ចំនួន​អ្នក​គ្មាន​ផ្ទះ​សម្បែង​នៅ​អូស្ត្រាលី​កើន​ឡើង​ច្រើន ទោះ​មាន​លំនឹង​សេដ្ឋកិច្ច

  • 2018-03-14 03:18:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើ​ទោះ​ជា​សេដ្ឋកិច្ច​កំពុង​មាន​លំនឹង​ល្អ​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី អត្រា​ពលរដ្ឋ​ដែល​គ្មាន​លំនៅឋាន​ស្នាក់នៅ​បាន​កើន​ឡើង​ច្រើន​ដល់ ១៤% គិត​នៅ​ចន្លោះ​ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០១៦។

យោង​តាម​ទិន្នន័យ​របស់​ការិយាល័យ​ស្ថិតិ​អូស្ត្រាលី ដែល​ចេញ​នៅ​ថ្ងៃ​ទី​១៤​មីនា​នេះ បង្ហាញ​ថា បច្ចុប្បន្ន​ប្រជា​ជន​អូស្ត្រាលី​ប្រមាណ​ជាង ១១​ម៉ឺន​នាក់ កំពុង​គ្មាន​ទី​ជម្រក​អាស្រ័យ​នៅ ហើយ​ក្នុង​នោះ​ជាង ៤​ម៉ឺន​នាក់ ជា​មនុស្ស​វ័យ​ជំទង់​អាយុ​ក្រោម ២៥​ឆ្នាំ។ បើ​និយាយ​ឲ្យ​ស្រួល​ស្ដាប់ គឺ​ក្នុង​ចំណោម​មនុស្ស​១​ម៉ឺន​នាក់ មាន​៥០​នាក់​ហើយ​គ្មាន​ផ្ទះ​សម្បែង។

លោក James Toomey នាយក​ប្រតិបត្តិ​បេសកកម្ម​អូស្ត្រាលី បាន​និយាយ​ថា តួ​លេខ​នេះ​គឺ​ជា​រឿង​គួរ​ឲ្យ​អាម៉ាស់​នៅ​លើ​ឆាក​អន្តរជាតិ ខណៈ​ដែល​រដ្ឋាភិបាល​នៅ​តែ​មាន​ចន្លោះ​ខ្វះខាត និង​ការ​តាំង​ចិត្ត​ចំពោះ​គម្រោង​សង់​លំនៅឋាន​តម្លៃ​សមរម្យ​ឲ្យ​ប្រជា​ពលរដ្ឋ។ "យើង​មិន​អាច​ឈរ​មើល​ស្ថានភាព​នេះ​ទៀត​ទេ។ ការ​មាន​ទី​កន្លែង​ស្នាក់នៅ​ដែល​មាន​សន្តិសុខ​សុវត្ថិភាព​មួយ គឺ​បាន​ន័យ​ថា​កុមារ​អាច​ចូល​រៀន​នៅ​សាលា មនុស្ស​ធំ​អាច​ធ្វើ​ការ ពលរដ្ឋ​អាច​មាន​សុខភាព​ល្អ ហើយ​សហគមន៍​អាច​រីក​ចម្រើន​ទៅ​មុខ" នេះ​ជា​ការ​ថ្លែង​របស់​លោក James Toomey៕

ប្រភព៖ theguardian ប្រែ​សម្រួល៖ ឈាង.

អត្ថបទថ្មី
;