ខេត្ត​​៤ ទទួល​សិទ្ធិ​មួយ​ដើម្បី​បញ្ជាក់​ប្រភព​ដើម​ទំនិញ​ សម្រាប់​ការ​នាំចេញ​ទៅ​ថៃ

  • 2018-03-21 06:24:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​ពាណិជ្ជកម្ម បាន​ធ្វើ​ប្រតិភូកម្ម​នៃ​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ (CO) ទម្រង់ (D) ដល់​មន្ទីរ​ពាណិជ្ជកម្ម​នៅ​ក្នុង​ខេត្ត​ចំនួន៤ ក្នុង​ពេល​តែ​មួយ​គឺ ប៉ៃលិន បាត់ដំបង បន្ទាយមានជ័យ និង​ឧត្តរមានជ័យ ដើម្បី​សម្រួល​ដល់​ការ​នាំចេញ​កសិផល​នៅ​តាម​បណ្ដោយ​ព្រំដែន​កម្ពុជា-ថៃ។

ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ​ការ​ធ្វើ​ប្រតិភូកម្ម​នៃ​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ ទម្រង់ D សម្រាប់​ខេត្ត​ទាំង ៤​នេះ ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ព្រឹក​ថ្ងៃទី២១ ខែ​មីនា ឆ្នាំ​២០១៨ នៅ​សាលា​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម។

លោក ប៉ាន សូរស័ក្តិ បាន​បញ្ជាក់​ថា ការ​ធ្វើ​ប្រតិភូកម្ម​នេះ​មិន​ត្រឹមតែ​ជា​ការ​ផ្ទេរ​ភាព​ជា​ម្ចាស់​នៃ​មុខងារ​ទេ ​ប៉ុន្តែ​ថែមទាំង​ជា​ការ​ទទួល​ខុសត្រូវ​ក្នុង​ការ​គ្រប់គ្រង និង​ការ​អនុវត្ត​មុខងារ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​តម្លាភាព ជៀសវាង​នូវ​បាតុភាព​អសកម្ម និង​ការ​កកស្ទះ​កសិផល​ជា​យថាហេតុ។

ពិធី​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ជាផ្លូវការ​នូវ​ការ​ធ្វើ​ប្រតិភូកម្ម​នៃ​ការ​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ ទម្រង់ D (រូបភាព៖ ក្រសួងពាណិជ្ជកម្ម)

តាម​ទិន្នន័យ​របស់​នាយកដ្ឋាន​នាំចេញ-នាំចូល​បាន​ឲ្យដឹង​ថា ការ​នាំចេញ​នៅ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ទៅ​កាន់​ទីផ្សារ​បរទេស បាន​កើន​ឡើង​រហូត​ដល់ ជាង ១ម៉ឺន​លាន​ដុល្លារ​អាមេរិក (១១១៥៣ លាន​ដុល្លារ) នៅ​ក្នុង​ឆ្នាំ​២០១៧ ពោល​គឺ​ស្មើ​នឹង​ជាង១៨% បើ​ប្រៀបធៀប​ឆ្នាំ​២០១៦ ដែល​ទឹកប្រាក់​ត្រឹម​តែ ជាង ៩ពាន់​លាន​ដុល្លារ (៩៤២១ លាន​ដុល្លារ) ប៉ុណ្ណោះ។

ដោយឡែក​ការ​នាំចេញ​តាម​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ ទម្រង់ D ទៅកាន់​ទីផ្សារ​តំបន់​អាស៊ាន បាន​កើន​ឡើង​ប្រមាណ​ជាង ៦៦% គឺ​ពី​ទឹក​បា្រក់ ជាង​៧០០លានដុល្លារ (៧២៨ លាន​ដុល្លារ)​ ​នៅ​ក្នុង​ឆ្នាំ​២០១៦ រហូត​ដល់​ទឹក​ប្រាក់​ជាង ១ពាន់លានដុល្លារ (១២១៤ លាន​ដុល្លារ) នៅ​ក្នុង​ឆ្នាំ​២០១៧​៕

អត្ថបទ៖ លាភ.

អត្ថបទថ្មី
;