អ្នក​ជំនាញ​នៅតែ​បង្ហាញ​សញ្ញា​វិជ្ជមាន​ចំពោះ​ទីផ្សារ​ខុនដូ ទោះមាន​របាយការណ៍​ថា​ធ្លាក់​ចុះ

  • 2018-03-14 06:08:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 7

ចន្លោះមិនឃើញ

កាលពី​ពេល​ថ្មីៗ​កន្លង​ទៅ​នេះ​ក្រុមហ៊ុន CBRE Cambodia បាន​ចេញផ្សាយ​របាយការណ៍​របស់​ខ្លួន​ទាក់ទង​នឹង​ស្ថានភាព​ក្នុងការ​ផ្គត់ផ្គង់​ទីផ្សារ​ខុនដូ​រាជធានី​ភ្នំពេញ ដោយ​បាន​ព្យាករ​ថា​ក្នុងឆ្នាំ​២០១៨​នេះ តម្លៃ​ខុនដូ​ប្រឈម​នឹង​ការ​ធ្លាក់​ចុះ។ ប៉ុន្តែ​អ្នក​ជំនាញ​ផ្នែក​អចលនទ្រព្យ នៅតែ​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទីផ្សារ​ខុនដូ ដោយ​ផ្អែក​លើ​កត្តា​មួយ​ចំនួន។

តាម​របាយការណ៍​ខាងលើ​បង្ហាញ​ថា តម្លៃ​ខុនដូ​ខ្នាត​ទាប អាច​នឹង​ធ្លាក់​ចុះ ១១% ខណៈ​ដែល​ខ្នាត​មធ្យម​អាច​ធ្លាក់ចុះ ៤% ហើយ​អត្រា​នៃការ​ជួល​ខុនដូ​ក៏​មាន​ការ​ធ្លាក់​ចុះ​ដែរ។ ដោយឡែក​ខុនដូ​ខ្នាត​ខ្ពស់​រក្សា​បាន​កំណើន ៣%។ ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ទីផ្សារ​មួយ​នេះ​គឺ​ជាប់​ទាក់ទង​នឹង​កំណើន​នៃការ​ផ្គត់ផ្គង់។

លោក​ ឃាង ពុទ្ធី អនុ​ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា ទទួល​បន្ទុក​ផ្នែក​ខុនដូ និង​ផ្នែក​លក់​គម្រោង​អភិវឌ្ឍន៍ ​បាន​ថ្លែង​ឲ្យដឹង​ថា  នៅ​ពេលណា​ដែល​មាន​ការ​ផ្គត់ផ្គង់​ច្រើន តម្លៃ​នៃការ​លក់​ខុនដូ​ មានការ​ធា្លក់ចុះ​បន្តិច​ដែល​ជា​រឿង​ធម្មតា​ប៉ុណ្ណោះ ក្នុងការ​ប្រកួត​ប្រជែង​លើ​ទីផ្សារ មិន​មាន​អ្វី​គួរឲ្យ​ព្រួយ​បារម្ភ​នោះទេ។ ​ លោក​បាន​គូស​បញ្ជាក់​ថា ខុនដូ​ជា​ប្រភេទ​លំនៅឋាន​សហ​កម្មសិទ្ធិ​ដែល​អាច​ជួល​បាន ពោលគឹ​បើសិន​ជាមាន​បញ្ហា​ទាក់ទង​នឹង​ការ​លក់ អ្នក​អភិវឌ្ឍន៍ (developer) អាច​បំលែង​ទៅ​ជា​សណ្ឋាគារ រឺ​អគារ​អាផាតមិន សម្រាប់​ការ​ដាក់​ជួល​ជា​ប្រចាំ​ខែ រឺ​ប្រចាំថ្ងៃ​បាន។

ចំណែក​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Cambodia Angkor Real Esatate លោក ​ពីង សេរី បាន​លើកឡើង​ដែរ​ថា ទីផ្សារ​ខុនដូ​នៅ​រាជធានី​ភ្នំពេញ ជាពិសេស​ខុនដូ​តម្លៃ ៥ម៉ឺន​ដុល្លារ​ក្នុង​១​យូនីត នៅតែ​អាច​ចរាចរ​លក់​ដូរ​នៅលើ​ទីផ្សារ​បាន។ ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ គឺ​អ្នក​អភិវឌ្ឍន៍​គួរតែ​ស្វែងយល់​អ្នក​ពី​អ្នក​ទិញ ដូចជា​ផ្តល់​ជូន​ផល​ចំណេញ​ពីការ​វិនិយោគ​ត្រឡប់ (return investment) ជា​ដើម។

លោក​បាន​បន្ត​ថា ខុនដូ​ដែលមាន​កន្លែង​ការិយាល័យ នៅតែ​មាន​ស្ថានភាព​ល្អ​ប្រសើរ​ ឲ្យតែ​តម្លៃ​អាច​ទទួល​យក​បាន ហើយ​មាន​ទីតាំង​ងាយស្រួល​ក្នុងការ​ចេញចូល។ ​ បើតាម​ការ​ថ្លែង​បញ្ជាក់​របស់​លោក ងួន ឆាយលាង​ អគ្គ​នាយក​ក្រុមហ៊ុន​អចលនទ្រព្យ Pointer ឲ្យ​ដឹង​ថា តម្រូវការ​នៅតែ​មាន​ក្នុងការ​ទិញ​លក់​អចលនទ្រព្យ តួយ៉ាង​មាន​លំនៅឋាន​ខុនដូ រឺផ្ទះ​ជាប់​ដី​ជាដើម។

លោក​បាន​មាន​ប្រសាសន៍​ថា គម្រោង​លំនៅឋាន​ខុនដូ​គួរតែ​មាន​ការ​សិក្សា​ឲ្យបាន​ច្បាស់លាស់​ពី​ទីផ្សារ ពោលគឺ​ធ្វើ​យ៉ាងណា តម្លៃ​ដាក់លក់​ឲ្យ​សាកសម​នឹង​ទីផ្សារ​គួបផ្សំ​នឹង​អំណោយផល​ទីតាំង នោះ​តម្រូវការ​នៅតែ​មាន​ចរន្ត។

សូម​ជម្រាប​ផងដែរ​ថា គិតត្រឹម​ចុងឆ្នាំ​២០១៧ ការ​ផ្គត់ផ្គង់​ខុនដូ​នៅ​រាជធានី​ភ្នំពេញ​បាន​កើន​ដល់​ប្រមាណ ៨៦០០​ យូនីត កើន​ឡើង ១០៨% បើធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​២០១៦។ នេះ​បើតាម​របាយការណ៍​របស់​ក្រុមហ៊ុន CBRE Cambodia៕

ចុចអាន៖


អត្ថបទ៖ ឈុត សិរីឧត្តម