ៏​អយុត្តិធម៌​បំផុត ព្រោះ​កម្ពុជា ជា​ប្រទេស​មាន​ច្បាប់​ ​ត្រូវ​យក​ច្បាប់​​មក​ដោះស្រាយ។

៥. សមត្ថកិច្ច​បាន​អញ្ជើញ​សាក្សី​ជា​ច្រើន​រូប​នៅ​កន្លែង​កើត​ហេតុ យក​មក​សួរ​នាំ​រួច​រាល់​អស់​ហើយ និង​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​កំណត់​អត្តសញ្ញាណ​​ជន​បង្ក​ទាំង​នោះ ហើយ​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ឈាន​ទៅ​ដល់​ ការ​ឃាត់​ខ្លួន។

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ (រូបភាព​ពីហ្វេសប៊ុក)

គួរ​រំលឹក​ថា លោក​ស៊ុយ​ សារ៉េត ដែល​ជា​សាស្រ្ដាចារ្យ​នៅ​សាកល​វិទ្យាល័យ​មួយ ត្រូវបាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​ ចោមរោម​វាយដំ​ រង​របួស​ជា​ទម្ងន់ កាលពី​ថ្ងៃ​ទី១១ មីនា​។ ការ​ប្រើអំពើ​ហិង្សា​នោះ កើត​ឡើង​ក្រោយ​ពី​មាន​ប្រជាពលរដ្ឋមួយ​ចំនួន​ អះអាង​ថា​លោក ស៊ុយ សារ៉េត បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ រួច​បើក​រថយន្ត​រត់។ ក្រោយ​កើត​ហេតុ លោក​ត្រូវ​បាន​បញ្ជូន​ទៅ​សង្រ្គោះ​បន្ទាន់​នៅ​ប្រទេស​វៀតណាម។ មក​ទល់​ពេល​នេះ លោក​បាន​រួច​ផុត​ពីគ្រោះថ្នាក់​ហើយ ប៉ុន្តែ​ត្រូវ​សម្រាក​ព្យាបាល​របួស​រយៈពេល​យូរ​ទៀត។ ចំណែក​ឯ​ក្រុម​គ្រួសារ​របស់លោក​ស៊ុយ សារ៉េត បាន​ប្ដឹង​ទាមទារ​សំណងចំនួន ១២០០លាន​រៀល ឬ ៣០ម៉ឺន​ដុល្លារ​អាមេរិក ពីសំណាក់​អ្នក​ដែល​ប្រើ​អំពើ​ហិង្សា​​ទាំង​នោះ៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

អត្ថបទថ្មី
;