ជំងឺ​មួយ​ កំពុង​បំផ្លាញ​ដំណាំ​ដំឡូងមី ក្នុង​ខេត្ត​៥ នៅ​កម្ពុជា

  • 2018-03-19 09:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អំពាវនាវ​ឲ្យ​ប្រជាកសិករ ដាំ​ដំឡូងមី​នៅ​ទូទាំង​ប្រទេស​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ការ​រាតត្បាត​នៃ​ជំងឺ​លើ​ដំឡូង​មី​ ដែល​មាន​ឈ្មោះ​ថា ម៉ូស្សាអ៊ីក នៅ​ខេត្ត​ចំនួន ៥ នៅ​ក្នុង​ប្រទេស​កម្ពុជា គឺខេត្ត​រតនគិរី មណ្ឌលគិរី ក្រចេះ កំពង់ធំ និងខេត្តត្បូងឃ្មុំ។ នេះ​ជា​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​នៅ​ថ្ងៃ​ទី១៩​មីនា។

​លោក ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម បាន​បញ្ជាក់​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី១៩ ខែ​មីនា ឆ្នាំ​២០១៨​នេះ​ថា ជំងឺ ម៉ូស្សាអ៊ីក ជា​ជំងឺ​ដ៏​កាច​សាហាវ ដែល​កើត​នៅ​លើ​ដំណាំ​ដំឡូងមី និង​មិនទាន់​មាន​ថ្នាំ​ណា​អាច​ទប់ស្កាត់​បាន​នៅ​ឡើយ​ទេ ហើយ​ជំងឺ​នេះ បាន​ឆ្លង​ចូល​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំ​២០១៥​កន្លង​មក។

លោក​បាន​បញ្ជាក់​ថា ករណី​នេះ​ឆ្លង​រាល​ដាល​ចូល​មក​កម្ពុជា តាម​ការ​នាំ​ចូល​ពូជ ដំឡូងមី​ពី​ប្រទេស​ជិត​ខាង ដោយសារ​កង្វះ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ភូតគាម អនាម័យ​នៅ​ច្រក​ទ្វារ​ព្រំដែន។ ប្រសិនបើ​ជំងឺ​នេះ បន្ត​ឆ្លង​លើ​ដំណាំ​ដំឡូងមី​នៅ​ទូទាំង​ប្រទេស វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលិតកម្ម​ដំឡូងមី​កម្ពុជា ចាប់​ពី ៤០​ ទៅ ៦០ភាគរយ នៃ​ផលិតកម្ម ដំឡូងមី​សរុប។

បើ​តាម​មន្រ្ដី​ជំនាញ​កសិកម្ម បាន​បង្ហាញ​ថា ចំពោះ​រោគ​សញ្ញា​នៃ​ដំណាំ​ដំឡូង​មី​កើត​ជំងឺ ម៉ូស្សាអ៊ីក នេះ គឺ​ស្លឹក​ដំឡូងមី មាន​ពណ៌ ក្រឡេក្រឡា ហើយ​ពេល​ឃើញ​ដូច​នេះ កសិករ គួរតែ​បំផ្លាញ​ដំឡូងមី​ទាំង​នេះ​ចោល ដោយ​ដុត​កម្ទេច​ចោល ឬ​ក៏​កប់​ចោល​តែ​ម្តង​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;