អតីត​ទីភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​ម្នាក់​ថា រុស្ស៊ី​ចង់​ធ្វើឃាត​គាត់​នៅ​នូវែលហ្សេឡង់

  • 2018-03-15 03:07:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Boris Karpichkov បាន​ប្រាប់​ទៅ​កាន់​កម្មវិធី​ទូរទស្សន៍​របស់​ចក្រភព​អង់គ្លេស​មួយ ឈ្មោះ Good Morning Britain កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថា រុស្ស៊ី​ធ្លាប់​បញ្ជូន​ភ្នាក់ងារ​សម្ងាត់​របស់​ខ្លួន មក​សម្លាប់​គាត់​ដោយ​ថ្នាំពុល ពេល​គាត់​កំពុង​ដើរ​នៅ​តាម​ផ្លូវ Queen Street នៅ​ក្រុង Auckland ប្រទេស​នូវែលហ្សេឡង់ កាលពី​ឆ្នាំ​២០០៦។ ក៏ប៉ុន្តែ គម្រោង​នេះ មិន​ទទួល​បាន​ជោគជ័យ​ឡើយ។

លោក Boris Karpichkov
លោក Karpichkov ដែល​ចាកចេញ​ពី​តួនាទី​ភ្នាក់ងារ​ចារកម្ម​រុស្ស៊ី​កាលពី​ទសវត្សរ៍​ឆ្នាំ​១៩៩០ បាន​និយាយ​ថា គាត់​ធ្លាប់​កត់សម្គាល់​ឃើញ​មនុស្ស​មួយ​ចំនួន បាន​ព្យាយាម​ដើរ​តាម​គាត់ បន្ទាប់​មក​មាន​អ្នក​សុំទាន​ម្នាក់​បាន​ដើរ​មក​ជិត ហើយ​បាន​បាច​របស់​ម្យ៉ាង​ដូច​ជា​ធូលី​មក​លើ​ផ្ទៃ​មុខ​របស់​គាត់ រួច​អ្នក​សុំទាន​នោះ​ក៏​បាន​ដើរ​ចេញ​ទៅ​បាត់។

លោក Karpichkov បន្ត​ថា ភ្លាមៗ​នោះ​គាត់​មាន​អារម្មណ៍​ថា វិលមុខ ហើយ​ក្រោយមក​បាន​ធ្លាក់​ខ្លួន​ឈឺ ២​ខែ ធ្វើ​ឲ្យ​គាត់​ស្រក​ទម្ងន់​អស់ ៣០​គីឡូក្រាម។ ជាមួយ​គ្នា​នេះ​ដែរ លោក​បាន​បង្ហើប​ប្រាប់​កម្មវិធី​ដដែល​ថា មនុស្ស ៨​នាក់ បាន​ស្ថិត​ក្នុង​បញ្ជី​ខ្មៅ​របស់​ភ្នាក់ងារ​សម្ងាត់​រុស្ស៊ី។

ពាក់ព័ន្ធ​នឹង​ការ​អះអាង​ខាងលើ​ ប៉ូលិស​នូវែលហ្សេឡង់ នៅ​ថ្ងៃ​ទី១៥ ខែ​មីនា​នេះ បាន​បញ្ជាក់​ថា ពួកគេ​កំពុង​ស៊ើប​អង្កេត​លើ​ករណី​នេះ។

ក្រុង Auckland

គួរ​បញ្ជាក់​ថា លោក Karpichkov បាន​គេចខ្លួន​ទៅ​រស់នៅ​ចក្រភព​អង់គ្លេស កាលពី​ទសវត្សរ៍ ១៩៩០ ហើយ​លោក​បាន​ទៅ​ដល់​នូវែលហ្សេឡង់ ចន្លោះ​ពី​ខែ​មិថុនា ឆ្នាំ​២០០៦ ដល់ ខែ​តុលា ឆ្នាំ​២០០៧។

ដោយឡែក​ថ្មីៗនេះ រដ្ឋាភិបាល​អង់គ្លេស ទើបតែ​ធ្វើ​ការ​បណ្ដេញ​មន្ត្រី​ទូត​រុស្ស៊ី​ចំនួន ២៣​រូប​ចេញ​ពី​អង់គ្លេស ក្រោយ​កើត​មាន​ករណី​ធ្វើឃាត​ដោយ​ថ្នាំពុល ទៅ​លើ​អតីត​ទីភ្នាក់ងារ​ចារកម្ម​អង់គ្លេស និង​រុស្ស៊ី លោក Sergei Skripal និង កូនស្រី​ម្នាក់​របស់​គាត់​៕

ប្រភព៖ Channelnewsasia ប្រែ​សម្រួល៖ លាភ.

អត្ថបទថ្មី
;