តារា​ហូលីវូដ​៥​រូប មាន​ឈាម​ជ័រ​ជា​ខ្មែរ

  • 2018-03-16 07:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


១. សិល្បករ​សម្តែង Elodie Yung មាន​ឪពុក​ជា​ជនជាតិ​ខ្មែរ និង​ម្តាយ​ជា​ជនជាតិ​បារាំង កើត​នៅ​ក្នុង​ប្រទេស​បារាំង ទីក្រុង​ប៉ារីស នៅ​ថ្ងៃ​ទី​២២ ខែ​កុម្ភៈ ឆ្នាំ​១៩៨១។ Elodie Yung ទទួល​បាន​បរិញ្ញាប័ត្រ​ច្បាប់ ហើយ​បាន​បន្ត​ថ្នាក់​សម្តែង​ល្ខោន (LAMDA) និង​ថ្នាក់​ដូរ្យតន្ត្រី នៅ​ទីក្រុង​ឡុងដ៏ ចក្រភព​អង់គ្លេស។

នាង​ចាប់​ផ្តើម​អាជីព​ជា​អ្នក​សម្តែង​ដំបូង​នៅ​ប្រទេស​បារាំង ដោយ​សម្តែង​ជា តួ "Laura Maurier" ក្នុង​ខ្សែ​ភាពយន្ត​របស់​ទូរទស្សន៍​បារាំង ដែល​មាន​ចំណង​ជើង​ថា ​«LES BLEUS» និង​តួអង្គ "Tao'' ដែល​សម្តែង​ជា​តួ​ឃាតក​ដ៏​ខ្លាំង​ពូកែ​ម្នាក់ ក្នុង​រឿង «DISTRICT 13 UL – TIMATUM» ដែល​ជា​ភាពយន្ត​មាន​ការ​គាំទ្រ​ខ្លាំង​បំផុត​របស់​អ្នក​ដឹកនាំ​រឿង Lus Besson។​

Yung ក៏​បាន​សម្តែង​ក្នុង​រឿង “THE HITMAN’S BODYGUARD” របស់​ផលិតកម្ម​ហូលីវូដ ជា​មួយ Samuel L. Jackson និង​ជា​តួអង្គ “Miriam Wu” ក្នុង​រឿង “THE GIRL WITH THE DRAGON TATTOO” ជា​តួ “Jinx” ក្នុង​រឿង “GI JOE 2: RETALIATION” សម្ដែង​ជាមួយ Dwayne Johnson ។ ថ្មីៗនេះ នាង​ក៏​សម្តែង​ក្នុង​រឿង “GODS OF EGYPT” ដឹកនាំ​ដោយ Alex Proyas រួម​សម្ដែង​ដោយ Gerard Butler(300) និង Nikolaj Coster-Waldau (Games of Thrones)។

២. Jean-Paul Ly ​ជា​តារា​សម្ដែង​ឈុត​គ្រោះថ្នាក់​ (Stunt) ​​​ក្នុង​ភាពយន្ត​ហូលីវូដ​ជា​ច្រើន​ដែល​មាន​ឈាមជ័រ​ជា​ខ្មែរ ចិន និង​មាន​សញ្ជាតិបារាំង។ លោកកើតនៅ ក្រុង​ Lyon ​ប្រទេស​បារាំង ហើយ​បាន​បង្ហាញ​ខ្លួន​ក្នុង​ភាពយន្ត​ហូលីវូដ​ល្បីៗ​ដូចជា​រឿង​ "Lucy”,​ “Snow White and the Huntsman” និង​ "Street Fighter Assasin' Fist” ​។

ក្រោយ​មក​ទៀត​ភាព​ល្បីល្បាញ និង​ជំនាញ​សម្តែង​ក្បាច់គុន បាន​នាំ Jean Paul Ly ក្លាយ​ជា​តួអង្គ​សម្តែង​ឈុត​គ្រោះថ្នាក់ និង​វាយតប​ក្បាច់​ប្រដាល់​ដូច​ជា​រឿង «Doctor Strange» រឿង «Now you see me 2» និង​ភាពយន្ត​ហូលីវូដ​មួយ​ចំនួន​ទៀត។

ត្រឡប់​មក​ដល់​កម្ពុជា​ជា​លើក​ទី ​២ បន្ទាប់​ពី​ជោគជ័យ​លើ​ការ​សម្តែង​រឿង «Jailbreak» បច្ចុប្បន្ន​តារា​សម្តែង​រូបនេះ​កំពុង​ថត​រឿង «The Prey» ដែល​មាន​តួនាទី​ជា Choreography ឬ អ្នក​ពិនិត្យ​ក្បាច់គុន​របស់​តួ​សម្តែង។

៣. លោក ចាន់ ម៉ូរីស ( Maurice Chan) មាន​ឪពុក​ម្ដាយ​ជា​ខ្មែរ និង​បាន​ទៅ​រស់​នៅ​ប្រទេស​បារាំង​តាំង​ពី​ក្មេង​រហូត​មក​ដល់​បច្ចុប្បន្ន​។ លោក​មាន​វ័យ​៤០​ឆ្នាំ​ប្លាយ ​ហើយ​សព្វ​ថ្ងៃ​ជា​ប្រធាន​ក្រុម Cascade Demo ដែល​ជា​ក្រុម​សម្តែង​ក្បាច់គុន និង​សម្តែង​ជាតួ (Stunt)។ ​លោក Maurice ​ចាប់​ផ្ដើម​​ធ្វើ​ជា​តួ​​វាយតប់​ ​(Stunt) ​​ក្នុង​ប្រទេស​បារាំង​តាំងពី​ឆ្នាំ​ ២០០០ ​មក​ ដោយ​ធ្វើ​ការ​ជាមួយ​អ្នក​រៀបចំ​ប្លង់​វាយ​តប់​ ​និង​ឈុត​គ្រោះថ្នាក់​មួយ​ចំនួន​។

ដោយសារ​​​មើល​ឃើញ​សមត្ថភាព ​​​​និង​ជឿជាក់​​ថា គាត់​អាច​ធ្វើ​បាន​ ​​ទើប​​ ​Maurice ​​ត្រូវ​ផ្ដល់​​​ឱកាស​ឲ្យ​​ថត​រឿង​ជា​ហូរហែ​ របស់​ហូលីវូដ​។ រឿង​ដំបូងដែល​រូប​គាត់​សម្ដែង​​មាន​ចំណង​ជើង​ថា​ "Unleashed”​ ឬ​ “Danny the Dog” ​ជា​ភាសា​បារាំង​ ដែល​សម្ដែង​ជាមួយ​ លី លានជា (Jet Li) ​និង​ Morgan Freeman​ ក្នុង​ឆ្នាំ ២០០២ ​មុន​នឹង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ ​២០០៥។ ​​រឿង​ហូលីវូដ​ដែល​គាត់​ធ្លាប់​សម្ដែង​ផ្សេង​ទៀត​​រួម​មាន ​"From Paris with Love (2010)”, ​”District 13 Ultimatum (2009)” ​និង​ "Lucy (2014)”។

៤. លោក ណុប ដារ៉េន (Daren Nop) ក៏​ជា​សមាជិក​ក្រុម Stunt វ័យក្មេង Cascade Demo ហើយ​រូប​គេ​ធ្លាប់​បាន​សម្ដែង​ក្នុង​ភាពយន្ត​ហូលីវូដ​ជា​ច្រើន​ក្នុង​នោះ​ភាពយន្ត​មាន​ចំណង​ជើង​ថា" Lucy” ទទួល​បាន​ការ​ពេញ​និយម​ពេញ​ពិភព​លោក​ដោយ​រក​ចំណូល​បាន​ជាង ៤៦៣ ​លាន​ដុល្លារ​អាមេរិក។

ក្រៅ​ពី​នោះ លោក ណុប ដារ៉េន ក៏​បង្ហាញ​ខ្លួន​ក្នុង​ខ្សែ​ភាព​យន្ត​បែប​វាយ​ប្រហារ ជា​តួ Stunt និង​ជា Choreography ឬ អ្នក​ពិនិត្យ​ក្បាច់​គុន ក្នុង​ភាពយន្ត​ខ្លី​មួយ​មាន​ចំណងជើង ​ថា «Shadow of 13»។ ​លោក Maurice Chan ​ជា​អ្នក​នាំ​យុវជន​ម្នាក់​នេះ ​ចូល​ទៅ​ក្នុង​ក្រុម ដែល​ជា​ឱកាស​សម្រាប់ ដារ៉េន ​សម្ដែង​​​ Show ​ជាច្រើន​នៅ​ជុំវិញ​ពិភពលោក​ រួម​ទាំង​នៅ​ក្នុង​ភាពយន្ត​ផង។

៥. យុវជន ប៉ាល់ មុន្នី វ័យ២៧ឆ្នាំ គឺ​ជា​សិស្ស​រៀន​សម្តែង​ភាពយន្ត​ដំបូង​នៅ​ហូលីវូដ ក្នុង​សាកល​វិទ្យាល័យ​សិល្បៈ​របស់​សហរដ្ឋ​អាមេរិក Upright Citizen's Brigade (UCB) និង​ថ្នាក់​អនុវត្តន៍​សម្តែង បច្ចេកទេស​សម្តែង នៅ​ក្នុង Playhouse West។

យុវជន​នេះ​ធ្លាប់​សម្តែង​ក្នុង​ភាពយន្ត​ខ្លី នៅ​សាលា​ខាង​លើ ដែល​ជា​គម្រោង​រឿង​ខ្លី ដូច​លំហាត់​ហ្វឹកហាត់​មួយ​ដែរ និង​សម្តែង​ជា​តួអង្គ​មួយ​ចំនួន​ក្នុង​រឿង​ភាគ​ទូរទស្សន៍​នៅ​អាមេរិក។ មុន្នី ក៏​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា បច្ចុប្បន្ន​រូប​គេ​កំពុង​ត្រៀម​ខ្លួន ថត​រឿង​ខ្នាត​ធំ​មួយ​ជាមួយ​ផលិតករ​របស់​ហូលីវូដ ដែល​អាច​នឹង​ចេញ​ផ្សាយ​នៅ​លើ Netflix។ តែ មុន្នី សុំ​មិន​បញ្ចេញ​ចំណង​ជើង​សិន ព្រោះ​វា​ស្ថិត​ក្នុង​កុងត្រា​របស់​អ្នក​ផលិត​ភាពយន្ត៕

ប្រភព៖ Sabay News អត្ថបទ៖ Sunny

អត្ថបទថ្មី
;