រោងចក្រ​កែច្នៃ​ដំឡូង​មី​ខ្នាតធំ​នៅ​កម្ពុជា នឹង​ត្រូវ​ចាប់ផ្តើម​សាងសង់​​នា​ខែក្រោយ

  • 2018-03-14 02:34:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ហ៊ុន Greenleader នឹង​ចាប់ផ្តើម​សាងសង់​រោងចក្រ​កែច្នៃ​ដំឡូងមី​ខ្នាត​ធំ (រោងចក្រ​ទី១) នៅ​ខេត្ត​ក្រចេះ នាខែ​មេសា​ខាងមុខ។ នេះ​បើតាម​ការ​បញ្ជាក់​របស់​លោក Michael Tse នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Greenleader ក្នុង​ជំនួប​ជាមួយ​លោក​ ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី​១៣ ខែ​មីនា ឆ្នាំ​២០១៨។

លោក ប៉ាន សូរស័ក្តិ (ឆ្វេង) ក្នុងជំនួបជាមួយលោក Michael Tse (ស្តាំ) កាលពីថ្ងៃទី១៣មីនា ២០១៨ (រូបថត៖ ក្រសួងពាណិជ្ជកម្ម)
លោក Tse បាន​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រី​ថា GreenLeader ជា​ក្រុមហ៊ុន​១​ដែលបាន​ចុះ​បញ្ជី​លក់​ភាគហ៊ុន​ជា​សាធារណៈ​នៅ​ហុងកុង ហើយ​បាន​ចូល​មក​កម្ពុជា ​ដើម្បី​បង្កើត​ជា​រោងចក្រ​កែច្នៃ​ដំឡូង​មី​ខ្នាត​ធំ សម្រាប់​កែច្នៃ​ដំឡូងមី​ទៅជា​ម្សៅ។

លោក Tse បាន​បញ្ជាក់​ថា ជាការ​ចាប់ផ្ដើម​អនុវត្ត​ដំបូង​ទៅលើ​ចក្ខុវិស័យ​វែងឆ្ងាយ ក្រុមហ៊ុន​នឹង​ចាប់ផ្ដើម​សាងសង់​រោងចក្រ​ទី១ នៅខេត្ត​ក្រចេះ​នៅ​អំឡុងខែ​ក្រោយ​ ដោយ​រោងចក្រ​នេះ​មាន​សមត្ថភាព​កែច្នៃ​ដំឡូងមី​ជា​ម្សៅ​ប្រមាណ ១០ម៉ឺន​តោន​ក្នុង១​ឆ្នាំ។

លោក​បាន​ពន្យល់​ថា ដើម្បី​អាច​ទទួល​បាន​ផល​កែច្នៃ​ក្នុង​ទ្រង់ទ្រាយ​ដូច​ខាង​លើ រោងចក្រ​ចាំបាច់​ត្រូវការ​ដំឡូងមី​ជា​វត្ថុ​ធាតុដើម​យ៉ាងតិច ៥០ម៉ឺន​តោន​ក្នុង១​ឆ្នាំ។ ហើយ​ដើម្បី​ទ្រទ្រង់​កម្រិត​ផលិតកម្ម​នេះ​បាន ក្រុមហ៊ុន​នឹង​ប្រើប្រាស់​យន្តការ​កិច្ច​ព្រមព្រៀង​កសិកម្ម (Contract Farming) ជាមួយ​នឹង​កសិករ ដោយ​ផ្ដល់​ជូននូវ​បច្ចេកទេស ពូជ និង​ធនធាន​មួយ​ចំនួន​ទៀត។

ក្រុមហ៊ុន​នេះ​ក៏មាន​គម្រោង​បង្កើត​រោងចក្រ​ចំនួន​៥ ក្នុង​រយៈពេល ២​ឆ្នាំ​ខាង​មុខ ដោយ​រោងចក្រ​ទី២ អាច​នឹង​សាងសង់​នៅ​​ខេត្ត​បាត់ដំបង ប៉ៃលិន និង​បន្ទាយមានជ័យ។

ជាការ​ឆ្លើយតប លោក ប៉ាន សូរស័ក្តិ បាន​ចាត់ទុក​ដំឡូងមី ជា​ផលិតផល​កសិកម្ម​ធំ​ទី២​របស់​កម្ពុជា បន្ទាប់​ពីស្រូវ ហើយ​ក៏ជា​ផលិតផល​មួយ​ដែលមាន​សក្ដានុពល​ខ្ពស់​សម្រាប់​កែច្នៃ និង​នាំចេញ ដោយ​ដំឡូងមី​អាច​កែច្នៃ​ទៅជា​មុខ​ទំនិញ​ជាច្រើន​ដូចជា ម្សៅមី ប្រេង​ឥន្ធនៈ​អេតាណុល គ្រាប់​ថ្នាំពេទ្យ និង​គ្រឿង​ឧបភោគ​បរិភោគ​ដទៃ​ទៀត។

ជាមួយ​គ្នា​នេះ លោក​បាន​ស្នើឲ្យ​ក្រុមហ៊ុន GreenLeader ពិចារណា​ចាប់​​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក ដើម្បី​​ផ្ទេរ​ចំណេះដឹង និង​បច្ចេកវិទ្យា ហើយ​ក្រសួង​ពាណិជ្ជកម្ម នឹង​ត្រៀមខ្លួន​ជានិច្ច​ដើម្បី​ជួយ​សម្រួល​ដល់​ដំណើរការ​ធុរកិច្ច​របស់​ក្រុមហ៊ុន៕

អត្ថបទ៖ សំភី

អត្ថបទថ្មី
;