ទោះ​ជា​ភ្លៀង​ ក៏​ភ្ញៀវ​ទេសចរ តស៊ូ​​រង់ចាំ​មើល​ថ្ងៃ​រះ​ចំ​កណ្ដាល​កំពូល​អង្គរវត្ត​ដែរ

  • 2018-03-21 03:23:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រជាជន​កម្ពុជា​គួរ​តែ​មាន​មោទនភាព​ពេល​ឃើញ​រូប​ភ្ញៀវ​បរទេស​គ្រប់​ជាតិ​សាសន៍​ទូល​ឆត្រ​ ពាក់​អាវ​ភ្លៀង ឈរ​រង់​ចាំ​មើល​ទិដ្ឋភាព​អច្ឆរិយៈ​ថ្ងៃ​រះ​ចំ​ពី​លើ​កំពូល​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត។

នៅ​ថ្ងៃ​ទី​២​ ត្រូវ​ចំ​ថ្ងៃ​ទី​២១​ ខែ​មីនា​នេះ​ភ្ញៀវ​ទេសចរ​ដែល​ភាគ​ច្រើន​ជា​ភ្ញៀវ​អន្តរជាតិ​មក​ពី​ប្រទេស​នានា​ជុំ​វិញ​ពិភពលោក​ បាន​មក​ទស្សនា​ថ្ងៃ​រះ​ពី​លើ​កំពូល​ប្រាសាទ​អង្គរ​វត្ត។ ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ថ្ងៃ​រះ​ថ្ងៃ​ទី​២​នៃ​បាតុភូត​ដ៏​អស្ចារ្យ​រយៈ​ពេល​៣​ថ្ងៃ​នេះ ​បាន​ងើប​តាំង​ពី​ព្រលឹម​ម៉ោង​៥​ ដោយ​ខ្លះ​ដៃ​កាន់​ឆត្រ​ ខ្លះ​ពាក់​អាវ​ភ្លៀង​ដើរ​តម្រង់​មក​ផ្លូវ​ និង​ស្រះ​ទឹក​ខាង​មុខ​ប្រាសាទ​។ បើ​ទោះ​ជា​មាន​ភ្លៀង​ធ្លាក់​យ៉ាង​ណា​ក៏​ដោយ​ ក៏​ភ្ញៀវ​ទេសចរ​ទាំង​នោះ​មិន​រុញ​រា​ក្នុង​ការ​រង់ចាំ​ទស្សនា​ទិដ្ឋភាព​ដ៏កម្រ​និង​ពិសេស​នេះ​ដែរ។

បើ​តាម​មន្ត្រី​អភិរក្ស​ប្រាសាទ​ម្នាក់​បាន​ប្រាប់​ឲ្យ​ដឹង​ថា​ តាម​ការ​អង្កេត​រាល់​ឆ្នាំ​​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​បាតុភូត​នេះ​ ថ្ងៃ​ដែល​ព្រះ​អាទិត្យ​រះ​ចំ​ពី​លើ​កំពូល​ប្រាសាទ​គឺ​ ថ្ងៃ​ទី​២​ និង​ថ្ងៃ​ទី​៣​ ចំណែក​ថ្ងៃ​ទី១គឺ​ព្រះអាទិត្យ​រះ​មិន​ចំ​កំពូល​ប្រាសាទ​នោះ​ទេ។

ថ្ងៃរះមិនទាន់ចំកណ្តាលកំពូលប្រាសាទ កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨

សូម​បញ្ជាក់​ថា​ថ្ងៃ​ទី​២​នៃ​បាតុភូត​ថ្ងៃ​រះ​ចំ​ពី​លើ​កំពូល​ប្រាង្គ​ប្រាសាទ​អង្គរវត្ត​នេះ​ អាកាស​ធាតុ​នៅ​ក្នុង​បរិវេណ​ប្រាសាទ​អង្គរ​ក៏ដូចជា​ខេត្ត​សៀមរាប​ទាំងមូល​​មាន​ភ្លៀង​ធ្លាក់​ដែល​ជា​កត្តា​ធ្វើ​ឲ្យ​ភ្ញៀវ​ទេសចរ​មិន​អាច​ទស្សនា​ឃើញ​បាតុភូត​ព្រះអាទិត្យ​រះ​ចំ​ពី​លើ​កំពូល​ប្រាសាទ​បាន​ឡើយ។

យោង​តាម​ការប្រកាស​របស់​ក្រសួង​ទេសចរណ៍​ បាតុភូត​ដ៏​អស្ចារ្យ​នេះ​កើត​មាន​ឡើង​២​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​លើក​ទី​១ ក្នុង​ ខែ​មីនា​ ចន្លោះ​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២២​ខែ​មីនា ដូច​ច្នេះ​ភ្ញៀវ​ទេសចរ​ទាំង​អស់​អាច​ទៅ​ទស្សនា​នៅ​ព្រឹក​​ថ្ងៃ​ស្អែក​មួយ​ថ្ងៃ​ទៀត៕

អត្ថបទ៖ លន ហ្សាឌីណា

អត្ថបទថ្មី
;