ក្រុមហ៊ុនធំៗលើពិភពលោក រួមគ្នា​សាងសង់អគារខ្ពស់ជាងគេនៅកម្ពុជា

  • 2018-03-21 09:33:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោកសាស្រ្តាចារ្យ ទួស សាភឿន ដែល​បានចូលរួម​បង្កើតគម្រោង​ប្លង់អគារ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ថៃ ប៊ុន​រ៉ុង បាន​អះអាងថា អគារកម្ពស់ ១៣៣ជាន់នេះ មានការចូលរួមគូសប្លង់ពីក្រុមហ៊ុនល្បីៗជាច្រើនលើពិភព​លោក ដើម្បី​យក​ពិសោធន៍រួមគ្នារបស់ពួកគេ មកដាក់បញ្ចូលក្នុងអគារនេះ ឲ្យកាន់តែមានភាពល្បីល្បាញ និងភាព​ទាក់ទាញ។

លោក​សាស្រ្តាចារ្យ បានគូសបញ្ជាក់ថា ក្រុមហ៊ុនដែលបានចូលរួមគូសប្លង់អគារនេះ មានមកពីសហរដ្ឋ​អាមេរិក បារាំង និងចិន។ ក្នុងនោះ ក្រុមហ៊ុនមកពីអាមេរិក ដែលធ្លាប់បានគូសប្លង់អគារពាណិជ្ជកម្មពិភព​លោក (World Trade Center) ទទួលការងារលើការបែងចែកមុខងារ​ប្លង់ ហើយក្រុមហ៊ុនបារាំងដែលមានបទពិសោធន៍គូសគម្រោងប្លង់នៃអគារខ្ពស់ៗលើពិភពលោក ទទួល​ខុសត្រូវលើការសិក្សារចនាសម័ន្ធអគារ (Building Structure) ខណៈក្រុមហ៊ុនចិនទទួលខុសត្រូវលើ​ការងារ​រចនាផ្នែកខាងក្នុង (Interior Design)។

យ៉ាងណាមិញ បើតាមលោកសាស្រ្តាចារ្យ ទួស សាភឿន គោលគំនិតប្លង់ (Concept plan) អគារមជ្ឈ​មណ្ឌល​ពាណិជ្ជកម្មលំដាប់ពិភពលោកមួយនេះ ត្រូវបានរក្សាអត្តសញ្ញាណដើម ដែលគូសដោយរូបលោកផ្ទាល់ ដោយ​មានការកែប្រែបន្តិចបន្តួចតែប៉ុណ្ណោះ។

ថ្មីៗកន្លងទៅនេះ អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង បានបើកការដ្ឋានដំបូង សម្រាប់ការដ្ឋានគម្រោងជញ្ជាំង​បេតុងទប់ដី ដើម្បីធ្វើគ្រឹះបង្ការកុំ​ឲ្យ​មានការបាក់ច្រាំងនៅពេលដែលចាប់ផ្តើមសាងសង់សំណង់អាគារភ្លោះទាំងមូល។ ការដ្ឋានសម្រាប់បេតុងទប់ដីនេះនឹងត្រូវចំណាយពេលប្រមាណជាងមួយឆ្នាំដើម្បីបញ្ចប់ការ​សាងសង់ ចំណែក​កាលបរិច្ចេទបើកការដ្ឋានសាងសង់សំណង់អគារទាំងមូល គ្រោងនឹងចាប់ផ្តើមក្រោយការបញ្ចប់សាងសង់គ្រឹះរួចរាល់។ ចំពោះ ពេលវេលាបញ្ចប់ការសាងសង់អគារទាំងមូល លោកសាស្ត្រាចារ្យ ទួស សាភឿន នៅមិនទាន់អាចបញ្ជាក់បាននៅឡើយនោះទេ។

ពិធី​បើក​ការដ្ឋាន​​ដំបូង នៃ​អគារមជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃ ប៊ុនរ៉ុង

គម្រោង មជ្ឈមណ្ឌលពាណិជ្ជកម្ម ថៃប៊ុនរ៉ុង សាងសង់នៅលើផ្ទៃដីទំហំជិត ៥ម៉ឺន​ម៉ែត្រក្រឡា ដែលមាន​កម្ពស់ ៥៦១,៧ម៉ែត្រ (១៣៣ជាន់)។ បើ​គិតបញ្ចូល​ទាំង​កម្ពស់​អង់តែន ២៥ម៉ែត្រទៀត គឺមាន​កម្ពស់​រហូតដល់ ៥៨៦,៧ម៉ែត្រ។ ការចំណាយនៃគម្រោង​សំណង់ទាំងមូល មានចំនួនទឹកប្រាក់ជាង ៣ពាន់លាន​ដុល្លា។

គូសបញ្ជាក់ផងដែរថា មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ខ្ពស់ស្គឹមស្កៃនេះ អាចចតឧទ្ធមាគចក្របានចំនួនពីរគ្រឿងនៅផ្នែក​ខាងលើ​នៃអគារ។ មិនតែប៉ុណ្ណោះ ចំណតក្រោមដីចំនួនពីរជាន់ មានសមត្ថភាពផ្ទុករថយន្ត ៣៨០០គ្រឿង និង​ម៉ូតូចំនួន ៣០០០គ្រឿង សម្រាប់​អ្នកចូលមក​ប្រើប្រាស់​អគារនេះ៕

អត្ថបទ​ទាក់ទង៖

អត្ថបទ៖ សិរីឧត្តម

អត្ថបទថ្មី
;