នាយក​​រដ្ឋមន្រ្តី​អះអាង​ថា កម្ពុជា​អាច​សង់​ស្ពាន​ឆ្លង​កាត់​ទន្លេ​ទាំងអស់​ដោយ​ខ្លួនឯង

  • 2018-03-14 03:41:29
  • ចំនួនមតិ

ចន្លោះមិនឃើញ

សម្តេច ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា ចាប់ពី​ពេល​នេះ​តទៅ នៅពេល​ដែល​កម្ពុជា​ប្រមូល​ផ្តុំ​កម្លាំង​គ្រប់​ប្រភេទ​ទាំងអស់ កម្ពុជា​នឹងមាន​សមត្ថភាព​អាច​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេ​ទាំងអស់​ក្នុង​ប្រទេស​បាន​ដោយ​ខ្លួនឯង។ ការថ្លែង​អះអាង​នេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​កោះប៉ែន​នៅព្រឹក​ថ្ងៃទី​១៤ ខែ​មីនា ឆ្នាំ​២០១៨។

ស្ពានកោះប៉ែន

ស្ពាន​កោះប៉ែន ត្រូវ​បាន​សាងសង់​ដោយ​ប្រើប្រាស់​មធ្យោបាយ​របស់​កង​កម្លាំង​វិស្វកម្ម​ក្រសួង​ការពារជាតិ​តែ១​ផ្នែក​ដែល​មាន​គ្រឿងចក្រ​​មកពី​បរទេស​ខ្លះ​​​ប៉ុណ្ណោះ។ សម្តេច​នាយក​រដ្ឋមន្រ្តី បាន​លើកឡើង​ថា ប្រសិន​បើ​ប្រមូល​ផ្តុំ​គ្រឿងចក្រ​ទាំង​នៅ​ក្រសួង​សាធារណការ និង​ផ្នែក​ដទៃ​ទៀត​នោះ ទោះជា​ទន្លេ​ជ្រៅ និង​មាន​ចម្ងាយ​ប៉ុណ្ណា​ក៏ដោយ ក៏​កម្ពុជា​អាច​ធ្វើ​បាន​ដែរ។

សម្តេច ហ៊ុន សែន ថ្លែងនាពេលកន្លងមក

ស្ពាន​​បេតុង​នេះ ត្រូវបាន​សាងសង់​ដោយ​ចំណាយ​ថវិកា​ប្រមាណ ១៣លាន​ដុល្លារ​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ផ្ទាល់។ សម្តេច ហ៊ុន សែន អះអាង​ថា ស្ពាននេះ​អាច​នឹង​ចំណាយ​ដល់​ជាង ២០លាន​ដុល្លារ ប្រសិន​បើ​ឲ្យ​បរទេស​ជា​អ្នក​សាងសង់។

ទោះជា​យ៉ាងណា សម្តេច​ថ្លែង​បញ្ជាក់​ថា កម្ពុជា​មិន​ទាត់​ចោល​នូវ​ជំនួយ ឬ​ហិរញ្ញប្បទាន​ពី​ដៃគូ​បរទេស​ក្នុងការ​សាងសង់​ស្ពាន​នោះទេ។ សម្តេច​បន្ត​ថា គ្រប់ស្ពាន​ដែល​មាន​តម្រូវការ​ចាំបាច់ ហើយ​មិនមាន​ហិរញ្ញប្បទាន​ពី​បរទេស គឺនឹង​មាន​ការ​សិក្សា​ប្រមូល​យក​ថវិកា​ជាតិ​សម្រាប់​សាងសង់៕

អត្ថបទ​ទាក់ទងស្ពាន​កោះប៉ែន ត្រូវបាន​​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ព្រឹក​នេះ


អត្ថបទ៖ សំភី